Reading Article
Public date : 29, Jan 2021 (38,082 Read)
នរក ៤ រូប

|
នរក ៤ រូប
យើងជាពុទ្ធបរិស័ទ គួរតែមានសេចក្ដីសង្វេគតក់ស្លុតក្នុងជីវិតរស់នៅក្នុងបច្ចុប្បន្ននេះ វាមិនមានអ្វីស្ថិតស្ថេរឡើយក្នុងលោកនេះ មានការកើតឡើងហើយមានការស្ថិតនៅ និងមានការបាត់បង់ទៅវិញជាធម្មតា។ សូមជាតិញោមពិចារណានូវរឿងក្នុងព្រះពុទ្ធសាសនា ដើម្បីជាបទពិចារណាក្នុងរឿងរ៉ាវជីវិតដែលរស់នៅក្នុងលោកនេះ វាមានទាំងវិបាក ទាំងល្អដោយអំណាចក្នុងការប្រព្រឹត្តរបស់មនុស្ស។ កាលកន្លងទៅហើយ ព្រះដ៏មានព្រះភាព ព្រះនាមកស្សបៈ ទ្រង់ឧប្បត្តិកឡើងក្នុងលោក ក្នុងកាលដែលមនុស្សទាំងឡាយមានអាយុកាល ២ ម៉ឺនឆ្នាំ ព្រះអង្គយាងទៅកាន់ចារិកមួយអន្លើដោយព្រះខីណាស្រព ២ ម៉ឺនអង្គ។ ពួកអ្នកនគរពារាណសីឃ្មាតខ្មីបបួលគ្នីគ្នាធ្វើអាគន្តុកទាន។ គ្រានោះមានសេដ្ឋីបុត្ត ៤ នាក់ជាសម្លាញ់នឹងគ្នាមានសម្បត្តិ ៤០ កោដិ ក្នុងនគរពារាណសី បានប្រឹក្សាគ្នាថាទ្រព្យសម្បត្តិយើងមានច្រើនតើយើងនឹងប្រកបការងារដូចម្ដេច? កាលដែលព្រះសម្មាសម្ពុទ្ធ ស្ដេចកំពុងយាងទៅកាន់ចារិកយ៉ាងនេះ ក៏សេដ្ឋីបុត្តទាំង ៤ នាក់នោះ ឥតមាននិយាយយ៉ាងនេះថា យើងទាំងឡាយនឹងឲ្យទាន នឹងបូជានឹងរក្សាសីលដូច្នេះសោះ បែរជានិយាយយ៉ាងនេះថាយើងទាំងឡាយផឹកស្រាឲ្យស្រវឹង ហើយស៊ីសាច់ដែលមានរស់ជាតិឆ្ងាញ់ពិសាទើបពេញជាការរស់នៅមានប្រយោជន៍។ ម្នាក់ទៀតនិយាយថា យើងគួរតែបរិភោគបាយអង្ករ ស្រូវសាលីដែលមានក្លិនក្រអូប និងវត្ថុផ្សេងៗ។ ម្នាក់ទៀតនិយាយថា យើងចំណាយប្រាក់ឲ្យពួកស្រីៗ ទោះបីកូនប្រពន្ធគេក៏គង់តែស្ម័គ្រចិត្តនឹងយើងមិនខាន ហើយពួកយើង នឹងធ្វើបរទារកម្មឲ្យពេញបន្ទុក។ សេដ្ឋីបុត្តទាំង ៤ នាក់នោះ យល់ព្រមព្រៀងគ្នាហើយចាប់ផ្ដើមអំពីថ្ងៃនោះមក ក៏តែងតែបញ្ជូនទ្រព្យទៅឲ្យស្រីៗ ទាំងឡាយដែលមានរូបល្អហើយធ្វើនូវបរទារកម្មអស់ ២ម៉ឺនឆ្នាំ លុះធ្វើមរណកាលទៅបានកើតជាលោហកុម្ភីនរក ជម្រៅ ៨០ យោជន៍ លិចចុះទៅអស់ ៣ ម៉ឺនឆ្នាំ ទើបដល់បាតខ្ទះអណ្តែតឡើងអស់៣ម៉ឺនឆ្នាំ ទើបដល់មាត់ខ្ទះ ហើយទើបចង់ពោលគាថាម្នាក់មួយៗ ប៉ុន្តែមិនអាចពោលទាន់ ក៏ពោលបានត្រឹមតែពាក្យ ទុ.