Reading Article
Public date : 02, Dec 2022 (15,596 Read)
លទ្ធផលដែលកូនមិនស្ដាប់ម៉ែ

|
លទ្ធផលដែលកូនមិនស្ដាប់ម៉ែ
កូនប្រុសស្រី ដែលមិនស្ដាប់តាមពាក្យ របស់ឪពុកម្ដាយច្រើនតែបរាជ័យនៅរាល់ការងារដែលខ្លួនឯងធ្វើ ឮជួបឧបសគ្គ បង្កឲ្យមានបញ្ហា ដែលមិនចេះដោះស្រាយបាន និងជួបនូវសេចក្ដីទុក្ខលំបាកសព្វគ្រប់បែបយ៉ាង នៅក្នុងជីវិត ដែលមិនអាចគេចផុងឡើយ ហើយទៅណាមកណា តែងបង្កឲ្យមានគ្រោះថ្នាក់ដល់ជីវិតជានិច្ច ព្រោះទោសមិនស្ដាប់តាមពាក្យឪពុកម្ដាយ ដូចជា មិត្តវិន្ទុកៈ ដែលចចេសរឹងរូសមិនស្ដាប់ម្ដាយ ចង់ទៅធ្វើជំនួញ តែម្ដាយហាមឃាត់មិនឲ្យទៅ ដោយឃើញកូននៅក្មេង ខ្លាចកូនមានគ្រោះ ឬខ្លាចកូនលំបាក ព្រោះម៉ែបារម្ភពីកូន ទើបម៉ែហាមឃាត់មិនចង់ឲ្យកូនទៅ តែមិត្តវិន្ទុកៈ មិនយល់ព្រមឡើយ នៅតែចចេសទៅ រហូតហ៊ានច្រានម្ដាយ ដែលចាស់ជរា ឲ្យដួលត្រឡប់ត្រឡិន ពេលដែលគាត់យំអង្វរឱបជើងកូនមិនឲ្យកូនទៅទៀតផង ហើយដើរកន្លងគាត់ទៅដោយគ្មានអាឡោះអាល័យ និងគ្មានក្ដីអាសូរ ដល់ម្ដាយចាស់ជរាបន្តិចសោះឡើយ។ ព្រោះតែមិត្តវិន្ទុកៈជាកូនកាឡកណ្ណី មិនដឹងគុណម៉ែ និងមិនស្ដាប់តាមពាក្យរបស់ម៉ែ ទើបទីបំផុតគឿងសំពៅនៅកណ្ដាលសមុទ្រ។ ដោយមិនអាចធ្វើដំណើរទៅមុខបាន អ្នកសំពៅទាំងឡាយក៏គិតថា នៅលើសំពៅនេះប្រាកដជាមានមនុស្សកាឡកណ្ណីមិនខាន ទើបធ្វើវិធីដើម្បីស្វែងរកបាបជនដោយការចាប់ស្លាក ក៏បានដឹងថាមិត្តវិន្ទុកៈជាមនុស្សកាឡកណ្ណី អ្នកសំពៅទាំងឡាយក៏ចាប់មិត្តវិន្ទុកៈដាក់បណ្ដែតតាមក្បូន បំបោះបង់ចោលឲ្យអណ្ដែតនៅលើខ្នងសមុទ្រក្នុងគ្រានោះឯង ធ្វើឲ្យមិត្តវិន្ទុកៈជួបនៅសេចក្ដីទុក្ខលំបាក ដោយការធ្លាក់នរកទាំងរស់ ព្រោះតែមិនស្ដាប់ពាក្យម៉ែ។ ឬក៏ដូចជា នាងបដាចារាជាបុត្រីរបស់សេដ្ឋីនៅក្នុងក្រុងសាវត្ថីដែលលួចលាក់ស្នេហាគ្នាជាមួយនឹងទាសា ទោះបីជាឪពុកម្ដាយឃាត់យ៉ាងណា ក៏នៅតែមិនស្ដាប់រហូតរត់ចេញពីផ្ទះចោលឪពុកម្ដាយ ទៅនៅក្នុងដុបក្នុងព្រៃ ស៊ីអត់ស៊ីឃ្លានយ៉ាងលំបាកវេទនា ចាមួយនឹងបុរសជាទាសា ទីបំផុតត្រូវព្រាត់ប្រាសគ្មានសល់ម្នាក់ឡើយ ព្រាត់ទាំងកូន ព្រាត់ទាំងស្វាមី នឹងព្រាតឪពុកម្ដាយបងប្អូនយ៉ាងគួរឲ្យសង្វេគជាទីបំផុត។ ព្រោះតែការព្រាត់ប្រាសចាកញាតិសន្ដាន បណ្ដាលឲ្យនាងទៅជាឆ្កួតលីលាអនាថា មិនដឹងអ្វីទាំងអស់ លទ្ធផលព្រោះតែមិនស្ដាប់ពាក្យម៉ែឪ។ ដកស្រង់ចេញពីសៀវភៅ តំណក់ទឹកភ្នែក ដោយ៥០០០ឆ្នាំ |