Reading Article
Public date : 29, Jul 2019 (17,706 Read)
ហេតុអ្វីសត្វនរកមិនស្លាប់?

|
ហេតុអ្វីសត្វនរកមិនស្លាប់?
សេចក្ដីនេះគួរឲ្យមានសេចក្ដីសង្ស័យណាស់ដែរ តាមដែលយើងបានអានពីខាងដើមមក យើងបានដឹងថា សេចក្ដីទុក្ខក្នុងនរកធ្ងន់ក្រៃពេកណាស់ មិនអាចនឹងពណ៌នាប្រៀបធៀបនឹងសេចក្ដីទុក្ខក្នុងមនុស្សបានឡើង ចុះហេតុអ្វីក៏សត្វនរកនៅតែមិនចេះស្លាប់? សេចក្ដីនេះខ្ញុំមិនបានបកស្រាយទេ តែសូមនិមន្តនិង អញ្ជើញមិត្តអ្នកអានទាំងឡាយសិក្សាអំពីការសន្ទនាសាកច្ឆារវាងព្រះបាទ មិលិន្ទ្រាធិរាជ និងព្រះអរហន្តមួយព្រះអង្គព្រះនាម នាគសេនត្ថេរ ដូចតទៅ ស្ដេចមិលិន្ទ្រៈ (បពិត្រលោកម្ចាស់ សេចក្ដីថា ភ្លើងនរកមានកម្ដៅក្ដៅជាទីបំផុត ជាងភ្លើងជាប្រក្រតីសព្វថ្ងៃនេះ ឯភ្លើងយើងជាប្រក្រតីនេះ ថាបើបុគ្គលនឹងយកដុំថ្មយ៉ាងតូចប្រមាណប៉ុនកុំភួនដៃឬ ប៉ុនកំភួនជើងទៅដាក់ដុតក្នុងគំនរភ្លើងយ៉ាងធំៗ អស់ពេលប្រហែលមួយថ្ងៃក៏ដោយ ឯដុំថ្មតូចនោះមិនអាចរលាយទៅបានឡើយ ចំណែកភ្លើងក្នុងស្ថាននរកនោះ ថាបើមានដុំថ្មយ៉ាងធំប៉ុនផ្ទះចុះទៅក្នុងនរកនោះ ដុំថ្មនោះឯងក៏នឹងរលាយសាបសូន្យទៅមួយរំពេចមិនខានឡើយ។ ពាក្យពោលយ៉ាងនេះខ្ញុំមិនជឿសោះឡើយ ម្យ៉ាងទៀតថា សត្វដែលកើតក្នុងស្ថាននរកនោះមានអាយុវែងរាប់ពាន់ឆ្នាំ។ បើភ្លើងនរកនោះមានកំដៅដល់ម្ល៉ោះ ហេតុអ្វីក៏មិនឆេះកំទេចសត្វនរកឲ្យស្លាប់មួយរំពេចទៅ? ម្ដេចក៏ឲ្យរស់នៅយូរម្លេះ? សេចក្ដីយ៉ាងនេះខ្ញុំរកជឿមិនបានសោះលោកម្ចាស់។ ព្រះនាគសេនត្ថេរៈ បពិត្រមហារាជ! ចុះមហាបពិត្រស្តេចជ្រាបដែរឬថា មេក្ដោក មេមាន់ មេក្រពើ និងមេអណ្ដើកទាំងឡាយនោះវាស៊ីទំពារស៊ី ឬតែងលេបនូវដុំថ្ម ឬដុំគ្រួស (ឬគ្រាប់ស្រូវ) ទាំងឡាយទៅក្នុងពោះវាមែនឬមិនមែនទេមហារាជ? មៈ អាម ភន្តេ បពិត្រលោកម្ចាស់ដ៏ចម្រើន! ឯពាក្យនោះយ៉ាងហ្នឹងហើយ។ នៈ កឹ បន តានិ មហារាជ បពិត្រមហារាជ ចុះដុំថ្មឬដុំគ្រួស (គ្រាប់ស្រូវ) ដែលចូលទៅក្នុងផ្ទៃ ប្រហែលជារលួយដែរឬអ្វី មហារាជ? មៈ អាម ភន្តេ បពិត្រលោកម្ចាស់ដ៏ចម្រើន! ឯដុំទាំងនោះតែងក្ដៅរលួយទៅមិនសេសសល់ទេ។ នៈ បពិត្រមហារាជ! ចុះគភ៌គឺពងឬ កូនដែរនៅក្នុងផ្ទះមេនៃសត្វទាំងនោះប្រហែលជារលួយរលាយអស់ដូចជាដុំថ្ម និង ដុំក្រួស (ឬគ្រាប់ស្រូវ) នោះឬដូចម្ដេច? មៈ ន ហិ ភន្តេ បពិត្រលោកម្ចាស់ដ៏ចម្រើន! គម៌ ឬកូន