Reading Article
Public date : 03, Apr 2024 (76,379 Read)
លក្ខណៈទិសដៅ
|
លក្ខណៈទិសដៅ
ព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់ថា ព្រះនិព្វានជាបរមធម៌ ស្ងប់ពិត ប្រណីតពិត ផុតទុក្ខទាំងពួងជាលក្ខណៈនៃទិសដៅដែលត្រូវសម្រេចដល់ ជាផលសម្រេចនៃតបធម៌។ មនុស្សមុនសម័យព្រះអង្គត្រាស់ដឹង គេធ្វើតបៈរបស់គេបាននូវអត្តាបរិសុទ្ធ កាលបើអត្តាបរិសុទ្ធ គេរមែងបានទៅនៅជាមួយព្រះជាម្ចាស់របស់គេ ឬព្រះព្រហ្មរបស់គេ គេចូលចិត្តថាមានបរមាត្ម័ន គឺព្រលឹងធំមួយដ៏ក្រៃលែង សម្រាប់អត្តាបរិសុទ្ធរបស់គេចូលទៅជ្រកនៅជាមួយ លែងវិលត្រឡប់មកកើតស្លាប់ជាបន្តទៀតហើយ ទាំងអស់នេះជាការយល់ឃើញមិនពិត ជាតួទិដ្ឋិមួយយល់ខុស ព្រោះការប្រកាន់បញ្ចក្ខន្ធ។ តាមច្បាប់ហេតុនិងផល បានដល់ កម្មខ្មៅឲ្យផលខ្មៅ កម្មសឲ្យផលស ដូច្នេះបើគេមានបំណងចូលទៅកាន់កំណើតព្រហ្ម គេត្រូវចំរើនព្រហ្មវិហារ៤ ឬកម្មដ្ឋានដទៃទៀត រហូតទាល់តែបានសម្រេចនូវហេតុ ដែលឲ្យបដិសន្ធិក្នុងព្រហ្មលោកបាន ទោះបីបានចូលដល់កំណើតជាព្រហ្មក៏ដោយ ក៏នៅជាខន្ធ ជាសង្ខារ ធម្មតា ការមិនទៀងតែងតែមានក្នុងសង្ខារធម៌ជានិច្ច។ ទិសដៅនៃការប្រព្រឹត្តតបធម៌ក្នុងព្រះពុទ្ធសាសនា មិនមែនជាកំណើតអ្វីណាមួយឡើយ ព្រោះបានកំណត់ដឹងនូវសង្ខារធម៌ទាំងពួង ឃើញថាជាទុក្ខហើយ ក៏រលត់នូវឆន្ទរាគៈ រលត់អវិជ្ជារលត់សេចក្ដីប្រកាន់ក្នុងសង្ខារធម៌ទាំងពួងនោះ នេះជាទីបំផុតទុក្ខមានសេចក្ដីស្ងប់ដ៏ក្រៃលែងជាលក្ខណៈ។ ដកស្រង់ចេញពីសៀវភៅ មនុស្សនិងការងារ ដោយ៥០០០ឆ្នាំ |
Articles you may like