Reading Article
Public date : 29, Jul 2019 (25,214 Read)
រូបស្អាត ក្លិនក្រអូប

|
រូបស្អាត ក្លិនក្រអូប
ផ្កាឈើដែលចេញពីចុងមែកក្ដី ចេញពីដើមក្ដីសូម្បីថាដើមនៅទាបតឿជាប់នឹងផែនដីក៏ដោយ ឲ្យតែថារូបស្អាត ហើយមានក្លិនក្រអូប មនុស្សទាំងឡាយគេមិនរង្កៀសអ្វីឡើយ គេរមែងបេះ ឬកាត់ចេញពីដើម នាំយកមកក្រងដើម្បីប្រដាប់សីសៈ ឬក៏ដាក់ថូដើម្បីថ្វាយព្រះពុំនោះសោតទេ គេដាក់ភាជនៈណាមួយដោយល្អ ហើយតាំងទុកក្នុងបន្ទប់ទទួលភ្ញៀវជាដើម ដោយមិនចាំបាច់រំពឹងគិតទៅដល់ដើមផ្កានោះៗ ថាមានសភាពយ៉ាងណា និងកើតនៅទីណាឡើយ។ សេចក្ដីខាងលើនេះ យ៉ាងណាមិញ មនុស្សយើងក៏យ៉ាងនោះដែរ ទោះជាកើតក្នុងត្រកូលក្រីក្រ ឬមានកំណើតក្នុងឋានៈដែលគេសន្មតថាអន់ថយ ឬក៏មានរូបរាងមិនសូវល្អស្អាតយ៉ាងណា តែបើថាជាអ្នកមាននូវវិជ្ជា មានចំណេះចេះដឹងប្រពៃពិតហើយ គឺរមែងក្លាយជាមនុស្សមានតម្លៃ ជាទីនិយមរាប់អាននៃអ្នកដទៃទាំងពួង ដោយមិនមានអ្នកណារង្កៀសចំពោះទៅលើរូបរាង ឋានៈ ឬវង្សត្រកូលឡើយ ព្រោះសេចក្ដីល្អដែលបុគ្គលនោះមាន បានដល់ចំណេះវិជ្ជា ដែលជាគ្រឿងបិទបាំងនូវអ្វីដែលគួរឲ្យរង្កៀសដទៃៗបាត់អស់ទៅហើយ ដូចជាផ្កាឈើរូបស្អាតថែមទាំងមានក្លិនក្រអូបទៀតនោះ ធ្វើឲ្យមនុស្សទាំងពួងប្រាថ្នា ដោយមិនត្រូវចាំបាច់អ្វីគិតដល់សភាពនៃដើមរបស់វាឡើយ។ ដោយហេតុនេះ មនុស្សយើងទើបត្រូវសាងតម្លៃឲ្យដល់ខ្លួនឯង ដោយការប្រឹងប្រែងស្វែងរកនូវចំណេះវិជ្ជាមកប្រដាប់ខ្លួន។ ផ្កាឈើ ពិតថាស្អាត និងក្រអូប រមែងមានតម្លៃជាទីនិយមនៃមនុស្សទាំងឡាយ តែនេះដោយចំពោះក្នុងខណៈនៅស្រស់តែប៉ុណ្ណោះ បើស្វិតក្រៀមទៅហើយនោះ គឺអស់ស្អាត បាត់ក្រអូប និងមិនមានតម្លៃក្នុងការប្រដាប់តាក់តែងឡើយ នឹងយកទៅថ្វាយព្រះក៏មិនកើតតាំងទុកដើម្បីលម្អ ឬដើម្បីក្លិនក្រអូបអ្វីៗ ក៏មិនបានទាំងអស់ ម្ល៉ោះហើយវាជាសំរាមដែលគេត្រូវចោល។ ក្នុងចំណុចខាងលើនេះ យ៉ាងណាមិញ មនុស្សដែលមាននូវចំណេះវិជ្ជាដ៏ដូចគ្នាដែរ បើភ្លើភ្លេចសតិតម្កើងឫក ប្រកាន់ខ្លួន និងថោកទាប វាក៏ក្លាយទៅជាមនុស្សអស់តម្លៃ ព្រោះថា ការចេះដឹងនឹងជាប្រយោជន៍ពិតទៅបាន គឺ ត្រូវអាស្រ័យមានមារយាទល្អជាទីរ៉ាប់រងនិងជាគូគ្នារហូតទៅ។ បើមានតែចំណេះវិជ្ជា ឆ្លាតក្នុងការងារប៉ុណ្ណោះ ឯមារយាទវិញនោះ អន់ថយថោកទាបប្រព្រឹត្តឡេះឡោះ មិនសង្រួមក្នុងកាម ប្រព្រឹត្តអនាចារ ។ល។ គឺមិនខុសអ្វីអំពីផ្កាដែលស្វិតក្រៀមនោះដែរ សូម្បីមានគេលើកតម្កើងក្នុងកាលមុនក៏ដោយ ដល់ពេលក្រោយមានការស្វិតក្រៀម ពោលគឺមានមារយាទអាក្រក់ គេនឹងបោះបង់ចោល ថែមទាំងស្អប់ខ្ពើមទៀតផង តាមវិស័យនៃមនុស្សទូទៅ ដូចជាគេចោលផ្កាដែលអស់ស្អាត បាត់ក្រអូប ស្វិតស្អុយ ទៅក្នុងធុងសំរាមដូច្នេះឯង។ ដកស្រង់ចេញពីសៀវភៅ ពន្លឺធម៌ព្រះពុទ្ធ ដោយ៥០០០ឆ្នាំ |