Reading Article
Public date : 16, Oct 2021 (16,496 Read)
ព្រះអរហន្តក្រោយអំពីអស់ជិវិតទៅ តើដូចម្តេច

|
ព្រះអរហន្តក្រោយអំពីអស់ជិវិតទៅ តើដូចម្តេច ?
ចម្លើយៈ រូប វេទនា សញ្ញា សង្ខារ វិញ្ញាណ មិនទៀង របស់ណាមិនទៀង របស់នោះជាទុក្ខ របស់ណាមិនទៀងជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា របស់នោះជា អនត្តា ។ យើងមិនអាចឆ្លើយថា ព្រះអរហន្ត ក្រោយអំពីអស់ ជីវិតទៅ យ៉ាងម៉េចៗបានឡើយ ព្រោះយើងឃើញនូវបញ្ច ក្ខន្ធក្នុងបច្ចុប្បន្នតាមពិត រកព្រះអរហន្តពុំមានឡើយ រកសត្វរកបុគ្គលក៏ពុំមានដែរ ឃើញតែបញ្ចក្ខន្ធ មានការកើតឡើង ហើយរលត់ទៅវិញជាធម្មតាតែប៉ុណ្ណោះ ។ តិណកដ្ឋសមំ លោកំ យទាបញ្ញាយ បស្សតិ ន អញ្ញំ បត្ថយេ កិញ្ចិ អញ្ញត្រ អប្បដិសន្ធិយាតិ ។ ក្នុងកាលណា បុគ្គលពិចារណាឃើញលោក (ខន្ធ លោក) ទុកស្មើដោយស្មៅឬកំណាត់ឈើដោយបញ្ញាដ៏ប្រពៃ តាមពិត ក្នុងកាលនោះ បុគ្គលរមែងមិនមានសេចក្តី ប្រាថ្នា របស់ដទៃណាមួយសូម្បីបន្តិចបន្តួចឡើយ មានតែមិនបដិ សន្ធិ គឺព្រះនិព្វានតែម៉្យាងប៉ុណ្ណោះ ។ បញ្ញា នាំសត្វលោកទៅកាន់ទីដែលមិនបដិសន្ធិ គឺ បញ្ញាជាលោកុត្តរ ព្រោះឆ្លងផុតចាកលោកនៃវដ្តសង្សារ ។ បញ្ញារំលត់កិលេស ពិតជានាំសត្វឱ្យបានដល់ព្រះនិព្វាន ព្រោះថា ការរំលត់កិលេស ឬការអស់ទៅនៃតណ្ហា ជាឈ្មោះនៃព្រះនិព្វាន ។ តណ្ហក្ខយោ ហិ រាធ និព្វានន្តិ មល្នារាធ ព្រោះថា ការអស់ទៅនៃតណ្ហា ជាឈ្មោះនៃព្រះនិព្វាន (ខន្ធវារវគ្គ រាធសំយុត្ត) ។ មគ្គជាលោកុត្តរ កំចាត់តណ្ហា ឈ្មោះថាផ្លូវទៅ ព្រះនិព្វាន ដែលសត្វលោកធ្វើដំណើរតាមផ្លូវនេះ រមែងរួច ផុតចាកទុក្ខទាំងពួង ។ ការមិនបដិសន្ធិគឺព្រះនិព្វាន ឯចំណែកសត្វលោក ដែលមិនទាន់ស្លាប់ គឺនៅកំពុងរស់ក្នុងលោកនេះ ក៏មិនមាន បដិសន្ធិក្នុងលោកដទៃណាៗដែរ ប៉ុន្តែមិនមែនជាអ្នកបាន ដល់ព្រះនិព្វាន ព្រោះជាអ្នកជាប់នៅក្នុងលោកនេះ ។ អរិយសាវ័កនឿយណាយក្នុងខន្ធ ៥ហើយ ក៏ប្រាសចាកសេចក្តីត្រេកអរនឹងខន្ធ ជាអ្នកមិននៅក្នុងលោកនេះ មិនទៅកាន់លោកដទៃ ប៉ុន្តែទៅកាន់អប្បដិសន្ធិ រីឯ រូប វេទនា សញ្ញា សង្ខារ វិញ្ញាណ មិនទៀង ជាទុក្ខ និង ជាអនត្តា មានការគ្រាំគ្រា ទ្រុឌទ្រោម បែកធ្លាយ អស់ទៅ សូន្យទៅជាធម្មតា ។ ស្រង់ចាកពីសៀវភៅ ជំនួយសតិភាគ៣ ដែលរៀបរៀងដោយ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត-សាវង្ស ។ ដោយ៥០០០ឆ្នាំ |