Reading Article
Public date : 29, Jul 2019 (10,781 Read)
លាភ និង អលាភ

|
លាភ និង អលាភ
ធម្មតាអ្នកជំនួញ តែងស្ថិតនៅក្រោមស្ថានភាពពីរយ៉ាងគឺ ខាត និង ចំណេញ។ ជាទូទៅ គេតែងសប្បាយរីករាយនៅពេលដែលគេបានលាភ គឺការចំណេញ ឬថាការបាននូវទ្រព្យសម្បត្តិ ហើយទាស់ចិត្តទៅនឹងការបាត់បង់លាភ។ នៅក្នុងពិភពលោក ដែលពោរពេញទៅដោយការប្រកួតប្រជែង និងច្របូកច្របល់នេះ មនុស្សលោកតែងត្រូវការនូវសេចក្ដីសុខណាមួយ ដែលញ៉ាំងចិត្ត ឬហឫទ័យរបស់គេឲ្យរីករាយ។ ការបាននូវលាភ ឬទ្រព្យសម្បត្តិ គឺកើតឡើងដោយសារបុណ្យ ដែលធ្លាប់សន្សំទុកក្នុងកាលអតីតៈ រួមជាមួយនឹងសេចក្ដីប្រឹងប្រែងនាពេលបច្ចុប្បន្ន។ ចំណុចល្អនៃការបានលាភ កាលបើមានលាភ ឬទ្រព្យសម្បត្តិយើងអាចធ្វើអ្វីៗ ដែលទាក់ទងទៅនឹងការចំណាយធនធានដោយស្រួល ដូចជា ១- ចិញ្ចឹមជីវិតខ្លួនឯង មាតាបិតា បុត្រ ភរិយា ឬ ទាសកម្មករដែលនៅជាមួយខ្លួន។ ២- ចាយទ្រព្យដើម្បីការពារទ្រព្យ គឺចាយដោយការវៃឆ្លាត ដើម្បីដោះខ្លួនឯង ឲ្យរួចពីសេចក្ដីអន្តរាយផ្សេងៗ ដូចជាអន្តរាយព្រោះភ្លើងព្រោះទឹក ឬក៏អន្តរាយព្រោះចោរជាដើម។ ៣- ចាត់ចែង សម្រាប់ជួយសង្គ្រោះញាតិ និងទុកសម្រាប់ទទួលភ្ញៀវ ដែលមកពីចម្រាយ........... (សំដៅដល់ពលី៥យ៉ាង មានញាតិពលីជាដើម)។ ៤- ចាត់ចែងបរិច្ចាគធ្វើទាន ដល់សមណព្រាហ្ម អ្នកមានសីលជាទីស្រលាញ់។
លាភ ឬទ្រព្យសម្បត្តិ អាចប្រើប្រាស់ឲ្យបានជាប្រយោជន៍ច្រើនយ៉ាងទៀត ដែលទាក់ទងទៅនឹងការចំណាយធនធាន ដូចជាការបង់ថ្លៃសាលាជាដើម។ គុណវិបត្តិនៃការមានលាភ លាភសក្ការៈ ឬទ្រព្យសម្បត្តិ អាចនាំឲ្យបានសម្រេចប្រយោជន៍ ដូចដែលបានរៀបរាប់មកខាងលើក៏ពិតមែនហើយ តែក៏អាចសម្លាប់នូវម្ចាស់របស់វា ដែលល្ងង់ខ្លៅបានផងដែរ ព្រោះលាភឬទ្រព្យសម្បត្តិមិនអាចជួយឲ្យមនុស្ស អស់នូវការសៅហ្មងបានឡើយ បើបាត់បង់ស្មារតីហើយ មនុស្សយើងមុខជាសៅហ្មងដោយសារតែលោក ឬទ្រព្យសម្បត្តិដោយពិតប្រាដក។ មនុស្សជាច្រើន កាលនៅមិនទាន់សម្បូរលាភ ឬទ្រព្យសម្បត្តិ មិនទាន់ជាភ្លើតភ្លើនប៉ុន្មានទេ លុះតែបានលាភ ឬទ្រព្យសម្បត្តិកើតឡើង ក៏ស្រាប់តែបែកគំនិតទៅក្នុងរឿងផ្សេងៗ ដូចជា ស្រី ស្រា ល្បែង និង បាបមិត្តជាដើម ដោយគេយល់ថា ទាល់តែហ៊ឺហាសប្បាយចាយវាយ ទើបជីវិតមានន័យ។ គំហើញដ៏ឆោតល្ងង់ របស់សត្វទាំងឡាយ បានបង្កើតឲ្យគេនូវគំនិតថា របស់ផ្សេងៗ ដែលជាគ្រឿងបម្រើសេចក្ដីសប្បាយរបស់ខ្លួន ឬដែលខ្លួនយកមកប្រើដើម្បីបម្រើសេចក្ដីសប្បាយនោះ គឺជាគំនិតដែលត្រឹមត្រូវ តែគំនិតសច្ចធម៌ វិញឆ្លុះបញ្ចាំងឲ្យឃើញច្បាស់ថា សត្វលោកទេតើ ដែលយកខ្លួនឯងទៅបម្រើរបស់ទាំងនោះ ក្នុងក្របខ័ណ្ឌនៃការបម្រើតណ្ហារបស់ខ្លួនឯង។ មនុស្សជាច្រើនយល់ថា មានប្រាក់អ្វីៗទាំងអស់ ហើយដោះស្រាយបញ្ហាអ្វីក៏បាន ប៉ុន្តែគេមិនបានដឹងទាល់តែសោះថា ប្រាក់ខ្លួនវាផ្ទាល់ ក៏នាំនូវបញ្ហាមកជាមួយដែរដូច្នេះប្រសិនបើគេប្រើប្រាស់ ដោយប្រាសចាកសតិស្មារតីហើយ គេមុខជានឹងស្រវឹងតាំងពីពេលដែលមិនទាន់ត្រូវស្រាម្ល៉េះ។ ដកស្រង់ចេញពីសៀវភៅ រលកលោកធម៌ ដោយ៥០០០ឆ្នាំ |