ស.ន.សោ. ហើយក៏ត្រឡប់លិចចុះទៅក្នុងខ្ទះទង់ដែងវិញទៅ។ សត្វនរកទី ១ បម្រុងនឹងពោលយ៉ាងនេះថា ទុ.ទុជ្ជីវិតមជីវិម្ហា យេ សន្នោ ន ទទាមសេ វិជ្ជមានេសុ ភោគេសុ ទីបំ នាកម្ហ អត្តនោ។
យើងទាំងឡាយ មានជីវិតដ៏លាមក បានរស់នៅហើយកាលដែលភោគសម្បត្តិកំពុងមាន យើងទាំងឡាយមិនបានឲ្យទានសោះ យើងទាំងឡាយមិនបានធ្វើនូវទីពឹងដល់ខ្លួនឯងសោះឡើយ។ សត្វនរកទី២ បម្រុងនឹងពោលយ៉ាងនេះថា ស.សដ្ឋីរស្សសហស្សានិ បរិបុណ្ណានិ សព្វសោ និរយេ បច្ចមានានំ កទា អន្តោ ភវិស្សតិ។
យើងទាំងឡាយ ដែលបាបកម្មចម្អិនក្នុងនរកអស់ ៦ ម៉ឺនឆ្នាំពេញគ្រប់គ្រាន់មិនលើសមិនខ្វះ ឱ!កាលណាហ្ន! នឹងមានទីបំផុតនៃសេចក្ដីទុក្ខ។ សត្វនរកទី ៣ បម្រុងនឹងពោលយ៉ាងនេះថា ន.នត្ថិ អន្តោ កុតោ អន្តោ បដិនិស្សតិ តទា ហិ បកតំ បាបំ មម តុយ្ហញ្ច មារិស។
ទីបំផុតនៃសេចក្ដីទុក្ខរបស់យើងទាំងឡាយ មិនមានឡើយ មានទីបំផុតនៃសេចក្ដីទុក្ខពីណា ទីបំផុតនៃសេចក្ដីទុក្ខមិនប្រាកដទេ ម្នាលអ្នកដូចជាខ្ញុំ ដ្បិតពីកាលណោះ ខ្ញុំនឹងអ្នកទាំងឡាយ បានធ្វើបាបពេញបន្ទុកណាស់។ សត្វនរកទី ៤ បម្រុងនឹងពោលយ៉ាងនេះថា សោ.សោហំ នូន ឥតោ គន្គ្វា យោនី លទ្ធាន មានុសី វនញ្ញូ សីលសម្បន្នោ កាហាមិ កុសលំ ពហុំ។
បើខ្ញុំបានរួចអំពីនេះទៅ ហើយបានកើតជាមនុស្ស នឹងជាអ្នកដឹងនូវពាក្យពេចន៍បរិបូណ៍ដោយសីល ខ្ញុំនឹងខំធ្វើតែបុណ្យកុសលយ៉ាងច្រើន។ មនុស្សយើង កាលដែលមិនទាន់បានឃើញទោសកំហុសចំពោះខ្លួនឯងទេ រមែងចេះតែគ្រាន់បើលើខ្លួនឯងចេះតែមានអំនួត អួតអាតចំពោះអំណាចដែលខ្លួនមាន ទីបំផុតក្នុងលោកនេះមិនមានអ្វីជាទីពឹងឡើយ។ ដកស្រង់ចេញពីសៀវភៅ ក្តីសង្ឃឹមអ្នកមានគុណ ដោយ៥០០០ឆ្នាំ |