Reading Article
Public date : 31, Oct 2022 (11,027 Read)
សិរីជាទ្រព្យដ៏ប្រសើរ

|
សិរីក្នុងទីនេះ គឺសេចក្ដីល្អ ឬជាបុណ្យកុសលដែលមនុស្សយើងបានធ្វើទុកមក តាមលំដាប់លំដោយរហូតបានជាបុញ្ញនិធិ ជាគំនរបុណ្យ ឬជាបុណ្យបារមីដែលជាប់តាមបុគ្គលអ្នកធ្វើនោះរហូតមកហ្នឹងឯង។
សិរី គឺជាទីមកហើយស្ថិតនៅនៃភោគៈទាំងឡាយដោយសេចក្ដីថា ភោគសម្បត្តិទាំងឡាយ ហាក់ដូចជាចូលចិត្តតែមនុស្សណាដែលមានសិរីនៅក្នុងខ្លួនអ៊ីចឹង រីឯមនុស្សណាមិនមានសិរីនៅក្នុងខ្លួន ឬអស់សិរី សម្បត្តិមិនប្រាថ្នានៅជាមួយឡើយ។ មនុស្សយើង សូម្បីបានភោគសម្បត្តិមកអំពីគំនរមរតកក្ដី បានមកអំពីអំពើអ្វីៗផ្សេងៗក្ដី តែកាលណាខ្វះសិរីហើយ ភោគសម្បត្តិអស់នោះ រមែងសន្សឹមៗអស់ទៅៗ ពេលខ្លះសម្បត្តិថ្មីដែលបានមកនោះ ត្រឡប់ទៅជាមកនាំយកសម្បត្តិចាស់ឲ្យវិនាសទៅជាមួយក៏មាន ថែមទាំងគ្រោះថ្នាក់ដល់ខ្លួនជាម្ចាស់ទៀតផង។ បុណ្យដែលចាត់ថាជាសិរីនោះ បានដល់បុណ្យគឺការប្រព្រឹត្តធម៌ដែលជាសេចក្ដីល្អផ្សេងៗ ដូចជាការមានមេត្តាករុណា ការអើពើទំនុកបម្រុង ការមានអាជីពសុចរិត ការនិយាយពីរោះ ការគោរពឱនលំទោនជាដើម ដែលធ្វើឲ្យអ្នកដទៃពេញចិត្ត ជិតដិតស្និទ្ធស្នាល និងជាឧបការៈជួយឲ្យខ្លួនឯងមានសេចក្ដីចម្រើន ឈានឡើងដោយលំដាប់ រួមទាំងការវៀរចាកនូវអំពើអាក្រក់ទុច្ចរិតគ្រប់បែប វៀរចាកអបាយមុខគ្រប់ប្រការ ហើយមានព្យាយាម មិនខ្ជិលច្រអូសក្នុងការងារផ្សេងៗផង ទាំងអស់នេះឯងគឺជាសិរីរបស់មនុស្ស។ មនុស្សដែលប្រព្រឹត្តធម៌ដូចពោលមកនេះ ចាត់ថាជាមនុស្សមានសិរី និងសមគួរជាមនុស្សប្រភេទ ជាទីមកហើយស្ថិតនៅនៃភោគៈទាំងឡាយ ។ ចំណែកបុគ្គលមិនប្រព្រឹត្តធម៌ វៀរចាកទុច្ចរិតមិនបាន ញៀនក្នុងអបាយមុខសព្វគ្រប់ ដូចនេះ ទោះជាបានទ្រព្យសម្បត្តិពីណាមកក៏ដោយ ក៏នៅមិនយូរឡើយ ត្រឹមតែមួយថ្ងៃ ពីរថ្ងៃ ក៏នឹងមានហេតុឲ្យទ្រព្យចេញចាក ទៅនៅជាមួយមនុស្សមានសិរីវិញដោយពិត ។ សិរីនេះនៅជាមួយអ្នកណា គឺជារបស់អ្នកនោះមិនអាចខ្ចីគ្នា ឬសូម ឬលួចបានឡើយ មិនមែនដូចជាទ្រព្យខាងក្រៅដែលអាចខ្ចីគ្នាជាដើមបាននោះទេ។ ម្យ៉ាងទៀត សិរីបានដល់ភាពជាធំ មានឋានៈខ្ពង់ខ្ពស់ មានស័ក្តិមានយស ដោយបុណ្យបារមីចាស់ ឬបុណ្យថ្មីក៏ដោយ ដោយការចេះដឹងព្រមដោយសមត្ថភាពពិតប្រាកដក៏ដោយ អ្នកនោះ រមែងបានទទួលនូវទ្រព្យសម្បត្តិទាំងឡាយដែលមកអំពីគ្រប់ទិសទាំងពួង ព្រោះមានភាពជាធំនោះឯង។ ដោយហេតុនោះ បើត្រូវការឲ្យមានសិរីសួស្ដីក្នុងខ្លួន ឬនៅជាមួយខ្លួន ត្រូវសាងសិរីសួស្ដីនោះ ដោយការប្រព្រឹត្តខ្លួនឲ្យជាមនុស្សល្អ ជាមនុស្សយល់ហេតុយល់ផង និងមានគុណធម៌ មានទឹកចិត្ត មិនឃើញតែខ្លួនឯង មានព្យាយាមមាំមួន ចេះប្រយ័ត្ន មានកតញ្ញុតាធម៌ គ្រប់គ្រងអាជីពដោយសីល ធ្វើតែការងារប្រាសចាកទោស វៀរចាកអបាយមុខដាច់ខាង ។ល។ ពោលគឺចេះរៀបចំជីវិតឲ្យជាទីកើតឡើង និង ជាទីអាស្រ័យនៅនៃសិរីសួស្ដីហ្នឹងឯង។ មនុស្សមានសិរី នៅក្នុងទីណារមែងធ្វើឲ្យទីនោះចម្រើន នៅក្នុងគ្រួសារណា គ្រួសារនោះក៏មានការរស់នៅជាសុខ មានលោភមានយស មានទ្រព្យសម្បត្តិស្ដុកស្ដម្ភគង់វង្ស និងមានភាពត្រជាក់ត្រជំក្នុងក្រុមគ្រួសារនោះៗ។ សិរីទើបជាទ្រព្យដ៏ប្រសើរ និងជាទីស្ថាននៅនៃភោគៈទាំងឡាយដ៏ពិតប្រាកដ។ ដកស្រង់ចេញពីសៀវភៅ ពន្លឺធម៌ព្រះពុទ្ធ ដោយ៥០០០ឆ្នាំ |