Reading Article
Public date : 16, Oct 2021 (15,216 Read)
សេចក្ដីអត់ធន់ ជាតបធម៌ដ៏ឧត្ដម

|
ខន្តិ បរមំ តបោ តីតិក្ខា
អធិវាសនក្ខន្តី ពោលគឺសេចក្ដីអត់ធន់ ជាតបធម៌ដ៏ឧត្ដម នោះ, ឲ្យមានសេចក្ដីពិស្ដារ ដើម្បីជាគ្រឿងប្រដាប់សតិបញ្ញា និងជាវត្តប្រតិបត្តិរបស់សាធុសប្បុរសពុទ្ធបរស័ទដូចតទៅនេះ៖ ខន្តិ ប្រែថា "សេចក្ដីអត់" តីតិក្ខា ប្រែថា "សេចក្ដីធន់" ស័ព្ទទាំង ២ នេះ មានសេចក្ដីជាមួយគ្នា ទើបរួមចូលគ្នាហៅថា "សេចក្ដីអត់ធន់" សេចក្ដីអត់ធន់នេះលោកចែកជា ៣ យ៉ាងគឺ៖ ១. អត់ធន់ចំពោះសេចក្ដីទុក្ខដែលជាហេតុឲ្យកើតលោភៈ ២. អត់ធន់ចំពោះសេចក្ដីទុក្ខដែលជាហេតុឲ្យកើតទោសៈ ៣. អត់ធន់ចំពោះសេចក្ដីទុក្ខដែលជាហេតុឲ្យកើតមោហៈ អធិប្បាយខន្តី ១. ឯសេចក្ដីអត់ធន់ចំពោះសេចក្ដីទុក្ខ ដែលជាហេតុឲ្យកើត លោភៈ នោះបានខាងអត់ទ្រាំនឹងចំណងផ្សេង ៗ ដែលកើតឡើងក្នុងទ្វារទាំង ៦។ ពាក្យថា អត់ទ្រាំគឺមិនប្រព្រឹត្តទុច្ចរិតតាមចំណង់ឬសេចក្ដីស្រេកឃ្លាននោះៗ។ បុគ្គលចំពូកខ្លះព្រោះតែមិនចេះអត់ទ្រាំនឹងចំណង់ឬសេចក្ដីស្រេកឃ្លាន បានជាលួចឆក់ដណ្ដើមបំបាត់ប្រវ័ញ្ចទ្រព្យសម្បត្តិរបស់គេ, កាលបើប្រព្រឹត្តទុច្ចរិតដូច្នោះ រមែងជួបប្រទះនឹងសេចក្ដីទុក្ខព្រួយដែលជាផលរបស់ទុច្ចរិតនោះៗ មានត្រូវទោសជាប់គុកជាប់ច្រវាក់ជាដើម។ បុគ្គលឯណាជាមនុស្សមិនសូវរវះរវាមពេក ចេះអត់ទ្រាំបាន, បុគ្គលនោះឯងប្រកបដោយសេចក្ដីសុខសេចក្ដីចម្រើន។ ខន្តី សេចក្ដីអត់ធន់បែបនេះ ហៅថា អត់ធន់ ចំពោះសេចក្ដីទុក្ខដែលជាហេតុឲ្យកើត រាគៈ ក៏គួរសង្គ្រោះចូលក្នុងខន្តីនេះដែរ។ ២. ឯសេចក្ដីអត់ធន់ចំពោះសេចក្ដីទុក្ខ ដែលជាហេតុឲ្យកើត ទោសៈ នោះ បានខាងសេចក្ដីអត់ធន់នឹងពាក្យបរប្បវាទដែលបុគ្គលដទៃស្ដីថាត្មះតិះដៀល ឬអត់ធន់នឹងពាក្យបរប្បវាទដែលបុគ្គលដទៃបៀតបៀនដែលជាហេតុឲ្យកើតទោសៈ។ ធម្មតាមនុស្សដែលកើតមកក្នុងលោកសន្និវាសនេះ ដែលថាមិនឲ្យមានគេស្ដីថា ត្មះតិះដៀលសោះនោះគ្មានទេ, ទោះបីគេត្មះតិះដៀលស្ដីថាដោយត្រង់ៗ មិនបាន ក៏គង់ត្មះតិះដៀលស្ដីថាដោយពាក្យបញ្ឆិតបញ្ឆៀងផ្សេងៗ, បើគេតិះដៀលស្ដីថាចំពោះមុខមិនបានគេក៏គត់តិះដៀលស្ដីថាជាកំបាំងៗ អម្បាលព្រះអាទិត្យព្រះចន្ទដែលដើរវិលឆ្លុះបំភ្លឺលោកជាប្រក្រតី ម្ដេចក៏គង់តែមានគេតិះដៀលខ្លះដែរ, ចំណង់បើមនុស្សក្នុងលោក និងរកនរណាឲ្យជាមនុស្សឥតគេតិះដៀលនោះមិនមានឡើយ; ទុកជាព្រះសាស្ដាបរមគ្រូជាម្ចាស់ដែលប្រកបដោយព្រះមហាករុណាទិគុណ ក៏គង់មានគេតិះដៀលដែរ, ដូចកាលទ្រង់ស្ដេចទៅគង់ក្នុងក្រុងកោសម្ពីសូមនាំរឿងនោះមកសម្ដែងជាឧទាហរណ៍ដូចតទៅនេះ៖ រឿង ព្រះសម្ពុទ្ធទ្រង់ស្ដេចនៅក្នុងកោសម្ពី កាលដែលព្រះភគវន្តមុនី ទ្រង់ស្ដេចទៅក្រុងកោសម្ពីនោះ នាងមាគណ្ឌិយជាទីពីព្រះបាទឧទេន ប្រើមនុស្សឲ្យគេប្រទេច ផ្ដាសាព្រះអង្គដោយពាក្យអាក្រក់ផ្សេងៗ ដរាបដល់ព្រះអានន្ទធុញទ្រាន់អត់ទ្រាំមិនបាន ចូលទៅក្រាបបង្គំទូលនិមន្តព្រះអង្គឲ្យទ្រង់ស្ដេចនៅនគរឯទៀត, តែព្រះអង្គមិនញាប់ញ័រនឹងហេតុនោះបន្តិចបន្តួចឡើយ។ ក្នុងវេលានោះ ពួកជនដែលបានមើលឃើញនឹងស្ដាប់ឮ កម្រនឹងចៀសវាងសេចក្ដីក្រេវក្រោធបាន, បើនឹងបានខ្លះក៏ដោយតែប្រឹងអត់សង្កត់ចិត្តតាមព្រះអង្គប៉ុណ្ណោះ លុះចំណេរមកខាងក្រោយ ពួកស្រីទាំងនោះក៏ដល់នូវសេចក្ដីស្លាប់ដោយព្រះមហាក្សត្រិយ៍ឲ្យចាប់យកមកជីកកប់ក្នុងរណ្ដៅឲ្យនៅត្រឹម ៗ ក ហើយឲ្យរាស់ដោយរនាស់ដែក និងដុតរោសដោយភ្លើង, លុះស្លាប់ទៅហើយក៏ទៅកើតក្នុងនរករងទុក្ខវេទនាជាពន្លឹកគួរខ្លាចក្រៃពេក។ ដកស្រង់ចេញពីសៀវភៅ ឱវាទបាតិមោក្ខ ដោយ៥០០០ឆ្នាំ |