Reading Article
Public date : 30, Jul 2019 (9,755 Read)
ពុទ្ធសាសនានឹងសង្គមខ្មែរ

|
ពុទ្ធសាសនានឹងសង្គមខ្មែរ
បុណ្យទានខាងពុទ្ធសាសនាក្ដី បុណ្យប្រពៃណីប្រទេសក្ដី ប្រជាជនខ្មែរតែងប្រមូលគ្នាធ្វើនៅតាមវត្តអារាម។ ការប្រមូលគ្នាទៅវត្តនេះមានប្រយោជន៍ណាស់ ព្រោះជាឱកាសល្អនាំឲ្យបានស្គាល់គ្នា ឲ្យរាប់រកគ្នា ឲ្យបានប្រាស្រ័យនូវគ្នានឹងគ្នា ឲ្យយោគយល់គ្នា ឲ្យចេះរួបរួមគ្នា ដើម្បីបំពេញកុសល ឬសម្រេចកិច្ចការសង្គមអ្វីនីមួយ។ ការសមាទានសីលជាកិច្ចការសង្គមមួយដ៏ប្រសើរ ព្រោះបានដុសខាត់សង្គមឲ្យស្អាតបរិសុទ្ធ ឲ្យមានចរិយាប្រសើរ មានសីលធម៌ខ្ពស់។ ឯការបំពេញទានថ្វាយសង្ឃ ក៏ជាការសង្គមមួយប្រសើរទៀត ព្រោះជាការជម្រះសេចក្ដីកំណាញ់ គិតតែប្រយោជន៍ផ្ទាល់ខ្លួន នឹងជាការបង្ហាត់ខ្លួនឲ្យចេះធ្វើចិត្តធូរទូលាយ ចេះគិតផ្ដល់ប្រយោជន៍នឹងសេចក្ដីសុខនៃគ្នីគ្នាទៅវិញទៅមក មិនតែប៉ុណ្ណោះទេ ការប្រមូលគ្នាទៅវត្តជាឱកាសមួយប្រសើរដោយឡែកទៀត ព្រោះអាចយកពេលជួបគ្នានេះសម្រាប់ជជែកគ្នា ពិគ្រោះគ្នា ពិភាក្សាគ្នា អំពីកិច្ចការសង្គមជាប្រក្រតីថែមទៀតផង។ ហេតុដូច្នេះ ប្រស្នាអ្វីមួយជាកិច្ចការសង្គមដែលបានប្រឹក្សាគ្នានៅវត្តអារាម តែងតែជាប់លាយដោយគំនិតពុទ្ធសាសនាជាសន្តិធម៌នាំឲ្យកើតសេចក្ដីសុខក្សេមក្សាន្តជាដរាប។ ចាស់ទុំបរមបូរាណខ្មែរបង្កើតបុណ្យទំនៀមច្រើន ដើម្បីអប់រំនិស្ស័យ សង្គមឲ្យជាប់នឹងពុទ្ធសាសនា ដូចជាបុណ្យកាន់បិណ្ឌ បុណ្យស្រង់ព្រះ បុណ្យស្រោចស្រពមាតាបិតាចាស់ទុំ បុណ្យបំបួសនាគ បុណ្យបឋិនទាន ជាដើម។ ឯបុណ្យខ្មោច ពិធីរៀបមង្គលកូនប្រុសស្រីជាស្វាមី ភរិយា បុណ្យចូលឆ្នាំ ។ល។ ក៏ចាស់ទុំបញ្ចូលលទ្ធិពុទ្ធសាសនាជាមង្គលទាំងអស់។ ដោយជាតិយើងចូលចិត្តធ្វើបុណ្យផងដូច្នេះហើយ បានជាមានពាក្យអ្នកបរទេសថ្កាលទោសយើងថា « ខ្មែរបានជាក្រ មកពីធ្វើបុណ្យច្រើនពេក»។ ជនជាតិខ្មែរពេញចិត្តធ្វើបុណ្យយ៉ាងនេះ មកពីយល់ថា « ក្រក៏ក្រចុះ ឲ្យតែមានល្អ គឺមានអរិយទ្រព្យ»។ បុណ្យសំខាន់មួយទៀតសម្រាប់អប់រំចរិយាសង្គមឲ្យវិសេសវិសាលគឺបុណ្យទេសនាទសជាតិ។ ការទសនាទសជាតិ គឺសំដែងពីចរិយាព្រះបរមពោធិសត្វដែលព្រះអង្គប្រឹងប្រតិបត្តិក្នុងអតីតជាតិឲ្យបានត្រាស់ដឹងធម៌ឲ្យប្រជាជនស្ដាប់ ហើយឲ្យយកជាគតិទុកជាពន្លឺក្នុងជីវិតខ្លួនគ្រប់ៗ គ្នា សម្រាប់ប្រតិបត្តិយកសេចក្ដីសុខនៅនាលោកនេះនឹងបរលោក។ អាស្រ័យដោយការអប់រំដ៏ប្រសើរនេះ ប្រជាជនខ្មែរបានចេះដឹងពុទ្ធចរិយា ដែលព្រះបរមពោធិសត្វរាល់ព្រះអង្គបានបំពេញទសបារមី ហើយ ប្រព្រឹត្តតាមពុទ្ធចរិយា យកពុទ្ធចរិយានេះជាគតិប្រចាំជីវិត ដើម្បីទូន្មានខ្លួនឲ្យប្រព្រឹត្តល្អ ឲ្យមានសីលធម៌ខ្ពង់ខ្ពស់ ឲ្យមានចិត្តតាំងនៅក្នុងធម៌។ ដកស្រង់ចេញពីសៀវភៅ ព្រះពុទ្ធសាសនា២៥០០ ដោយ៥០០០ឆ្នាំ |