Reading Article
Public date : 29, Jul 2019 (13,041 Read)
ស្រណោះមេអក

|
ស្រណោះមេអក
មេបក្សី នៅពេលដែលពងហើយ ត្រូវក្រាបត្រូវរក្សាពងក្នុងសំបុក ឯបក្សីឈ្មោលដែលត្រូវជាគូ ក៏ដឹងតួនាទីរបស់ខ្លួន ត្រូវទៅស្វែងរកចំណីដើម្បីខ្លួនឯងផង ដើម្បីគូគ្រងរបស់ខ្លួនផង និងជួយក្រាបពងក្នុងវេលាផ្លាស់ប្ដូរគ្នាផង។ យ៉ាងនោះ រហូតដល់កូនញាស់ចេញចាកស៊ុត ទាំងមេទាំងឈ្មោលត្រូវបន្ថែមភារៈបន្ថែមយ៉ាងធ្ងន់ ដោយការហើរឡើង ហើរចុះ ដើម្បីរកចំណីមកចិញ្ចឹមកូនតូចៗទាំងព្រឹកទាំងល្ងាច។ អ្នកណាដែលថា មានតែមនុស្សប៉ុណ្ណោះដែលស្រឡាញ់កូននោះ គឺពុំមែនឡើយ។ តាមពិតយើងសង្កេតឃើញប្រភេទសត្វតិរច្ឆានច្រើនណាស់ ដែលស្រលាញ់កូនដ៏គួរឲ្យសិក្សាពិចារណា គ្រាន់តែផ្សេងគ្នាត្រង់ដែលមនុស្សស្រលាញ់កូនដល់ស្លាប់បាត់បង់ជីវិត មិនព្រមលះបង់ចោលកូនឡើយ ឯចំណែកសត្វ កាលបើកូនធំ ដុះស្លាបហើយបាន មានកម្លាំងល្មមរកស៊ីខ្លួនឯងកើតហើយើ ក៏បែកចាកពីមេបារបស់ខ្លួន ទៅតាមទំនើងចិត្ត។ ចាស់បុរាណធ្លាប់បានពោលរឿងសត្វអក ទុកមកថា កាលមានមនុស្សចាប់យកកូនចេញពីសំបុកទៅ ដល់មេវាត្រឡប់មកពីរកចំណីមិនឃើញកូន ក៏ខូចចិត្ត ហើយហើរឡើងទៅលើខ្ពស់ រួចក្ដោបស្លាបទម្លាក់ខ្លួនចុះ បោកខ្លួននឹងផែនដីយ៉ាងខ្លាំងរហូតដល់ស្លាប់ របៀបដូចជាការព្រាត់គូដូច្នោះដែរ។ ព្រោះហេតុនោះទើបចាស់ៗ ហាមកូនចៅមិនឲ្យទៅចាប់កូនសត្វអក ឬបំបែកគូវាឡើយដោយខ្លាចថាមេ ឬគូរបស់វាបោកខ្លួនឲ្យស្លាប់ព្រោះតែអាល័យ នាំឲ្យជាប់បាបកម្មពៀរវេរាដែលគួរឲ្យខ្លាច។ ចាករឿងសត្វអកនេះ មានគតិឲ្យមនុស្សគ្រប់គ្នាពិចារណាថា សូម្បីវាជាសត្វ តែវាស្រឡាញ់កូន ស្រឡាញ់គូគ្រងស្មើជីវិតរបស់ខ្លួន បើមានការព្រាត់ប្រាស យំរកមិនឃើញច្រើនថ្ងៃ ក៏នឹកថាកូន ឬគូរបស់វាស្លាប់ទៅហើយខ្លួនឯងក៏សុខចិត្តស្លាប់តាមដែរ ទាំងដែលសេចក្ដីស្លាប់នេះជាភ័យរបស់មនុស្សសាមញ្ញសត្វដ៏ក្រៃលែងនោះ។ កូនមនុស្សខ្លះព្យាយាមគេចចេញពីម៉ែពីឪ ដែលម៉ែឪខំព្យាយាមទូន្មានប្រៀបប្រដៅណែនាំឲ្យបានជាមនុស្សល្អគឺមិនជឿមិនស្ដាប់ និងមិនព្រមប្រព្រឹត្តតាមឡើយ។ ជាកូន ដែលវង្វេងទៅសេពគប់ជាមួយមនុស្សអាក្រក់ជាមិត្តប្លម ហើយប្រព្រឹត្តខ្លួនជាមនុស្សចៃសង្គម រហូតក្លាយជាមនុស្សអន្ធពាល ដូច្នេះទើបនៅនឹងផ្ទះជាមួយម៉ែឪមិនបានត្រូវគេចាប់យកទៅឲ្យនៅក្នុងគុក ជាប់ឃុំឃាំងតាមទោសកំហុសរបស់ខ្លួន។ របៀបនេះ វាស្រដៀងគ្នានឹងកូនសត្វអកដែលត្រូវគេចាប់ពីសំបុកទៅ ម៉ែឪត្រូវដេកមិនលក់បាយមិនបាន កើតការក្រៅក្រហាយចិត្ត និងខូចចិត្តត្រង់ដែលកូនជាមនុស្សលំបាកប្រដៅ ចចេសក្បាលរឹង សេពគប់បាបមិត្ត និងប្រព្រឹត្តអាក្រក់ថោកទាប រហូតដល់ត្រូវទទួលទុក្ខទោសជាទម្ងន់។ ចូរកូនៗ សម្លឹងមើលមេបក្សាបក្សី ដែលស្រលាញ់កូនរបស់ខ្លួន ហើយចូរដឹងដល់ព្រះគុណរបស់មាតាបិតាថា លោកទាំងពីរស្រលាញ់យើង ប្រាថ្នាល្អចំពោះយើងដ៏ក្រៃលែង។ ចូរកូនប្រុសស្រីកុំធ្វើខ្លួនឲ្យមាតាបិតាសោកសៅដំបៅចិត្ត ព្រោះហេតុតែយើងជាកូនប្រព្រឹត្តអាក្រក់ឡើយ។ ដកស្រង់ចេញពីសៀវភៅ ពន្លឺធម៌ព្រះពុទ្ធ ដោយ៥០០០ឆ្នាំ |