Reading Article
Public date : 21, Jul 2021 (24,715 Read)
ជីវិតជារបស់ខ្ចីគេ

|
ជីវិតក្នុងកំណើតមនុស្សនេះ មានភារកិច្ចប្រព្ត្រឹត្ត ព្រហ្មចរិយធម៌ រួចហើយត្រូវសងជីវិតនេះឱ្យទៅម្ចាស់របស់ គេ គឺ ជរា មរណៈ ។ ព្រហ្មចរិយធម៌ គឺជាយានជំនិះដ៏ប្រសើរ នាំសត្វ លោកទៅកាន់ទីបំផុតទុក្ខ ដោយលះបង់ចោលនូវជីវិតដែល ប្រកបដោយឧបាទានក្ខន្ធ ៥ ។
ជីវិតប្រៀបចដូចសម្ភារៈសំរាប់ធ្វើទូក ឬ ក្បូនតែ ប៉ុណ្ណោះ សម្ភារៈទាំងនោះដែលខ្ចីអំពីគេមក ដូចជាកាំបិត ពូថៅជាដើម ចាំបាច់ត្រូវតែសងឱ្យទៅម្ចាស់គេវិញ ប៉ុន្តែអ្វី ដែលជាការគួរឱ្យកក់ក្តៅ គឺក្បូនឯណេះទេ ដែលសំរាប់ឆ្លង ទៅកាន់ត្រើយនាយ ។ កាំបិត ពូថៅ សម្ភារៈដែលខ្ចីគេ មកនោះ មិនមែនសំរាប់ឱ្យប្រកាន់មាំថាជារបស់អញទេ ប៉ុន្តែសំរាប់ធ្វើក្បូន រួចហើយត្រេកអរក្នុងការសងជូនទៅឱ្យ ម្ចាស់គេវិញ ម៉្យាងវាជារបស់គេ ម៉្យាងទៀតវាជារបស់ធ្ងន់ មិនអាចយកទៅតាមក្បូនបាន និងម៉្យាងទៀតនោះ កិច្ចការ បានធ្វើស្រេចហើយ ។ សូម្បីតែជីវិតឥឡូវនេះ ក៏បុគ្គលខ្លួនឯងមិនអាចទាម ទារតវ៉ា ការពារបានផង ចាំបាច់និយាយទៅថ្វីចំពោះបរិក្ខារ ខាងក្រៅ ។ យើងគ្រប់គ្នាដែលអាចរស់នៅបានមកដល់សព្វថ្ងៃនេះ មិនមែនដោយសារនៅលើខ្លួនឯងទេ ព្រោះប្រសិនបើ ជាត្រូវស្លាប់ កាលអំពីខែមុន ឬឆ្នាំមុននោះ ក៏មុខតែស្លាប់ បាត់ទៅហើយ គឺពេលដែលត្រូវស្លាប់ ហើយអាចស្លាប់បាន ដោយពិត តាំងតែអំពីបដិសន្ធិរួចមកមេ្ល៉ះប៉ុន្តែដែលចេះតែ បាននៅរស់នេះ ព្រោះបច្ច័យនៃជីវិតនេះឯង គឺមិនមែន នៅលើជីវិតខ្លួនឯងទេ ។ ប្រទីបប្រេងអាចរលត់បានគ្រប់ពេលប្រសិនបើជាប្រេង អស់ ឬប្រឆេះអស់ ហើយសូម្បីនៅប្រេងនៅប្រឆេះ ក៏វា អាចរលត់បានដែរ ដោយខ្យល់បក់ ឬសត្វហើរប៉ះទង្កិចនោះ ដូច្នេះអណ្តាតប្រទីប មិនអាចការពារអ្វីខ្លួនឯងបានឡើយ យ៉ាងណាម៉ិញ ជីវិតសព្វសត្វក្នុងមនុស្សលោកយើងនេះ ក៏ ដូចប្រទីបប្រេងយ៉ាងនោះដែរ ។ ហេតុ-បច្ច័យ មិនមែនតាក់តែងឱ្យតែជីវិតបាននៅ រស់ប៉ុណ្ណឹងទេ ជីវិតត្រូវរស់នៅយ៉ាងណាៗ ក៏សម្រេចទៅលើ ហេតុ-បច្ច័យផងដែរ ការមានបាននូវទ្រព្យសម្បត្តិ ការជួប ការព្រាត់ សត្វនិងសង្ខារ ឈឺ ជា សុខ ទុក្ខ ឬ ស្លាប់ពេលណា កន្លែងណា