Reading Article
Public date : 29, Jul 2019 (12,287 Read)
វាសនាបារមី

|
វាសនាបារមី
វាសនាបារមី យើងបានយល់ដឹងជាទូទៅថា បើអ្នកណាមានហើយ នឹងជាមនុស្សសម្បូណ៌ទៅដោយសេចក្ដីសុខ លាភយស និងឋានៈមុខនាទី។ មនុស្សដែលមានវាសនាបារមីល្អ រមែងជាទីរាប់អាន គោរពស្រលាញ់របស់មនុស្សគ្រប់ជាន់គ្រប់ថ្នាក់ បើមានបុគ្គលណាប៉ងប្រទូសរ៉ាយ ឬច្រណែនឈ្នានីសគិតផ្ដួលរំលំ រមែងប្រព្រឹត្តទៅមិនបានឡើយ ត្រឡប់បែរទៅជាចាញ់ខ្លួនឯងវិញ។ វាសនាបារមី សំដៅដល់សេចក្ដីល្អដែលបានសន្សំទុកមកយូរហើយ រហូតក្លាយជាបុណ្យបារមីដែលសម្បូណ៌ពេញទី អាចតបស្នងផលឲ្យដល់អ្នកធ្វើ បានសម្រេចតាមប្រាថ្នា។ មនុស្សយើងយើងអាចសាងបំពេញនូវវាសនាបារមីនោះបាន គឺធ្វើឲ្យកើតមានក្នុងខ្លួន ដោយបដិបត្តិចម្រើនគុណធម៌ ៣ ប្រការ ១ បុព្វេកតបុញ្ញតា ភាពជាអ្នកមានបុណ្យបានធ្វើទុកក្នុងកាលមុន។ ពាក្យថា មុន ក្នុងទីនេះមាន ២ ផ្នែកគឺ ក្នុងជាតិមុនៗ និងក្នុងជាតិនេះឯង។ បុណ្យដែលបានធ្វើក្នុងជាតិមុនៗ ដូចជា ធ្លាប់ឲ្យទានមកច្រើន ធ្លាប់រក្សាសីលបានបរិសុទ្ធ ធ្លាប់អប់រំចិត្តបានល្អជាដើម ដូច្នេះរមែងតបស្នងឲ្យអ្នកធ្វើតាំងតែអំពីបដិសន្ធិ ដូចជាកើតក្នុងត្រកូលខ្ពង់ខ្ពស់ មានសម្បត្តិច្រើន កើតមកមានរូបរាងល្អមានប្រាជ្ញាឈ្លាសវៃជាដើម ជាប្រភេទមនុស្សអ្នកមានបុណ្យបារមីមកកើត។ ចំណែកបុណ្យដែលបានធ្វើក្នុងថ្ងៃមុនៗក្នុងជាតិនេះនោះ សំដៅដល់ការដែលបានកើតមកជាមនុស្សហើយ មិនមានប្រមាទក្នុងជីវិត តាំងចិត្តធ្វើសេចក្ដីល្អផ្សេងៗ ចេះប្រយ័ត្នប្រយែង និងឧស្សាហ៍ ព្យាយាម។ មនុស្សដែលមានបុណ្យបានធ្វើទុកមកទាំងពីរផ្នែកគឺទាំងសេចក្ដីល្អក្នុងជាតិមុន និងសេចក្ដីល្អក្នុងជាតិនេះ បុណ្យវាសនាបារមីនោះឯង រមែងធានារ៉ាប់រងជីវិតក្នុងការធ្វើជីវិតឈានទៅដល់សេចក្ដីសម្រេច។ ២- សប្បុរិសូបសំសេវ ការបានចូលទៅសេពគប់ជាមួយនឹងសប្បុរស។ គុណធម៌ទី ២ នេះ ដោយអាស្រ័យបាននៅក្នុងប្រទេសដ៏សមគួរ គឺប្រទេស ឬកន្លែងដែលមានសប្បុរស នេះជាគុណធម៌ដ៏សំខាន់ក្នុងបច្ចុប្បន្នជាតិព្រោះការសេពគប់នឹងសប្បុរសនាំឲ្យបានស្ដាប់នូវព្រះធម៌ដែលជាប្រទីបបំភ្លឺប្រាប់អំពីការពិតនៃជីវិត។ ការបានស្ដាប់ព្រះធម៌នាំមកនូវបញ្ញា ដែលជាការជ្រោមជ្រែងដល់វាសនាបារមីដ៏សំខាន់បំផុត។ ៣- អត្តសម្មាបណិធិ ការតម្កល់ខ្លួនដោយប្រពៃ។ គុណធម៌ទី ៣ នេះ បានដល់ការប្រព្រឹត្តបដិបត្តិល្អ គឺជាមនុស្ស ដែលប្រកាន់យកនូវគុណធម៌ជាសម្បត្តិដ៏មានតម្លៃបំផុតក្នុងជីវិត។ មនុស្សយើងពិតមែនតែមានបុណ្យវាសនាចាស់បានសាងទុកមក តែបើបច្ចុប្បន្នជាមនុស្សប្រមាទឡេះឡោះ ប្រព្រឹត្តតែអំពើថោកទាបផ្សេងៗបុណ្យវាសនាដែលសាងពីមុននោះ រមែងកប់បាត់ មិនបានឲ្យផលសម្រេចឡើយ។ ផ្ទុយមកវិញ បើវាសនាបារមីចាស់ដែលបានសាងមក ពុំសូវសម្បូណ៌យ៉ាងណាក៏ដោយតែបច្ចុប្បន្នបានប្រព្រឹត្តល្អ បដិបត្តិដោយប្រពៃ តម្ដល់ខ្លួនក្នុងសទ្ធា សីល សុតៈ ចាគៈ និងបញ្ញា មិនញាប់ញ័រទៅតាមអំណាចនៃវត្ថុញុះញង់ក្នុងលោក រមែងធ្វើឲ្យមានវាសនាបារមីដល់ព្រមដោយសព្វគ្រប់។ សរុបសេចក្ដីមក គ្រប់គ្នាមានឱកាសបំពេញវាសនាបារមី។ ប្រសិនបើគុណធម៌ទី ១ មិនបានបំពេញ ព្រោះកាលដែលកន្លងទៅ ត្រូវសេចក្ដីប្រមាទគ្របសង្កត់ តែមនុស្សយើង អាចបំពេញបាននូវគុណធម៌ទាំងពីរប្រការចុងក្រោយ គឺអាចធ្វើបានក្នុងជាតិនេះ។ ក្មេងចេញពីស្រុកស្រែមក បានជារដ្ឋមន្ត្រី មនុស្សដែលរត់ពីស្រុកក្រៅមក មានខោអាវតែមួយចង្កេះ អាចបានជាសេដ្ឋី មនុស្សអ្នកបម្រើគេ អាចបានជាព្រះរាជាទាំងអស់នេះមានមកជាហូរហែ ជាការបញ្ជាក់ប្រាប់អំពីបុណ្យវាសនាបារមីរបស់មនុស្សយើង។ ដកស្រង់ចេញពីសៀវភៅ ពន្លឺធម៌ព្រះពុទ្ធ ដោយ៥០០០ឆ្នាំ |