Reading Article
Public date : 29, Jul 2019 (9,274 Read)
យើងក្រោធគឺសាងទុក្ខឲ្យខ្លួនឯង

|
ពិចារណាថាយើងក្រោធគឺសាងទុក្ខឲ្យខ្លួនឯង
គប្បីពិចារណាក្នុង ៧ចំណុចនេះ ១- ប្រហារផ្លូវចិត្តខ្លួនឯងព្រោះសេចក្ដីក្រោធ បើយើងត្រូវចោរបៀតបៀន ក៏ចំពោះតែផ្លូវកាយប៉ុណ្ណោះ ឯចំណែកខ្លួនឯងវិញ ព្រោះការខឹងក្រោធកើតឡើង បានប្រហារ បានបៀតបៀន បានដុតរោលដល់សន្ដានចិត្តរបស់ខ្លួនឯង ព្រោះហេតុនេះ បើយើងគិតថា មេត្តាគេមិនបានទេ គឺសូមកុំភ្លេចមេត្តាខ្លួនឯងឲ្យសោះ កុំដុតចិត្តខ្លួនឯងដោយសេចក្ដីក្រោធឡើយ។ ២- គាំទ្រសេចក្ដីក្រោធ ដែលកាត់ឫសគល់នៃកុសលទាំងឡាយរបស់ខ្លួន សេចក្ដីក្រោធធ្វើឲ្យយើងវិនាសនូវកុសលគ្រប់យ៉ាង មានកុសលសីលជាដើម កាលបើយើងគាំទ្រសេចក្ដីក្រោធ តើយើងហ្នឹងល្ងង់ប៉ុនណាទៅ? ៣- ធ្វើអំពើព្រៃផ្សៃឲ្យដល់ខ្លួនឯង ព្រោះសេចក្ដីក្រោធយើងកើតទុក្ខមិនសុខចិត្ត ដោយគិតថា គេបានធ្វើអំពើព្រៃផ្សៃរំលោភបំពានមកលើយើង ចុះចំណែកខ្លួនយើងដែលដុតចិត្តខ្លួនឯង ឲ្យក្ដៅរោលរាល និងដុតបំផ្លាញនូវគុណធម៌ផ្សេងៗទៀតជាច្រើនរបស់ខ្លួននោះ តើវាព្រៃផ្សៃប៉ុនណាដែរទៅ? ៤- វាជាចំណុចខ្សោយរបស់យើង កាលបើអ្នកដទៃចង់បៀតបៀនយើង គេប្រើនូវល្បិចកលផ្សេងៗដើម្បីឲ្យយើងខឹងក្រោធ ដូច្នេះការខឹងក្រោធវាជាចំណុចខ្សោយមួយរបស់យើង ដែលធ្វើឲ្យបំណងរបស់គេបានសម្រេច។ ៥- គួរឲ្យតិះដៀលខ្លួនឯងណាស់ នៅពេលដែលយើងខឹង ទោះជាយើងប្រាថ្នាបៀតបៀនគេក្ដី ឬមិនប្រាថ្នាក្ដី តែវាបានបៀតបៀនខ្លួនឯងរួចស្រេចទៅហើយ។ តាមធម្មតាយើងស្រលាញ់ខ្លួនឯងខ្លាំងណាស់ តែដល់ពេលខឹងក្រោធយើងល្ងង់ដល់ថ្នាក់បៀតបៀនខ្លួនឯង។ ៦- ឡើងកាន់ផ្លូវទៅរកគ្រោះថ្នាក់ បើយើងដឹងថាពួកអ្នកក្រោធទាំងឡាយ ឡើងកាន់ផ្លូវគ្រោះថ្នាក់ ផ្លូវមរណៈទៅហើយនោះ ហេតុអ្វីយើងត្រូវទៅតាមផ្លូវនោះដែរ ឬមួយយើងមិនដឹងថា សេចក្ដីក្រោធជាផ្លូវនៃសេចក្ដីវិនាសអន្តរាយទេ? ៧- ខន្ធ ៥ ជាទុក្ខ ឬព្រោះយើងកើតមកទើបយើងមានទុក្ខ មានសត្រូវណាមកធ្វើទុក្ខឲ្យយើងបាន បើយើងមិនកើតមកទេនោះ អធិប្បាយថា ព្រោះបញ្ចក្ខន្ធកើតឡើងទើបមានទុក្ខ ទុក្ខរមែងមិនមាន កាលណាដែលអស់បញ្ចក្ខន្ធ។ ដកស្រង់ចេញពីសៀវភៅ វិធីរម្ងាប់សេចក្ដីក្រោធ ដោយ៥០០០ឆ្នាំ |