ស្លាប់ដោយសារអ្វី ៘ ត្រូវសំរេចនៅលើ ហេតុ-បច្ច័យទាំងអស់ ។ ព្រោះហេតុនេះ មនុស្សលោកគួរតែមានសេចក្តី សន្តោស ត្រូវរៀនឱ្យចេះមានការយោគយល់ដល់គ្នានិងគ្នា ការប្រព្រឹត្តិអាក្រក់ កាប់សម្លាប់លួចប្លន់ មិនមែនជាវិធី ដោះស្រាយបញ្ហាឱ្យជីវិតខ្លួនឯងឡើយ ផ្ទុយមកវិញ វារឹង រឹតតែបង្កើតបញ្ហា និង កម្មពៀរវេរា មិនមានឈប់ឈរឱ្យ ខ្លួនឯង និង អ្នកដទៃទៅវិញទេ ។ សេចក្តីព្យាយាមសាងល្អក្នុងកាលមុន ក្នុងជាតិមុន បានរៀបចំជីវិតឱ្យកើតមកក្នុងកំណើតមនុស្ស វាជាដើម ទុនមួយសំខាន់ណាស់សំរាប់មនុស្សលោករើបម្រះ ចេញអំពី ពិភពងងឹតនៃកម្មពៀរវេរា ។ អំពើអាក្រក់ ការព្យាបាទ បៀតបៀន អមនុស្សធម៌ វាជាអន្លង់ភក់នៃកាមគុណតែប៉ុណ្ណោះ វាជាការបំរើកិលេស ពិតៗ និង វាជាការងារដ៏ថោកទាបសៅហ្មង ។ ជីវិតមនុស្សកើតដោយបុណ្យកុសលអំពីជាតិមុនមានតម្លៃស្មើគ្នានឹងព្រហ្មចរិយធម៌ ព្រោះមនុស្សអាចប្រព្រឹត្ត ព្រហ្មចរិយធម៌បាន មិនត្រូវបណ្តោយប្រាណដោយក្តី ប្រមាទ ឱ្យមានការលង់លិចក្នុងអន្លង់ខ្មៅងងឹត ធ្វើជីវិតឱ្យថោកទាប នោះឡើយ អ្នកប្រាជ្ញបានពោលថា ជិវិតនេះមានប្រមាណ តិច ។ បើដឹងថាខ្លួនឯងចាញ់ស្តេចមច្ចុរាជទេ ហេតុអ្វីក៏បាន ជាចង់តែយកឈ្នះមនុស្សជាតិគ្នាឯង តើបានប្រយោជន៍អ្វី ទៅ សូមមនុស្សលោកឈប់ឈ្លោះទាស់ទែងគ្នា ឈប់ចង គំនុំជាមួយនឹងគ្នា ហើយនាំគ្នាស្តាប់ឱវាទព្រះសម្មាសម្ពុទ្ធ ដើម្បីរត់ចេញអំពីអំណាចមច្ចុរាជធ្វើដំណើរទៅកាន់ទីដែល ផុតស្លាប់ នេះទើបជាកិច្ចដែលគួរធ្វើ ។ ប្រសិនបើជាការបានឈ្នះគេលើលោកនេះ ហើយមច្ចុរាជទុកជីវិតឱ្យ ក៏គួរតែខំប្រឹងទៅចុះ តែបើវាពិតជាពុំមែន ដូចនេះហើយនោះ យើងមិនគួរចំណាយពេលវេលាទៅក្នុង ការងារឥតប្រយោជន៍ឡើយ សប្បុរុសដែលបានដឹងច្បាស់ ហើយលោកមិនបង្អែបង្អង់ទេ លោកទៅឆ្ងាយហើយ គឺ ឆ្ងាយចាកភពបី សូមមនុស្សប្រុសស្រីកុំបំភ្លេចការពិតនៃ ជីវិតរបស់ខ្លួនឯងចោលឱ្យសោះ ព្រោះការពិតវានៅតែជា ការពិតគ្រប់គ្រា គ្រប់ពេលវេលា ហើយការពិតនេះ វាអាច ជួយដោះស្រាយបញ្ហាចំពោះបុគ្គលណាដែលបានដឹងការ ពិតនៃជីវិតនេះ គឺគ្រប់បញ្ហាទាំងអស់ រួមទាំងបញ្ហា ជាតិ ជរា មរណៈ ទៀតផង ។ ដកស្រង់ចេញពី "សៀវភៅជំនួយសតិភាគ៤" ដោយ៥០០០ឆ្នាំ |