Reading Article
Public date : 29, Aug 2019 (68,082 Read)
លក្ខណៈរបស់អ្នកបួស

|
លក្ខណៈរបស់អ្នកបួស
អ្នកបួសគឺជាអ្នកស្វែងរកសន្តិភាពឲ្យខ្លួនឯង ទុកដាក់ខ្លួនជាមនុស្សធម្មតាម្នាក់ មិនតម្កើងខ្លួនឯងដោយសារបានបួស មិនជំពាក់ទាក់ចិត្តនៅត្រង់ការគោរពបូជា ថ្វាយបង្គំរបស់អ្នកដទៃ អាស្រ័យខ្លួនជាអ្នកបួសនោះទេ ព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់សម្ដែងថា អ្នកបួសដែលបៀតបៀនបុគ្គលដទៃ សម្លាប់សត្វដទៃ មិនមែនជាបព្វជិត មិនមែនជាសមណៈឡើយ។ ដំណើរជីវិតរបស់អ្នកបួស គឺដើរក្នុងផ្លូវដ៏ស្ងប់ស្ងាត់ ស្ងាត់ជ្រងំ មានមេត្តា មានការមិនបៀតបៀន មិនមានការអាល័យជារុក្ខជាតិអមសងខាងផ្លូវ មានសេចក្ដីព្យាយាមជាជើងដើរទៅមានការឃើញត្រូវនិងការត្រិះរិះជាចក្ខុទាំងគូ មានបណ្ដាំរបស់ព្រះសម្មាសម្ពុទ្ធបរមគ្រូជាអ្នកនាំផ្លូវ ទ្រោលនូវប្រទីបបំភ្លឺក្នុងទឺងងឹត សន្តិបូរីជាដែកដីស្អាត មានក្លិនក្រអូប ប្រាសចាកក្លិនឆ្អាបសម្បូណ៌ឥតខ្វះនូវរបស់ជាភោគផល អ្នកបានទៅដល់មានតែសេចក្ដីក្សេមប៉ុណ្ណោះ ភ័យស្រណោះ អាឡោះអាល័យបន្តិចបន្តួចកុំមានសោះឡើយ កន្លេងនេះជាទិសដៅ ជាទីបំផុតនៃផ្លូវ ដែលអ្នកបួសខំដើរទៅ ទើបបានដល់។ ឈ្មោះថាបព្វជិត គឺជាអ្នកវៀរចាកបាបទាំងពួងឈ្មោះថា សមណៈ គឺជាអ្នកស្ងប់រម្ងាប់ ដូច្នេះវត្ថុបំណងរបស់អ្នកបួស គឺវៀរចាកបាបទាំងពួង និងសេចក្ដីស្ងប់រម្ងាប់។ អ្នកបួសជាអ្នកស្វែងរកសន្តិភាពឲ្យជីវិតរបស់ខ្លួន និង សង្គមសត្វលោក ជាអ្នកធ្វើសង្គ្រាមជាមួយសត្រូវគឺកិលេសក្នុងចិត្តរបស់ខ្លួន ជាអ្នកយកឈ្នះខ្លួនឯងដែលបានធ្លាប់ជាចោរ ឲ្យមកជាអ្នកបួសពិតប្រាកដម្នាក់ ជាសមណៈស្ថិតនៅក្នុងមគ្គដ៏ប្រសើរ មានខន្តីជាទង់ជ័យ។ ដកស្រង់ចេញពីសៀវភៅ មនុស្សនិងការងារ ដោយ៥០០០ឆ្នាំ |