Reading Article
Public date : 25, Jul 2021 (41,537 Read)
ព្រះពុទ្ធអង្គ

|
ព្រះពុទ្ធអង្គ
ព្រះពុទ្ធអង្គទ្រង់មានព្រះនាមដើមថា សិទ្ធត្ថ (សំស្ក្រឹតហៅថាសិទ្ធាថិ) និងព្រះនាមដោយគោត្ត (ត្រកូល) ថា គោតម (សំស្ក្រឹតថាគៅតម) ។ ព្រះអង្គទ្រង់គង់ប្រថាប់ នៅក្នុងប្រទេសឥណ្ឌា ភាគខាងជើងក្នុងសតវត្សរ៍ទី ៦ មុនគ្រិស្ដសករាជ។ ព្រះរាជបិតារបស់ទ្រង់មានព្រះនាមថា សុទ្ធោទនៈ ជាក្សត្រនៃនគរសាក្ស (បច្ចុប្បន្នស្ថិតនៅក្នុងប្រទេសនេប៉ាល់)។ ព្រះរាជមាតារបស់ព្រះអង្គទ្រង់ព្រះនាមថា សិរិមហាមាយា។ យោងទៅតាមប្រពៃណីនាយុគសម័យនោះ ព្រះអង្គទ្រង់បានរៀបអភិសេកទាំងដែលទ្រង់នៅមានវ័យក្មេងនៅឡើយ ពោលគឺនៅព្រះជន្ម១៦ព្រះវស្សាជាមួយនឹងព្រះនាងយសោធរាពិម្ពា ដែលមានសម្រស់ស្រស់ស្អាតនិងពោរពេញទៅដោយស្វាមីភក្តិរកស្រីប្រដូចគ្មាន។ ព្រះសិទ្ធត្ថទ្រង់គង់ប្រថាប់នៅក្នុងព្រះរាជវាំងរបស់ព្រះអង្គ ព្រមជាមួយស្រីស្នំនិងរាជបរិវារ ដែលនៅរង់ចាំគាល់បំរើនិងបំពេញទៅតាមគ្រប់តម្រូវការរបស់ព្រះអង្គ។ ប៉ុន្តែដោយនឹកស្មានមិនដល់ ព្រះអង្គទ្រង់បានជួបប្រទះនូវសច្ចធម៌នៃជីវិត និងសេចក្ដីទុក្ខរបស់មនុស្សជាតិ (សត្វលោក) ទើបលោកសម្រេចព្រះទ័យដែលនឹងរកដំណោះស្រាយ ពោលគឺផ្លូវដែលអាចរួចផុតចាកផុតអំពីសេចក្ដីទុក្ខ ដែលមាននៅក្នុងលោក យើងនេះ។ ក្នុងព្រះជន្មាយុ២៩ព្រះវស្សា មិនយូរប៉ុន្មានបន្ទាប់ពីការប្រសូតនៃព្រះរាជបុត្រាមួយព្រះអង្គគត់របស់ព្រះអង្គ គឺព្រះរាជកុមាររាហុលព្រះអង្គទ្រង់បានចាកចោលអាណាចក្ររបស់ព្រះអង្គ ហើយទៅទ្រង់ផ្នួសជាបព្វជិត (ឥសី) ដើម្បីស្វែងរកផ្លូវរំលត់ទុក្ខ។ អស់រយៈពេល៦ឆ្នាំ ដែលព្រះឥសីគោតមបានធ្វើដំណើរត្រាច់ចរទៅតាមតំបន់ផ្សេងៗនៃជ្រលងទន្លេគង្គា ទ្រង់បានជួបប្រទះជាមួយគណាចារ្យផ្នែកសាសនា ដែលមានឈ្មោះបោះសំឡេងជាច្រើន។ ព្រះអង្គទ្រង់បានសិក្សានិងបដិបត្តិបែបផែន ព្រមទាំងវិធីសាស្ត្រផ្សេងៗរបស់គ្រូទាំងនោះ ដោយទ្រង់ថែមទាំងបានដាក់ព្រះកាយទទួលយកនូវវត្តបដិបត្តិបែបទុក្ករកិរិយា ដ៏សែនតឹងតែងក្រៃលែង។ ប៉ុន្តែវត្តបដិបត្តិព្រមទាំងបែបផែនក៏ដូចជាវិធីសាស្ត្ររបស់សាសនាទាំងនោះ មិនបានធ្វើឲ្យព្រះអង្គទ្រង់ពេញព្រះទ័យឡើយ (ដោយទ្រង់យល់ឃើញថាមិនមែនជាផ្លូវដែលអាចនាំបុគ្គល ឲ្យរួចចាកផុតពីសេចក្ដីទុក្ខបាន)។ ដូចនោះទើបទ្រង់លះបង់ចោលនូវសាសនាទាំងឡាយដែលមានមកអំពីមុន រួមទាំងវិធីសាស្ត្រនៃសាលនាទាំងនោះ ហើយធ្វើដំណើរទៅតាមផ្លូវរបស់ព្រះអង្គផ្ទាល់។ បន្ទាប់ពីនោះមករហូតដល់យប់មួយ ព្រះអង្គទ្រង់បានប្រថាប់គង់នៅក្រោមដើមឈើមួយ (ចាប់ពីពេលនោះមកក៏ត្រូវបានគេហៅថា ដើមពោធិ៍ ឬមានន័យថាដើមឈើនៃការត្រាស់ដឹង)។ ស្ថិតក្នុងរាត្រីនោះឯងព្រះអង្គទ្រង់សម្រេចបាននូវព្រះអនុត្តរសម្មាសម្ពោធិញ្ញាណ ត្រាស់ដឹងនូវលោកុត្តរធម៌ក្នុងព្រះជន្មាយុ ៣៥ ព្រះវស្សា ដែលបន្ទាប់ពីនោះមកព្រះអង្គត្រូវបានគេស្គាល់ក្នុងព្រះនាមថា ព្រះពុទ្ធជាម្ចាស់ ឬ ព្រះអ្នកត្រាស់ដឹង (នូវសេចក្ដីពិត)។ បន្ទាប់ពីការត្រាស់ដឹងរបស់ព្រះអង្គហើយ ព្រះពុទ្ធជាម្ចាស់ក៏បានទ្រង់ប្រទាននូវបឋមទេសនាដល់បញ្ចវគ្គីយ៍ ដែលជាមិត្តរួមបដិបត្តិធម៌ជាមួយព្រះអង្គតាំងតែពីគ្រាដំបូង នាឧទ្យានក្ដាន់ស្ថិតក្នុងព្រៃ ឥសិបតនៈ (បច្ចុប្បន្នស្ថិតនៅក្នុងតំបន់សារនាថរបស់ឥណ្ឌា) ជិតនគរពារាណសី។ រាប់តាំងអំពីនោះមកអស់រយះពេល៤៥ព្រះវស្សា ព្រះអង្គទ្រង់បានទេសនាទូន្មានមនុស្សប្រុសស្រីគ្រប់ជាន់ថ្នាក់រួមមាន ក្សត្រ ព្រាហ្មណ៍ មន្ត្រីរាជការ គហបតី ពាណិជ្ជករ កសិករ អ្នកសុំទាន បព្វជិត ចោរ ដោយទ្រង់ពុំបានរើសមុខឬបែងចែកវណ្ណៈជាន់ថ្នាក់ក្នុងចំណោមជនទាំងនោះឡើយ។ ព្រះអង្គទ្រង់មិនទទួលស្គាល់ផងដែរនូវភាពខុសប្លែកគ្នានៃវណ្ណៈ ក៏ដូចជាការបែងចែកក្រុមជននៅក្នុងសង្គម។ ចំពោះមាគ៌ាដែលព្រះអង្គទ្រង់ទូន្មាននោះ គឺទ្រង់បើកទទួលមនុស្សគ្រប់ៗគ្នាដែលស្ម័គ្រចិត្តទទួលយកនូវឱវាទទូន្មានរបស់ព្រះអង្គ ដោយពុំមានការបង្ខិតបង្ខំអ្វីឡើយ។ លុះព្រះជន្មាយុគម្រាប់៨០ព្រះវស្សា ព្រះពុទ្ធអង្គក៏ទ្រង់រំលត់ខន្ធបរិនិព្វាននៅនានគរកុសិនារា (បច្ចុប្បន្ននៅក្នុងតំបន់ឧត្ដរប្រទេសរបស់ឥណ្ឌា)។ បច្ចុប្បន្ននេះព្រះពុទ្ធសាសនាត្រូវបានគោរពនិងប្រកាន់ខ្ជាប់ នៅក្នុងបណ្ដាប្រទេសជាច្រើនដូចជា សិរីលង្កា កម្ពុជា ភូមា ថៃ ឡាវ វៀតណាម ទីបេតិ៍ ចិន ជប៉ុន ម៉ុងហ្គោលី កូរ៉េ កោះហ្វរម៉ូហ្សា (តៃវ៉ាន់) តំបន់ខ្លះនៃប្រទេសឥណ្ឌា ប៉ាគីស្ថាន នេប៉ាល់ ព្រមទាំងសហភាពសូវៀត(រុស្សី) ផងដែរ។ ពុទ្ធសាសនិកជនទូទាំងពិភពលោក មានចំនួនសរុបច្រើនជាង៥០០លាននាក់ (អំឡុងទសវត្សរ៍ទី ៥០)។ ដកស្រង់ចេញពីសៀវភៅ ព្រះពុទ្ធទ្រង់បង្រៀនអ្វី? ដោយ៥០០០ឆ្នាំ |