Reading Article
Public date : 29, Jan 2021 (18,641 Read)
សប្បុរសទាន ៥ យ៉ាង

|
សប្បុរសទាន ៥ យ៉ាង
១. សក្កច្ចំ ទានំ ទេតិ ឲ្យទានដោយគោរព ចំពោះវត្ថុដែលគួរឲ្យ ២. ចិតឹ កត្វា ទានំ ទេតិ ឲ្យទានដោយតាំងចិត្តគោរពចំពោះ វត្ថុនឹងបដិគ្គាហកៈ ៣. សហត្ថា ទានំ ទេតិ ឲ្យទានដោយដៃខ្លួនឯង ៤. អនបវិដ្ឋំ ទានំ ទេតិ ឲ្យទានដោយមិនបោះឲ្យ ៥. អាគមនទិដ្ឋិកោទានំ ទេតិ ឲ្យទានដោយចិត្តជឿថា នឹងបានទទួលផលដោយពិត។ សូមពិចារណាផងថា ការដែលយើងធ្វើអ្វីមួយហើយ រមែងឲ្យផលយ៉ាងពិតប្រាកដ ដូចជាការសិក្សាជាដើម ពេលដែលយើងខំរៀនរមែងបានទទួលលទ្ធផលល្អយ៉ាងពិត មានការងារជាច្រើនទៀត មិនរៀបរាប់បញ្ចូលក្នុងទីនេះ យ៉ាងណាមិញការឲ្យទានរបស់យើងក៏មានផល ៥ យ៉ាងដែរ... ១. សទ្ធាយ ទានំ ទេតិ ឲ្យទានដោយសទ្ធា បុគ្គលដែលឲ្យទានដោយសទ្ធាដោយផលទានទាំងនោះកើតឡើងក្នុងទីណាៗ ជាបុគ្គលស្ដុកស្ដម្ភ មានទ្រព្យច្រើនមានភោគៈច្រើនផង ជាបុគ្គលមានរូបល្អ គួររមិលមើលជាទីជ្រះថ្លាប្រកបដោយភាពជាអ្នកមានសប្បុរសធម៌ល្អដ៏ក្រៃលែង។ ២. សក្កច្ចំ ទានំ ទេតិ ឲ្យទានដោយគោរព បុគ្គលដែលឲ្យទានដោយគោរព ដោយផលទាននោះកើតក្នុងទីណាៗ ជាបុគ្គលស្ដុកស្ដម្ភ មានទ្រព្យច្រើនមានភោគច្រើនផង ពួកជនណា ទោះបីកូនក្ដី ប្រពន្ធក្ដី ខ្ញុំក្ដី អ្នកបម្រើក្ដី អ្នកធ្វើការក្ដី របស់បុគ្គលនោះជនទាំងនោះតែងស្ដាប់ដោយល្អផ្ទៀងសោតាតាំងចិត្តដើម្បីដឹងផង។ ៣. កាលេន ទានំ ទេតិ ឲ្យទានសមគួរតាមកាល បុគ្គលដែលឲ្យទានតាមកាលដ៏សមគួរ ដោយផលទាននោះ កើតក្នុងទីណាៗ ជាបុគ្គលស្ដុកស្ដម្ភមានទ្រព្យច្រើន មានភោគច្រើន ប្រយោជន៍ គឺពោរពេញ រមែងមកតាមកាលដ៏គួរដល់បុគ្គលនោះផង។ ៤. អនុគ្គហិតចិត្តោ ទានំ ទេតិ ឲ្យទានដោយសេចក្ដីអនុគ្រោះបុគ្គលដែលឲ្យទានដោយចិត្តអនុគ្រោះ ដោយផលទាននោះ កើតក្នុងទីណាៗ ជាអ្នកស្ដុកស្ដម្ភមានទ្រព្យច្រើន មានភោគច្រើន រមែងបង្អោនចិត្តទៅដើម្បីបរិភោគកាមគុណ ៥ ដ៏លើសលប់ផង។ ៥. អត្តានញ្ច បរញ្ច ទានំ ទេតិ ឲ្យទានដោយមិនបានបៀតបៀនខ្លួនឯង និងអ្នកដទៃ បុគ្គលដែលឲ្យទានមិនបានបៀតបៀនខ្លួនឯង និងអ្នកដទៃដោយផលទាននោះកើតក្នុងទីណាៗ ជាបុគ្គលស្ដុកស្ដម្ភមានទ្រព្យច្រើន មានភោគៈច្រើន សេចក្ដីអន្ដរាយនៃភោគទាំងឡាយមិនមានមកពីទីណាមួយ គឺភ្លើង អំពីទឹក អំពីស្ដេច អំពីចោរ អំពីហេតុមិនជាទីស្រលាញ់ និងមនុស្សដែលជា ទាយាទ។ ទាំងអស់នេះហើយដែលយើងត្រូវពិចារណាអំពីសេចក្ដីល្អរបស់ខ្លួនឯងដែលបានធ្វើ និងបានបរិច្ចាគជាច្រើនឬមួយកំពុងតែធ្វើសព្វថ្ងៃនេះ។ ចំពោះទានដែលកូនបានធ្វើហើយមិនមានផល មានដែរសូមសិក្សាដូចតទៅនេះ ដែលពួកសប្បុរសឲ្យឈ្មោះថា អសប្បុរិសទាន មាន ៥ យ៉ាងគឺ ១. អសក្កច្ចំ ទានំ ទេតិ ឲ្យទានដោយមិនគោរពវត្ថុ គឺមិនបានសម្អាតផ្ចិតផ្ចង់ទេយ្យវត្ថុឲ្យថ្លៃថ្លាជាងមុន។ ២. អបចិតឹ កត្វា ទានំ ទេតិ ឲ្យទានដោយមិនតាំងចិត្តចំពោះវត្ថុ និងអ្នកទទួល (គឺមើលងាយ) ៣. អសហត្ថា ទានំ ទេតិ មិនឲ្យដោយដៃខ្លួនឯង (ប្រើគេ) ៤. អបវិដ្ឋំ ទានំ ទេតិ ឲ្យទានធ្វើដូចយកទៅបោះចោល ៥. អនាគមនាទិដ្ឋិកោទានំទេតិ ឲ្យទានដោយយល់ថាមិនមានផល។ ដូច្នេះ កូនធ្វើអ្វីមួយត្រូវពិចារណាឲ្យបានច្រើនផងណា កូនរបស់ម៉ែព្រោះអំពើ ដែលយើងធ្វើទៅលើអ្វីមួយ រមែងមានការល្អ និងអាក្រក់យ៉ាងនេះហើយមុន នឹងនិយាយស្ដីអ្វីមួយចូរពិចារណាទុកជាមុន ថាតើអ្វីដែលយើងធ្វើ អ្វីដែលយើងធ្វើ អ្វីដែលយើងពោលទៅនោះមានទោស ឬក៏គ្មានទោស។
ដកស្រង់ចេញពីសៀវភៅ ក្តីសង្ឃឹមអ្នកមានគុណ ដោយ៥០០០ឆ្នាំ |