Reading Article
Public date : 29, Jul 2019 (10,088 Read)
ជីវិតពុកជាមួយគ្រួសារ

|
ជីវិតពុកជាមួយគ្រួសារ
នៅពេលដែលបញ្ចប់ការសិក្សា ពុកមានការងារធ្វើ ពេលនោះហើយ ជាពេលដែលពុកស្វែងរកគូស្រករ ដើម្បីធ្វើជាភរិយារបស់ខ្លួន នាថ្ងៃអនាគត តើនារីមួយណាដែលពុកប្រាថ្នាយកធ្វើជាភរិយា? ពុកមានសម្លឹង ពិនិត្យពិចារណា ចំពោះស្ត្រីដែលខ្លួនជ្រើសរើសយកនោះ តើរូបនាងមានអត្តចរិតស្លូតបូតឬកាច? ហើយនិងមានអាកប្បកិរិយាមារយាទថ្លៃថ្នូរ សមជាស្ត្រីខ្មែរដែលមានម៉ែឪគ្រប់គ្រងដែរឬទេ? មិនមែនជាស្ត្រីប្រព្រឹត្តអំពើអបាយមុខមានការសេពសុរា ព្រមទាំងលេងល្បែងស៊ីសងជាដើម។ ហើយជាស្ត្រីដែលស្ដាប់ដំបូន្មានឪពុកម្ដាយចេះគោរពចាស់ទុំព្រឹទ្ធាចារ្យត្រកូលរៀមច្បង ចេះស្រលាញ់បងប្អូន ព្រមទាំងចេះចែករំលែកសេចក្ដីល្អ ដល់បងប្អូនទៀតផង កាលបើឪពុករបស់យើង គាត់បានរកឃើញស្ត្រី ដូចការគិតត្រិះរិះរបស់គាត់ហើយ ពុកក៏មិនទាន់សម្រេចចិត្តដែរ ដោយស្នើសុំឲ្យឪពុកម្ដាយរបស់គាត់ ទៅស៊ើបសួរនឹងពិនិត្យមើលចរិយាមារយាទផងដែរ ប្រសិនបើមាតាបិតារបស់គាត់ យល់ឃើញថានាងមានអត្តចរិតសមរម្យ ព្រមដោយតាយាយរបស់យើងគាត់មានសេចក្ដីស្រឡាញ់ពេញចិត្តដែរនោះ ទើបសុំឲ្យឪពុកម្ដាយរបស់គាត់ ចូលស្ដីដណ្ដឹងនារីនោះមកធ្វើជាភរិយារបស់គាត់។ បន្ទាប់ពីការចូលដណ្ដឹង តាមច្បាប់ប្រពៃណីរួចហើយ មិនយូប៉ុន្មានសម្លេងភ្លេងការបានបន្លឺឡើង ពុករបស់យើង បានក្លាយជាកូនកម្លោះយ៉ាងស្រស់សង្ហា ចំណែកអ្នកម្ដាយយើងវិញនោះបានក្លាយទៅជាកូនក្រមុំយ៉ាងស្រស់ស្អាតប្រិមប្រិយដូចទេពអប្សរ។ ក្រោយពេលដែលជីវិតអាពាហ៍ពិពាហ៍ បានកន្លងផុតទៅអស់រយៈកាលជាច្រើនខែ ម៉ែគាត់មានអាការៈក្អួតចង្អោរ លោកពុកមានទឹកមុខភ័យស្លន់ស្លោ ហើយបាននាំភរិយាទៅសួរនាំអំពីចាស់ទុំ ដែលរស់នៅក្នុងភូមិជាមួយគ្នា ឬឪពុកម្ដាយរបស់ខ្លួន ក្រែងរូបគាត់ដឹងអំពីអាការៈក្អួតចង្អោរនោះ ហើយពុកបាននាំអ្នកម៉ែ ទៅរកពេទ្យឆ្មបអ្នកបង្កើតទារក ឬទៅកាន់មណ្ឌលសុខភាពពោលគឺមន្ទីពេទ្យ ដើម្បីឲ្យបានដឹងអាការៈកាន់តែច្បាស់ឡើង ក្រោយពេលដែរលោកគ្រូពេទ្យឬអ្នកគ្រូពេទ្យបានពិនិត្យច្បាស់លាស់ហើយ បានប្រាប់ដំណឹងឲ្យពុកដឹងថា ភរិយារបស់លោកមានភភ៌ហើយ ខណៈពេលនោះឯង ពុកគាត់មានការសប្បាយចិត្តខ្លាំងណាស់ គឺមានសេចក្ដីត្រេកអរយ៉ាងក្រៃលែងហួសឧបមា រកអ្វីប្រៀបផ្ទឹមគ្មានដោយគាត់បានរំពឹងគិតថា គាត់គឺមានកូនតវង្សត្រកូលរបស់គាត់ហើយ ទោះកូននោះប្រុស ឬស្រី ក៏ដោយ។ ដោយផ្លូវធ្វើដំណើរល្អផងនោះ ទើបលោកឪពុក គាត់ជូនរូបអ្នកម៉ែទៅកាន់មន្ទីរពេទ្យដោយងាយស្រួលគ្មានការលំបាកអ្វីឡើយ។ មួយខែឬពីរខែ ពុកគាត់តែងតែនាំភរិយាទៅកាន់មណ្ឌលសុខភាពម្ដង ដើម្បីចង់ដឹងអំពីសុខភាពរបស់កូននៅក្នុងផ្ទៃ និងសុខភាពភរិយារបស់ខ្លួនដោយមានការព្រួយបារម្ភជានិច្ច ព្រោះខ្លាចភរិយានិងកូនជួបប្រសព្វនូវអន្តរាយ ដោយប្រការណាមួយ ម្លោះហើយ ពុកតែងតែហាមប្រាមភរិយាមិនឲ្យធ្វើការងារធ្ងន់ មានការរែកទឹក ការពុះអុស កាប់ដី ជំរះស្មៅ លើកដាក់សម្ភារៈធ្ងន់ៗដទៃទៀតដែលជាហេតុ នាំឲ្យប៉ះពាល់ដល់ទារក នៅក្នុងផ្ទៃនិងសុខភាពរបស់ខ្លួន ពុកតែងតែរ៉ាប់រងនូវការងារគ្រប់បែបយ៉ាងទាំងអស់ ទោះការងារនោះធ្ងន់ក្ដីស្រាលក្ដី ការងារក្ដៅរងាដូចម្ដេចក្ដី នៅក្នុងផ្ទះក្ដីក្រៅផ្ទះក្ដី ពុករបស់យើង គាត់ធានាអះអាងគ្រប់ការងារទាំងអស់ ដោយមិនមានចិត្តរួញរាសូម្បីតែបន្តិចឡើយ ដើម្បីឲ្យភរិយានិងកូនបាននូវសេចក្ដីសុខទាំងផ្លូវកាយទាំងផ្លូវចិត្ត។ ពុកខំប្រឹងធ្វើការឥតហ៊ានឈប់ឈរ ទោះការងារជួញដូរក្ដី ស្រែចម្ការក្ដី ស៊ីឈ្នួលធ្វើកម្មករគេក្ដី ដើម្បីឲ្យបានប្រាក់យកមកសន្សំទុកផ្គត់ផ្គង់ភរិយានិងកូនក្នុងផ្ទៃ ហើយខ្លួនឯង មិនហ៊ានយកទៅចាយវាយផ្ដេសផ្ដាស់ឡើយ ទោះបីចំណង់ចង់បរិភោគអ្វីក៏ដោយ ពុកស៊ូទ្រាំអត់ធន់នឹងសេចក្ដីស្រេកឃ្លាននោះ គាត់តែងតែបួងសួងបន់ស្រន់ ចំពោះទេវតា និងវត្ថុសក្តិសិទ្ធ ក្នុងលោកជាពិសេសនោះបុណ្យព្រះរតនៈត្រ័យ ដើម្បីឲ្យកូនដែលប្រសូតិមកនោះ ព្រមទាំងភរិយាដល់ព្រមដោយសុវត្ថិភាពល្អ កុំឲ្យមានភ័យអន្តរាយណាមួយ មកបៀតបៀនដល់កូនភរិយារបស់ខ្លួនឡើយ។ ដល់ថ្ងៃដែលអ្នកម្ដាយត្រូវឆ្លងទន្លេ រូបពុកមិនបាននៅស្ងៀមឡើង គាត់បានទៅរកឆ្មប ដែលមានជំនាញ ឬបញ្ជូនអ្នកម្ដាយទៅកាន់មន្ទីពេទ្យ ដើម្បីឲ្យលោកគ្រូពេទ្យនិងអ្នកគ្រូពេទ្យ ជួយសម្រាលកូនឲ្យភរិយាខ្លួនពេលដែលម៉ែ កំពុងប្រសូតបុត្រនោះ កាយវិការពុកនៅមិននឹងទេ គាត់ដើរទៅដើរមកដោយមានទឹកមុខស្លេកស្លាំងក្រៀមក្រំ ព្រោះភ័យខ្លាចភរិយានិងបុត្រគឺមានគ្រោះថ្នាក់ ដោយប្រការណាមួយគាត់ ឈរ អង្គុយ ទន្ទឹងរង់ចាំ ដោយក្ដីអន្ទះសាជានិច្ច ហើយគាត់ចង់ដឹង ចង់ឮ ចង់ឃើញ មុខកូនហើយនិងភរិយា ការប្រសូតបុត្របានដោយសុវត្ថិភាពហើយ រូបពុកមានសេចក្ដីរំភើបត្រេកអរក្នុងចិត្តដ៏ក្រៃលែង នេះសម្រាប់អ្នកម្ដាយ ព្រមទាំងកូនដែលមានបុណ្យសំណាងល្អពីបុព្វេមក។ ផ្ទុយទៅវិញមានអ្នកម្ដាយខ្លះ ឆ្លងទន្លេមិនរួច ត្រូវបានលោកគ្រូពេទ្យ វេជ្ជបណ្ឌិត បញ្ជូនទៅកាន់កន្លែងវះកាត់ ដើម្បីយកកូនចេញមក ពេលនោះហើយពុកមានភាពតក់ស្លុតជាខ្លាំង ក្នុងចិត្តក្ដុកក្ដួលអួលណែនឱរា និយាយមិនចេញមានតែបង្ហូរទឹកនេត្រាតែប៉ុណ្ណោះឯង ពុកខ្លះរូបគាត់គ្រាន់តែលួចយំក្នុងចិត្ត មិនបានសម្ដែងអាការៈឲ្យគេដឹងឡើយ មានពុកខ្លះ មានស្មារតីខ្សោយ អាចសន្លប់បាត់បង់ស្មារតីក៏សឹងតែមាន ព្រោះគាត់មានការខ្លោចចិត្តអាណិតភរិយាជាខ្លាំង ហើយបានស្ដីបន្ទោសខ្លួនឯង ចង់រ៉ាប់រងទុក្ខលំបាកនោះ ជំនួសភរិយា។ ប្រសិនបើបុណ្យវាសនាមាន ការវះកាត់អាចនឹងទទួលជោគជ័យបាន អាចបាត់បង់ជីវិតម៉ែសល់តែរូបកូនក៏មាន ឬបាត់បង់ជីវិតកូនគឺនៅសល់ជីវិតម៉ែក៏មាន ជួនកាលអាចបាត់បង់ ទាំងពីរក៏មាន នេះហើយដែលធ្វើឲ្យពុក មានការព្រួយបារម្ភដ៏ក្រៃលែង លើសអ្វីៗទាំងអស់ សូម្បីជិវិតខ្លួនឯងក៏មិនគិតដែរ ឬក៏ត្រូវលក់ដីស្រែចម្ការក្ដីព្រមទាំងសម្ភារៈដទៃទៀត មានផ្ទះ ម៉ូតូឡាន ក៏ដោយ រហូតដល់ជីវិតខ្លួនឯងក៏ហ៊ានលះបង់ដើម្បីបុត្រនិងភរិយាដែរ។ ពេលដឹងថាភរិយាឆ្លងទន្លេ ឬការវះកាត់យកកូនគ្មានគ្រោះថ្នាក់ដល់ជីវិតទាំងពីរទេ រូបពុកមានសេចក្ដីត្រេកអរ រកអ្វីប្រៀបផ្ទឹមពុំបានឡើយ ហើយពុកក៏ទទួលរ៉ាប់រង ការងារគ្រប់បែបយ៉ាងទោះកិច្ចការសម្រាប់បុរសក្ដី ស្ត្រីក្ដី មានការដណ្ដាំបាយធ្វើម្ហូប ទៅផ្សារ និងបោកសំលៀកបំពាក់ភរិយា ព្រមទាំងក្រណាត់ ទឹកមូត្រ លាមករបស់ទារក ឬដាំទឹកថ្នាំសម្រាប់កូនខ្ចី លាងសំអាតចាន ឆ្នាំង ទុកដាក់ឲ្យបានស្រួលបួល ឲ្យមានអនាម័យល្អ ជួយថែរក្សាមើលទារក ព្រមទាំងការងារដទៃផ្សេងទៀត ពុកតែងតែធ្វើរបៀបនេះ ជារៀងរាល់ថ្ងៃ រហូតដល់បីបួនប្រាំខែ ព្រោះខ្លាចភរិយាធ្វើការទៅ នាំឲ្យប៉ះពាល់ដល់សុខភាព ដែលខ្មែរយើងពោលថា ទាស់សរសៃខ្ចីនោះឯង ពុកតែងតែមានការប្រុងប្រយ័ត្នជានិច្ច ទាំងការហូប ការដេក ការឈរ ការអង្គុយរបស់ភរិយា។ ដកស្រង់ចេញពីសៀវភៅ ដំណើរជីវិតពុកម៉ែ ដោយ៥០០០ឆ្នាំ |