Reading Article
Public date : 29, Jul 2019 (11,177 Read)
ព្រះពុទ្ធសាសនា និងវិទ្យាសាស្ត្រទំនើប

|
ព្រះពុទ្ធសាសនា និងវិទ្យាសាស្ត្រទំនើប
តើព្រះពុទ្ធសាសនាប្រឆាំងនឹងវិទ្យាសាស្ត្រទំនើបដែរទេ?
ក្នុងចំណោមសាសនាធំៗទាំងអស់នៃពិភពលោក ពាក្យទូន្មានរបស់ព្រះសម្មាសម្ពុទ្ធមិនមានជំនាស់ ឬប្រឆាំងធំដុំណាមួយចំពោះរបកគំហើញនៃវិទ្យាសាស្ត្រទំនើបទេ។ ព្រះពុទ្ធសាសនាមិនមានអភូតហេតុដែលបង្កើតឡើង ថែមទាំងមិនមានបំណងសន្មតបាតុភូតធម្មជាតិឲ្យទៅជាហេតុមួយដែលហួសពីធម្មតានោះដែរ។ វិទ្យាសាស្ត្រទទួលយកយ៉ាងពេញទំហឹង នូវទ្រឹស្ដីនៃការវិត្តដែលជាការបង្ហាញយ៉ាងច្បាស់នូវពុទ្ធវចនៈស្ដីពីអនិច្ចភាព។ ដូច្នេះវាមិនមានភាពលំបាកចំពោះអ្នកវិទ្យាសាស្ត្រទំនើប ដែលប្រើនូវកំទេចកំទីនៅសល់ កាបូន និងភស្តុតាងនៃភូគម្ភសាស្ត្រ ដើម្បីកំណត់នូវអាយុរបស់ផែនដីប្រមាណ ៤.៥ កោដិ ឆ្នាំនោះឯង។ របគំហើញទាំងនោះតាមពិតទៅ បានបញ្ជាក់និងគាំទ្រនូវព្រះពុទ្ធវចនៈ ដែលថា ផែនដីជាភពមួយមានអាយុរាប់កល្ប។ ព្រះសម្មាសម្ពុទ្ធទ្រង់បានសម្ដែងយ៉ាងពិសេសថា មានប្រពន្ធផ្កាយរាប់មិនអស់នៅក្នុងភព ហើយថាពិភពលោករបស់យើងនេះគឺដូចជាបណ្ដុំនៃធូលីប្រៀបទៅនឹងភាពធំធេង និងភាពផ្សេងៗនៃសាកល។ ព្រះអង្គទ្រង់មិនទទួលស្គាល់ថា ព្រះអាទិទេពជាអ្នកបង្កើតនូវផែនដីនេះ ឬថាជាអ្នកបង្កើតនូវមនុស្សសត្វលោកនោះឡើយ។ ឆ្លងតាមការប្រើប្រាស់តារាវិទ្យា ផ្កាយរណប និងវិទ្យុចាប់សំឡេង យើងអាចសង្កេតឃើញផ្កាយរាប់សែន និងកញ្ចុំផ្កាយរាប់រយនៅក្នុងសាកល ថែមទាំងយល់ច្បាស់ថា ព្រះសម្មាសម្ពុទ្ធទ្រង់បានធ្វើការសង្កេតយ៉ាងល្អបំផុតអំពីទីកន្លែងរស់នៅក្នុងលោកធាតុ។ ទស្សនៈព្រះពុទ្ធសាសនាស្ដីអំពីពេលវេលា ស្ថិតក្នុងបរិបទមួយជាសាកល ហើយត្រឹមត្រូវបំផុតជាមួយនឹងវិទ្យាសាស្ត្រសម័យទំនើប។ ព្រះពុទ្ធសាសនាបានវាស់នូវអាយុរបស់សាកលលោកជា "កល្ប" ដែលជាអំឡុងពេលយូរអង្វែង ដោយមិនអាចគណនាបាន ប៉ុន្តែព្រះអង្គទ្រង់បានផ្ដល់នូវសេចក្ដីប្រៀបធៀបមួយថា ដូចជាកំណាត់សូត្រដែលគេបោសនូវកំពូលភ្នំជារៀងរាល់មួយរយឆ្នាំម្ដង។ ពេលវេលាដែលធ្វើឲ្យភ្នំរាប ដោយអំណាចនៃការបោសនឹងកំណាត់សូត្ររៀងរាល់មួយរយឆ្នាំម្ដងនេះ គឺប្រហែលជារយៈពេលមួយកល្ប។ ដូច្នេះតាមពុទ្ធសាសនាលោកធាតុនេះ គឺទំនងជាអាចស្របទៅនឹងការស្មានរបស់វិទ្យាសាស្ត្រសម័យបច្ចុប្បន្ន ដែលមានប្រហែលជា ១៣.៧ រយកោដិឆ្នាំ។ ព្រះសម្មាសម្ពុទ្ធទ្រង់បានពិពណ៌នា គួរឲ្យចាប់អារម្មណ៌បំផុតថា សាកលលោកនេះគឺស្ថិតក្នុងសភាពនៃការពង្រីក និងការបង្រួមហើយថា សាកលលោកនេះមានរយៈពេលយូរ ដោយមិនអាចស្រមើស្រមៃបានឡើយ។ ព្រះអង្គទ្រង់បានប្រមើលមើលនូវទ្រឹស្ដីសាកលដែលស្ថិតក្នុងសភាពប្រែប្រួលអស់រយៈពេលជាង២៥០០ ឆ្នាំកន្លងមកហើយ។ នៅក្នុងព្រះសូត្រមួយ ព្រះសម្មាសម្ពុទ្ធទ្រង់បានកាន់ទឹកមួយពែង ហើយទ្រង់បានត្រាស់ថា នៅក្នុងទឹកមួយពែងនេះមានសត្វមានជីវិតរាប់មិនអស់ ។ អស់រយៈពេលយូរមកហើយ គ្មានបុគ្គលណាបានយល់ពីអ្វីដែលព្រះអង្គត្រាស់នោះទេ ប៉ុន្តែសព្វថ្ងៃនេះយើងអាចមើលឃើញសភាវៈរស់ទាំងអស់នោះនឹងកែវយឹត តាមពិតទៅមានសព៌ាង្គកាយចំរុះរាប់មិនអស់នៅក្នុងពែងទឹក។ អ៊ីចឹង វាអាចមានវត្ថុជាច្រើនទៀត ដែលព្រះសម្មាសម្ពុទ្ធទ្រង់បានត្រាស់ទុកមក ប៉ុន្តែយើងមិនទាន់ស្រាវជ្រាវរកឃើញ និងមិនទាន់បានដឹង។ ដកស្រង់ចេញពីសៀវភៅ ឋានសួគ៌សម្រាប់មនុស្សល្អ ដោយ៥០០០ឆ្នាំ |