Reading Article
Public date : 29, Jul 2019 (8,957 Read)
អដ្ឋកថាលោកធម្មសូត្រទី ៥

|
អដ្ឋកថាលោកធម្មសូត្រទី ៥
បឋមលោកធម្មសូត្រទី៥ មានសេចក្ដីថា វិនិច្ឆ័យដូចតទៅនេះ ដែលឈ្មោះថាលោកធម៌ ព្រោះជាធម៌របស់លោក។ បុគ្គលដែលឈ្មោះថាជាអ្នករួចចាកនូវលោកធម៌ទាំងនេះ មិនមានសោះឡើយ សូម្បីតែព្រះសម្មាសម្ពុទ្ធទាំងឡាយក៏នៅមានដែរ ព្រោះហេតុដូច្នេះ ទើបទ្រង់ត្រាស់ថា លោកំ អនុបរិវត្តន្តិ រមែងវិលទៅតាមនូវសត្វលោក។ មានសេចក្ដីថា រមែងជាប់នៅតាមមិនឈប់ឈរ បានដល់ការមិនត្រឡប់អំពីលោក។ បទថា លោកោ ច អដ្ឋ លោកធម្មេ អនុបរិវត្តតិ ទាំងសត្វលោកនេះ ក៏រមែងជាប់តាមនូវលោកធម៌ទាំង៨នេះ អធិប្បាយថា មិនត្រឡប់ចាកធម៌ទាំងនោះ។ ក្នុងបទថា លាភោ អលាភោ គប្បីជ្រាបថា កាលបើលាភមកដល់ហើយការមិនមានលាភក៏មកដល់ដូចគ្នាដែរ។ សូម្បីនៅក្នុងលោកធម៌ដទៃទៀត ដូចជាការមានយសជាដើម ក៏មានសេចក្ដីដូចគ្នានេះដែរ។ បទថា អវេក្ខតិ វិបរិណាមធម្មេ បានដល់ការពិចារណាយ៉ាងនេះថា ធម៌ទាំងនេះមានសេចក្ដីប្រែប្រួលទៅជាធម្មតា។ បទថា វិធូបិតា បានសេចក្ដីថា វិនាសហើយ គឺថាកម្ចាត់អស់ហើយ។ បទថា បទញ្ច ញត្វា បានដល់ការដឹងនូវបទ គឺព្រះនិព្វាន។ បទថា សម្មប្បជានាតិ ភវស្ស បារគូ បានសេចក្ដីថា កាលបើដឹងនូវបទ គឺព្រះនិព្វានហើយ រមែងដឹងដោយប្រពៃដល់សេចក្ដី ដែលខ្លួនបានដល់នូវត្រើយនោះហើយ ក្នុងសូត្រនេះ ទ្រង់ត្រាស់ទាំងវដ្ដៈនិងវិវដ្ដៈ។ ដកស្រង់ចេញពីសៀវភៅ រលកលោកធម៌ ដោយ៥០០០ឆ្នាំ |