Reading Article
Public date : 31, Oct 2022 (36,546 Read)
ព្រះពុទ្ធ

|
ព្រះពុទ្ធ
សិទ្ធត្ថគោតមទ្រង់ប្រសូត្រ នៅក្នុងត្រកូលគ្រួសារដែលគ្រប់គ្រងប្រទេសឥណ្ឌាជាង២៥០០ឆ្នាំ កន្លងមកហើយ។ បិតារបស់ព្រះអង្គជាព្រះមហាក្សត្រនៃត្រកូលនេះ ដែលស្ថិតនៅផ្នែកខាងជើងនៃប្រទេសឥណ្ឌា ជាប់នឹងព្រំប្រទល់ប្រទេសនេប៉ាល់បច្ចុប្បន្ន។ ដោយសារព្រះអង្គជាកូនប្រុសតែមួយគត់នៃព្រះរាជា សិទ្ធត្ថគោតមបានរស់នៅយ៉ាងស្រណុកសុខសប្បាយ ដោយមានអាមាត្រ និងស្រីស្នំនៅជុំវិញ។ សូម្បីតែនៅក្នុងភាពជាយុវវ័យ ព្រះអង្គទ្រង់បានដឹងច្បាស់ថា ព្រះអង្គនឹងមិនអាចសប្បាយរីករាយជារៀងរហូត ក្នុងជីវិតបែបនេះឡើយ។ ព្រះអង្គទ្រង់បានចាប់ផ្ដើមយល់ថា ឋានមនុស្សនេះគឺមិនអាចគេចផុតអំពី ជរា ព្យាធិ និងមរណៈទេ។ នៅក្នុងព្រះជន្មាយុ ២៩ ព្រះវស្សា ទេវតានិងតាបសឥសីបានរំលឹកព្រះអង្គឲ្យបានសម្រេចចិត្តលះបង់នូវជីវិតលោកីយ៍ ដែលពោរពេញដោយសេចក្ដីសប្បាយរីករាយក្លែងក្លាយ។ ព្រះអង្គសម្រេចចាកចេញពីប្រពន្ធ និងកូនដែលជាចំណងដៃគ្រួសារ ដើម្បីស្វែងរកនូវសេចក្ដីសុខអមតៈ។ រយៈពេល ៦ ឆ្នាំ នៃការស្រមើស្រមៃ និងការប្រតិបត្តិជាតាបសឥសី ព្រះអង្គបានយល់ជាក់ច្បាស់ថា ការមិនប្រព្រឹត្តប្រតិបត្តិធូររលុងពេក និងការមិនប្រព្រឹត្តប្រតិបត្តិតឹងពេកនេះហើយ ជាផ្លូវនាំព្រះអង្គឲ្យរកឃើញនូវចម្លើយដែលព្រះអង្គទ្រង់ប្រាថ្នាចង់បាន។ ព្រះអង្គទ្រង់បានសម្រេចចិត្តធ្វើដំណើរតាម មាគ៌ាកណ្ដាល ដែលជាមាគ៌ាមួយមិនធូរពេក ហើយក៏មិនតឹងពេកដែរ។ ព្រះអង្គបានគង់នៅក្រោមដើមពោធិព្រឹក្ស សម្រាកព្រះកាយ និងសោយនូវចង្ហាន់ល្អៗ ហើយបានតាំងចិត្តសច្ចាប្រណិធានមិនក្រោកចេញពីកន្លែងនោះដរាបណាព្រះអង្គមិនទាន់រកឃើញនូវចម្លើយ។ ក្រោយពីការហ្វឹកហាត់ចម្រើននូវសមាធិ បញ្ញាញាណក៏បានកើតចំពោះព្រះអង្គ។ ចាប់តាំងពីពេលនោះឯង ព្រះអង្គត្រូវបានគេហៅថា ព្រះពុទ្ធ ដែលមានន័យថា អ្នកត្រាស់ដឹង។ បន្ទាប់ពីព្រះអង្គទ្រង់បានត្រាស់ដឹងជាព្រះពុទ្ធមក ព្រះអង្គបានចំណាយពេល ៤៥ ព្រះវស្សាទៀត ក្នុងការបង្ហាត់បង្រៀននូវអ្វីដែលព្រះអង្គបានត្រាស់ដឹង ដល់មនុស្សក្នុងសាកលលោក។ ព្រះអង្គបានបង្កើតសមាគមសង្ឃ ហើយព្រះពុទ្ធសាសនាបានផ្សព្វផ្សាយទៅទូទាំងផ្នែកខាងជើងនៃប្រទេសឥណ្ឌា។ ព្រះមហាក្សត្រ ព្រះអរិយៈ ឈ្មួញពាណិជ្ជករ និងអ្នកស្រុកស្រែទាំងឡាយបានក្លាយជាសាវ័ករបស់ព្រះអង្គ ហើយសូម្បីតែបច្ចុប្បន្នកាលនេះ មានមនុស្សរាប់មិនអស់ដែលកំពុងទទួលផលប្រយោជន៍ ពីការប្រតិបត្តិនូវពាក្យប្រៀនប្រដៅរបស់ព្រះអង្គក្នុងជីវិតប្រចាំថ្ងៃ។ ព្រះអង្គបានយាងចូលបរិនិព្វានយ៉ាងស្ងប់នៅក្នុងព្រះជន្មាយុ ៨០ ព្រះវស្សា។ ដកស្រង់ចេញពីសៀវភៅ ឋានសួគ៌សម្រាប់មនុស្សល្អ ដោយ៥០០០ឆ្នាំ |