Reading Article
Public date : 29, Jul 2019 (11,280 Read)
បណ្ដុះពូជមេត្តា

|
នៅពេលភ្លៀងធ្លាក់ជាបន្តបន្តាប់ ផែនដីទទួលទឹកជ្រួតជ្រាបសព្វ បណ្ដាគ្រាប់ពូជទាំងឡាយក៏បានដុះ រុក្ខជាតិដែលស្វិតស្រពោន និងដែលជ្រុះស្លឹកអស់ ក៏ប្រែជាស្រស់ និងលាស់ស្លឹកខៀវខ្ចី មានលំពង់មានត្រួយ រុក្ខជាតិល្អស្លឹក ព្រោះមានភ្លៀង។ មានពូជមួយបែបទៀត ដែលត្រូវអាស្រ័យទឹកដូចគ្នាដែរ ប៉ុន្តែជា <<ទឹកចិត្ត>> មិនមែនជាទឹកភ្លៀងទេ ព្រោះថាពូជនោះគឺពូជមេត្តា។ មេត្តា ក៏ដូចជាពូជដទៃៗទៀតដែរ ព្រោះត្រូវដាំត្រូវបណ្ដុះក្នុងផែនដី គឺចិត្តសន្ដានហ្នឹងឯង ដូចពាក្យថា បណ្ដុះពូជឈើនៅលើដី បណ្ដុះមេត្រីនៅក្នុងចិត្ត ស្រោចទឹកមេត្តាកុំឲ្យស្វិត ថែកុសលពិតកុំឲ្យរោយ។ ការបណ្ដុះបណ្ដាលនូវមេត្រីភាព ក្នុងចិត្តសណ្ដានបានដល់ បំណងល្អ គិតល្អ ប្រាថ្នាល្អ ដើម្បីអ្នកដទៃរស់នៅជាសុខ គឺជាការប្រាសចាកនូវការបៀតបៀន និងបំណងអាក្រក់ផ្សេងៗទៅអ្នកដទៃនោះៗ។ បុគ្គលដែលមានចិត្តពេញទៅដោយមេត្តា រមែងសាងតែមិត្តនៅជុំវិញខ្លួន ឬនៅគ្រប់ទិស គ្រប់ស្ថានម្លោះហើយ បុគ្គលនោះទើបមានតែអ្នកដែលស្រលាញ់រាប់អានដោយទូទៅ ហើយមិនមានចាត់ទុកអ្នកណាជាសត្រូវឡើយ រស់នៅដោយចិត្តត្រជាក់ ប្រាសចាកពៀរប្រាសចាកចិត្តព្យាបាទ។ ទាំងអស់នេះ រមែងបានសម្រេចមកអំពីពូជមេត្តា ដែលខ្លួនបានបណ្ដុះទុកហើយដោយល្អនិងបានស្រោចទឹកជាប្រចាំហ្នឹងឯង។ ដកស្រង់ចេញពីសៀវភៅ ពន្លឺធម៌ព្រះពុទ្ធ ដោយ៥០០០ឆ្នាំ |