Reading Article
Public date : 30, Jul 2019 (8,443 Read)
អរិយមគ្គជាឯកសមង្គី

|
អរិយមគ្គជាឯកសមង្គី
មគ្គទាំង ៨ នេះ បើជាឯកសមង្គី រួមចូលជាមួយគ្នាហើយក៏ធ្វើបុគ្គលដែលប្រតិបត្តិនោះ ឲ្យចុះក្នុងប្រឡាយនៃព្រះនិព្វានមាននាមតាមពុទ្ធសាសនវោហារ ហៅថា " សោតា រហូតដល់ អរហត្ត " ដូចព្រះអញ្ញាកោណ្ឌញ្ញត្ថេរ ដែលបានស្ដាប់ព្រះធម្មចក្កប្បវត្តនសូត្របឋមទេសនា កើតធម្មចក្ខុគឺភ្នែកឃើញធម៌ថា៖ យំកិញ្ចិ សមុទយធម្មំ សព្វន្តំ និរោធធម្មំ របស់អ្វីៗ ដែលមានកិរិយាកើតឡើងជាធម្មតា, របស់ទាំងអស់នោះ ក៏មានកិរិយារលត់ទៅវិញជាធម្មតា។ ទាំងនេះក៏ព្រោះតែមគ្គទាំង ៨ ប្រការ កាឯកសមង្គី។ អធិប្បាយថា កាលឃើញដូច្នោះ ឈ្មោះថា ឃើញត្រូវ ជាតួសម្មាទិដ្ឋិ, តម្រិះដូច្នោះឈ្មោះថា តម្រិះត្រូវ ជាតួសម្មាសង្កប្ប, និយាយឲ្យគេស្ដាប់ដូច្នោះ ឈ្មោះថា និយាយត្រូវ ជាតួសម្មាវាចា, ការងាររបស់ចិត្តដូច្នោះ ឈ្មោះថា ការងារត្រូវ ជាតួ សម្មាកម្មន្ត, រស់នៅដោយការពិចារណាដឹងដូច្នោះ ឈ្មោះថារស់នៅដោយប្រពៃ ជាតួសម្មាអាជីវ, ព្យាយាមដូច្នោះ ឈ្មោះថាព្យាយាមត្រូវ ជាតួសម្មាវាយាម, រឭកដូច្នោះ ឈ្មោះថា រឭកត្រូវ ជាតួសម្មាសតិ, តម្កល់ចិត្តទុកដូច្នោះ ឈ្មោះថា តម្កល់ចិត្តទុកត្រូវជាតួសម្មាសមាធិ។ សំដែងមកនោះ ដើម្បីបញ្ជាក់ឲ្យឃើញច្បាស់ថា កាលបើមគ្គទាំង ៨ រួមចូលព្រមព្រៀងគ្នាជាឯកសមង្គីហើយ តែងមានបញ្ញាចក្ខុពិចារណាឃើញថា៖ យំកិញ្ចំ សមុទយធម្មំ សព្វន្តំ និរោធធម្មំ របស់អ្វី ៗ ដែលមានកិរិយាកើតឡើងជាធម្មតា, របស់ទាំងអស់នោះ ក៏មានកិរិយារលត់ទៅវិញជាធម្មតា។
ដូច្នេះ ឈ្មោះថាបានដើរតាមដំណើរព្រះអរិយមគ្គទាំង ៨ បរិបូណ៌មិនខ្វះខាត និងបានឈ្មោះថាបានត្រេចតាមគន្លងពោធិបក្ខិយធម៌ទាំង ៣៧ ប្រការដោយបរិបូណ៌។ ដកស្រង់ចេញពីសៀវភៅ ឱវាទបាតិមោក្ខ
|