Reading Article
Public date : 21, Jul 2021 (11,960 Read)
ធម៌ធ្វើបុគ្គលឲ្យជាសមណៈ

|
ធម៌ធ្វើបុគ្គលឲ្យជាសមណៈ
ព្រះសម្មាសម្ពុទ្ធជាម្ចាស់ ទ្រង់ត្រាស់ទេសនាអំពីឈ្មោះថា សមណៈ និងធម៌របស់សមណៈថា៖ សមណា សមណាតិ វោ ភិក្ខវេ ជនោ សញ្ជានាតិ ម្នាលភិក្ខុទាំងឡាយ! មហាជនតែងស្គាល់ឈ្មោះអ្នកទាំងឡាយថាជាសមណៈ, ចំណែកឯអ្នកទាំងឡាយសោត កាលបើមានគេសួរថា "លោកជាអ្វី?" អ្នកទាំងឡាយក៏មុខជាប្ដេជ្ញាខ្លួនថា "យើងទាំងឡាយជាសមណៈ" ដូច្នោះដែរ, កាលបើអ្នកទាំងឡាយមានឈ្មោះយ៉ាងនេះហើយនឹងប្ដេជ្ញាខ្លួនដូច្នេះហើយ ត្រូវដឹងខ្លួនថា, យេ ធម្មា សមណករណា ព្រាហ្មណករណា ធម៌ទាំងឡាយឯណាដែលធ្វើឲ្យជាសមណៈផង ដែលធ្វើជាព្រាហ្មណ៍ផង យើងទាំងឡាយនឹងសមាទាន នូវធម៌អម្បាលនោះ, ប្រព្រឹត្តយ៉ាងនេះ ទើបឈ្មោះថាសមនឹងសេចក្ដីប្ដេជ្ញារបស់យើងទាំងឡាយដោយពិត ដូចពាក្យគេហៅមែន។ ម្យ៉ាងទៀតយើងទាំងឡាយបានបរិភោគចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខា របស់ទាយកទាំងឡាយឯណា, អំពើបុណ្យកុសលទាំងទាយកអម្បាលនោះ មុខជាមានផលធំ មានអានិសង្សធំ ព្រោះអាស្រ័យយើងទាំងឡាយមិនខានឡើយ។ មួយវិញទៀត ផ្នួសរបស់យើងទាំងឡាយ នឹងមិនជាអារឥតផលទេ, ផ្នួសមានផលមានកម្រៃដោយពិត; ម្នាលភិក្ខុទាំងឡាយ! អ្នកទាំងឡាយត្រូវដឹងខ្លួនយ៉ាងនេះរាល់ៗ គ្នាចុះ កុំភ្លេចឡើយ។ កាលបើទ្រង់ត្រាស់ដូច្នោះហើយ ទើបទ្រង់សំដែងអំពីធម៌ដែលធ្វើឲ្យជាសមណៈតទៅ, ទ្រង់លើកហិរិឱត្តប្បៈ ឡើងជាប្រធាននៃធម៌ទាំងពួង ហើយទ្រង់សម្ដែងថា បរិសុទ្ធកាយសមាចារ, បរិសុទ្ធវចីសមាចារ, បរិសុទ្ធមនោសមាចារ, បរិសុទ្ធអាជីវៈឥន្ទ្រិយសំវរៈ, ភោជនមត្តញ្ញូ, ជាគរិយានុយោគ, សតិសម្បជញ្ញៈ, ការអាស្រ័យនៅក្នុងទីសេនាសនៈដ៏ស្ងាត់, ការជម្រះចិត្តឲ្យប្រាសចាកនិវរណធម៌ហើយតម្កល់ឲ្យខ្ជាប់ជាសមាធិ, ធ្វើបញ្ញាដែលឃើញច្បាស់ក្នុងចតុរារិយសច្ចឲ្យកើតឡើង។ ធម៌អម្បាលនេះឯង ជាធម៌របស់សមណៈ។ ហិរិ នោះ បានខាង សេចក្ដីខ្មាស ចំពោះបាបទុច្ចរិតផ្សេងៗ។ ឱត្តប្បៈ នោះ បានខាង សេចក្ដីខ្លាច ចំពោះបាបទុច្ចរិតផ្សេងៗ។ ធម៌ ២ ប្រការ គឺ ហិរិ និង ឱត្តប្បៈ នេះ ជាធម៌សំខាន់បំផុតរបស់សមណៈ, បើមិនមានធម៌ ២ ប្រការនេះទេ មិនគួរហៅថាសមណៈឡើយ, កាលបើមានធម៌ ២ ប្រការនេះ ទើបជាដើមចមនាំឲ្យបានសម្រេចគុណវិសេសដទៃៗ ជាលំដាប់ទៅ។ -បរិសុទ្ធកាយសមាចារ នោះ បានខាងកាយសុចរិតទាំង ៣ -បរិសុទ្ធវចីសមាចារ នោះ បានខាងវចីសុចរិតទាំង ៤ -បរិសុទ្ធមនោសមាចារ នោះ បានខាងមនោសុចរិតទាំង ៣ -បរិសុទ្ធអាជីវៈ នោះ បានខាងការចិញ្ចឹមជីវិតដោយផ្លូវបរិសុទ្ធ វៀរចាកមិច្ឆាជីវៈផ្សេងៗ មានកុលទូសកៈ អនេសនៈ ជាដើម -ឥន្ទ្រិយសំវរៈ នោះ បានខាងការសង្រួមចិត្តមិនឲ្យអភិជ្ឈាទោសមនស្សចូលមកគ្របសង្កត់ក្នុងវេលាដែលឃើញរូបជាដើម -ភោជនមត្តញ្ញូ នោះ បានខាងការដឹងប្រមាណ គឺចេះលៃលកបរិភោគជនាហារតែយ៉ាងល្មម ពិចារណា ដោយឧបាយ ប្រាជ្ញាឲ្យឃើញអំណាចប្រយោជន៍ហើយ ទើបបរិភោគ -ជាគរិយានុយោគ នោះ បានខាងការប្រកបតាមក្នុងសភាពជាបុគ្គលភ្ញាក់រឭក មិនល្មោភដេកច្រើនពេក -សតិសម្បជញ្ញៈ នោះ បានខាងសេចក្ដីរឭក និងសេចក្ដីដឹងខ្លួន។ -ការអាស្រ័យនៅក្នុងទីសេនាសនៈដ៏ស្ងាត់នោះ បានខាងការអាស្រ័យនៅក្នុងព្រៃឬទៀបគល់ឈើ និងផ្ទះទំនេរដែលជាទំនងឲ្យកើតកាយវិវេក។ -ការជម្រះចិត្តឲ្យប្រាសចាកនីវរណធម៌ ហើយតម្កល់ចិត្តឲ្យខ្ជាប់ជាសមាធិនោះ បានខាងការដែលធ្វើចិត្តឲ្យតាំងនៅខ្ជាប់ជាចិត្តវិវេក។ ធ្វើបញ្ញាដែលឃើញច្បាស់ក្នុងចតុរារិយសច្ច ឲ្យកើតឡើងនោះ បានខាងការធ្វើសេចក្ដីដឹង សេចក្ដីឃើញក្នុង ទុក្ខសច្ច, សមុទយសច្ច, និរោធសច្ច, មគ្គសច្ច ឲ្យកើតឡើង។ ធម៌អម្បាលនេះជាធម៌របស់សមណៈ, អ្នកដែលប្ដេជ្ញាខ្លួនថាជាសមណៈ ត្រូវមានធម៌ទាំងនេះ, បើខ្សត់ធម៌របស់សមណៈហើយ មុខជានឹងប្រទូស្ដឬបៀតបៀនអ្នកដទៃមិនខាន។ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ទេសនាអំពីបុគ្គលដែលជាសមណៈនិងធម៌ដែលធ្វើបុគ្គលឲ្យជាសមណៈ ដោយប្រការដូច្នេះ។ ដកស្រង់ចេញពីសៀវភៅ ឱវាទបាតិមោក្ខ ដោយ៥០០០ឆ្នាំ |