របស់សត្វទាំងនោះមិនរលួយរលាយឡើយលោកម្ចាស់។ នៈ កេន ការណេន ព្រោះហេតុដូចម្ដេចមហាបពិត្រ ត្រង់ថ្មនិងដុំគ្រួស(ឬគ្រាប់ស្រូវ) ចេះឆេះរលួយទៅបាន ឯគក៌ដែលស្ថិតនៅក្នុងពោះនៃសត្វនោះដូចគ្នាដែរ បែរទៅជាមិនរលួយ សេចក្ដីនេះគួរឲ្យសង្ស័យដែរមហារាជ តើស្ដេចនឹងទ្រង់ជ្រាបយ៉ាងណា? មៈ មញ្ញាមិ ភន្តេ បពិត្រលោកម្ចាស់ដ៏ចម្រើន! ឯគភ៌របស់សត្វដែលមិនរលួយ ដូចអាហារទាំងពួងនោះ ព្រោះគភ៌នោះអាស្រ័យនៅដោយកំលាំងនៃផលកុសល ឬ អកុសលដែលសត្វនោះបានធ្វើហើយនោះឯង សូមលោកម្ចាស់ជ្រាប។ នៈ ឯវមេវ ខោ មហារាជ បពិត្រស្ដេចមហារាជ! សេចក្ដីនេះប្រៀបដូចសត្វនរកដែលកើតក្នុងភ្លើងនរកៗ ឆេះកំដៅអស់មួយពាន់ឆ្នាំ ឬច្រើនជាងមួយពាន់ឆ្នាំ ហើយសត្វទាំងនោះមិនរលាយបាត់បង់ជីវិតទៅបាន ក៏មិនមែនដោយហេតុអ្វីឡើយ គឺដោយកំលាំងនៃអកុសលកម្មរបស់សត្វនោះឯង ហើយបានជាសត្វបានកើត បានចម្រើននៅក្នុងនរកនោះ វេលាដល់ស្លាប់ក៏ស្លាប់ក្នុងទីនោះផង បពិត្រមហារាជ! សេចក្ដីនេះត្រូវគ្នានឹងសុភាសិតរបស់ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ទេសនាទុកមកថា សោ ន ច តាវ កាលំ ករេយ្យ យាវ ន តំ បាបកម្មំ ព្យន្តី ហោតិ សេចក្ដីថា បើបាបកម្មមិនទាន់អស់ឬមិនទាន់វិនាសទៅដរាបណា សត្វ(នរក)នោះក៏មិនទាន់ធ្វើកាលកិរិយាទៅដរាបនោះសូមទ្រង់ជ្រាប។ ទ្រង់សម្ដែងអំពីការដែលសត្វនរកមិនងាយស្លាប់ នោះព្រះនាគសេនត្ថេរបានឧបមាដោយច្រើនទៀតដូចជា មេខ្លាធំ មេខ្លាដំបងជាដើម តែងទំពាស៊ីនូវសាច់និង ឆ្អឹងនៃសត្វម្រឹគទាំងឡាយ ហើយសាច់និងឆ្អឹងនៃម្រឹគទាំងអស់នោះតែងរលួយអស់គ្មានសេសសល់ តែកូនដែលនៅក្នុងផ្ទៃនៃមេខ្លាធំ ឬមេខ្លាដំបងនោះ តែងមិនស្លាប់ សេចក្ដីនេះយ៉ាងណា រីឯសត្វនរកថ្វីបើភ្លើងនរកក្ដៅដល់ម្លោះនៅតែមិនស្លាប់ ក៏ព្រោះតែកំលាំងនៃបាបកម្មដែលសត្វនរកនោះធ្វើនោះឯង។ ម្យ៉ាងទៀតដូចជាស្ត្រីដែលមានផ្ទៃពោះតែងបរិភោគនូវបង្អែម ឬចំអាប រឹងខ្លះ ទន់ខ្លះ ហើយអាហារទាំងនោះ ក៏រលួយក្លាយជាលាមកមូត្រអស់គ្មានសេសសល់ ប៉ុន្តែសត្វដែលអាស្រ័យនៅក្នុងផ្ទះនោះមិនបានរលាយស្លាប់បាត់បង់ជីវិតឡើយ នេះគឺបណ្ដាលមកពីកុសលនិងអកុសលជាអ្នកគាំទ្រ សេចក្ដីនេះយ៉ាងណា រីឯសត្វនរកថ្វីបើភ្លើងនរកក្ដៅយ៉ាងណាក៏ដោយ ក៏នៅតែមិនស្លាប់ ក៏ព្រោះតែបាបអកុសលរបស់សត្វនរកនោះមិនទាន់អស់ក៏យ៉ាងនោះដែរ។ ដកស្រង់ចេញពីសៀវភៅ តើនរកមានដែរឬទេ ដោយ៥០០០ឆ្នាំ |