Reading Article
Public date : 28, Jul 2019 (17,018 Read)
ភ្លើតភ្លើនក្នុងភ្លើងនរក

|
ភ្លើតភ្លើនក្នុងភ្លើងនរក
<នរក> ប្រែថារណ្ដៅ បានដល់កាមគុណទាំងឡាយ ដែលមានសាមញ្ញជនទាំងពួងតែងឲ្យតម្លៃ និងតែងតែលិទ្ធភ្លក់មិនជិតណាយ ថ្វីបើគេដឹងថា ការព្រឹត្តិបែបនេះ លទ្ធផលគឺសំណើចលាយទឹកភ្នែក ស្រលាញ់លាយស្អប់ យ៉ាងណាក៏ដោយក៏ពួកគេនៅតែស៊ូទ្រាំ ព្រោះគេមិនបានស្គាល់ច្បាស់នូវគុណតម្លៃនៃព្រះសម្មាសម្ពុទ្ធ ប្រៀបបីដូចជាសត្វមមាចដែលសប្បាយភ្លើតភ្លើនជាមួយព្រះអគ្គីដូច្នោះដែរ។ សេចក្ដីសុខនៅក្នុងកាមគុណទាំងឡាយដែលអ្នកទាំងពួងគេប្រៀបប្រដូចទៅនឹងស្ថានសួគ៌លោកិយ៍នោះ ក្នុងទស្សនៈនៃព្រះសម្មាសម្ពុទ្ធទ្រង់ឃើញថាជាស្ថាននរកពិតៗ។ សូមពិចារណាន័យសេចក្ដីក្នុងរឿងសានុសាមណេរត្រង់ឃ្លាដែលសាមណេរមានប្រាថ្នាចង់លាចាកសិក្ខាបទ តែត្រូវមាតាឃាតថា សានុកូន! ម្ដាយបានស្រង់អ្នកឲ្យចាកនរកហើយ តើអ្នកចង់ធ្លាក់នរកទៀតឬ?
ដូច្នេះកាមគុណក្នុងលោកគឺជាភ្លើងនរកដែលតែងតែដុតកំដៅឬកាប់ចិញ្ច្រាំសន្ដានចិត្តរបស់សត្វលោកដែលអវិជ្ជាគ្របសង្កត់។ សូមនិមន្ត និងអញ្ជើញសិក្សានូវរឿង ១ ដូចតទៅ សម័យមួយព្រះដ៏មានព្រះភាគ ទ្រង់គង់ប្រថាប់ក្នុងវត្តវេឡុវ័នទៀបក្រុងរាជគ្រឹះ។ គ្រានោះប្រធានរបាំឈ្មោះ តាលបុត្រចូលទៅគាល់ព្រះអង្គ លុះចូលទៅដល់ហើយក៏ក្រាបបង្គំទូលព្រះអង្គថា បពិត្រព្រះអង្គដ៏មានជោគ ខ្ញុំព្រះអង្គបានឮគ្រូ របាំក្នុងគ្រាមុននិយាយគ្នាថា អ្នករបាំណាធ្វើឲ្យអ្នកមើលមានសេចក្ដីសប្បាយរីករាយនៅលើវេទិកានៃល្ខោនឬ នៅកណ្ដាលទីប្រជុំជន ដោយរឿងពិតខ្លះមិនពិតខ្លះ អ្នករបាំនោះ កាលណាធ្វើមរណកាលទៅហើយរមែងបានទៅកើតក្នុងស្ថានសួគ៌ បានជាសម្លាញ់នៃពួកទេវតាអ្នកមានសេចក្ដីរីករាយភ្លើតភ្លើន។ បពិតព្រះអង្គមានជោគក្នុងរឿងនេះ តើព្រះអង្គទ្រង់យល់ដូចម្តេចដែរ? ព្រះសម្មាសម្ពុទ្ធទ្រង់បានត្រាស់តបថា កុំឲ្យនិយាយរឿងនេះឡើយ កុំសួរយើងរឿងនេះឡើយតាលបុត្រ!។ តាលបុត្រប្រធានអ្នករបាំ បានទទូចក្រាបបង្គំទូលសួរព្រះដ៏មានព្រះភាគជាលើកទី២ តែព្រះដ៏មានព្រះភាគ ព្រះអង្គទ្រង់បដិសេធដូចមុន។ កាលបើនាយតាលបុត្រ បានក្រាបបង្គំទូលសួរជាលើកទី ៣ ទើបព្រះអង្គទ្រង់ត្រាស់ថា កាលបើហាមមិនស្ដាប់ដូចនេះ ជាច្រើនដងហើយ យើងនឹងនិយាយឲ្យអ្នកស្ដាប់ ម្នាលតាលបុត្រ តាមធម្មតាសត្វទាំងឡាយសុទ្ធតែមានរាគៈ ត្រូវខ្ចប់ដោយសំណាញ់នៃរាគៈ ជាបុគ្គលមានទោសៈ ត្រូវខ្ចប់ដោយសំណាញ់នៃទោសៈ មានមោហៈ ត្រូវខ្ចប់ដោយសំណាញ់នៃមោហៈជាស្រេចហើយ វត្ថុធាតុណាដែលជានុយនៃរាឝៈ ទោសៈ មោហៈ នោះទៅព្យួរត្រដាងកណ្ដាលវេទិកានៃល្ខោនឬកណ្ដាលទីប្រជុំជន ឲ្យមនុស្សទាំងឡាយកើតរាគៈ ទោសៈ មោហៈ រឹងរិតតែច្រើនឡើងទៀត ខ្លួនឯងជាមនុស្សធ្លាក់ចុះទៅក្នុងសេចក្ដីប្រមាទ សេចក្ដីស្រវឹងទៅហើយថែមទាំងធ្វើឲ្យមនុស្សដទៃស្រវឹង ប្រមាទតាមខ្លួនច្រើនទៀត។ ម្នាលតាលបុត្រ នរកឈ្មោះ បហាសៈ មានប្រាកដ ដូច្នេះកាលគេធ្វើមរណកាលទៅហើយ អ្នករបាំនោះរមែងចូលទៅកើតក្នុងនរកមិនខាន។ ប្រសិនបើគេមានទិដ្ឋិយ៉ាងនេះថា អ្នករបាំរូបណាធ្វើឲ្យមនុស្សច្រើនសើចសប្បាយក្នុងទីប្រជុំជន ឬលើវេទិកានៃល្ខោនដោយរឿងពិតខ្លះរឿងមិនពិតខ្លះ អ្នករបាំរូបនោះ កាលណាធ្វើមរណកាលទៅ រមែងចូលទៅដល់ស្ថានសួគ៌ បានជាសម្លាញ់នៃពួកទេវតា អ្នកសម្បូណ៍សេចក្ដីសប្បាយរីករាយ។ គំហើញរបស់គេនោះឈ្មោះថាជាមិច្ឆាទិដ្ឋិ ម្នាលតាលបុត្រ សម្រាប់បុគ្គលមានចិត្តជាមិច្ឆាទិដ្ឋិយ៉ាងនេះ យើងពោលថា គេនឹងទៅកាន់គតិ ២ យ៉ាងៗណាមួយ គឺនរក ឬ សត្វតិរច្ឆាន។ ក្រោយពេលដែលព្រះបរមគ្រូទ្រង់ត្រាស់ដូច្នេះហើយ នាយតាលបុត្រប្រធានអ្នករបាំក៏ស្រែកទ្រហោយំ។ ព្រះអង្គទ្រង់ត្រាស់ថា យើងប្រាប់អ្នកហើយ ថាកុំសួរយើងក្នុងរឿងនេះ តែអ្នកមិនស្ដាប់យើងសោះ។ តាលបុត្រក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏មានជោគ ខ្ញុំព្រះអង្គមិនបានយំ ព្រោះហេតុដែលព្រះអង្គទ្រង់ត្រាស់ដូច្នេះឡើយ តែខ្ញុំព្រះអង្គយំព្រោះឈឺចិត្ត ដោយត្រូវគ្រូរបាំបោកបញ្ឆោតមកជាយូរហើយ។ បពិត្រព្រះអង្គដ៏ចម្រើន ព្រះធម្មទេសនារបស់ព្រះអង្គពិរោះណាស់ ដូចជាគេបើកភាជនៈដែលផ្កាប់ឲ្យផ្ងារឡើង ឬដូចជាគេប្រាប់ឲ្យស្គាល់នូវវត្ថុដែលត្រូវគេបិទបាំង ឬដូចជាប្រាប់ផ្លូវដល់មនុស្សដែលវង្វេងផ្លូវ ឬដូចជាទ្រោលប្រទីបក្នុងទីដែលងងឹង ដើម្បីឲ្យបុគ្គលមានភ្នែកល្អបានឃើញរបស់ផ្សេងៗ។ ខ្ញុំព្រះអង្គសូមដល់នូវព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ជាសរណៈ ខ្ញុំព្រះអង្គសូមបព្វជ្ជានិងឧបសម្បទាក្នុងសំណាក់នៃព្រះមានព្រះភាគ។ ក្រោយមកនាយតាលបុត្រប្រធានអ្នករបាំ ក៏បានបួសក្នុងសំណាក់នៃព្រះបរមសាស្ដាចារ្យ ហើយមិនយូប៉ុន្មាន ក៏បានសម្រេចព្រះអរហត្តផល បានជាព្រះអរហន្តមួយអង្គក្នុងព្រះពុទ្ធសាសនា។ សូមយកបញ្ញាដ៏ស្អាតមកពិចារណានូវពុទ្ធភាសិតមួយកន្លែងទៀតដូចតទៅ គួរ បើសប្បាយរីករាយ គួរបើសប្បាយភ្លើតភ្លើនអ្វីហ្ន៎! ក្នុងលោកជាទីអាស្រ័យដែលកំពុងត្រូវភ្លើងចេះសន្ធោសន្ធៅជាប្រក្រតីយ៉ាងនេះ តាមន័យនេះ បហាសនរក គឺមានទាំងក្នុងលោកនេះនិងលោកខាងមុខ។
បហាសនរក បច្ចុប្បន្នយើងអាចនិយាយដោយវាចាកំប្លែងគឺសំដៅយករោគភាពយន្ត រោងល្ខោន កន្លែងរាំរែក ដែលនាំឲ្យកើតភ្លើងកិលេស គឺ រាគៈ ទោសៈ និង មោហៈនោះឯង។ ប៉ុន្តែពពួកសាមញ្ញជនដែលប្រកបដោយសេចក្ដីត្រេកត្រអាល ស្ទើរទាំងពិភពលោកគេមិនយល់ថា ភារៈយ៉ាងនេះគឺជានរកទេ គេមិនព្រមទទួលស្គាល់ថាខ្លួនគេនៅក្នុងនរកឡើយ។ ចំណែកព្រះអរិយបុគ្គលទាំងឡាយលោកមើលឃើញយ៉ាងច្បាស់ថា កាមគុណគឺជានរក ចំណុចនេះសមទៅនឹងសេចក្ដីក្រាបទូលព្រះសម្ពុទ្ធបរមគ្រូ របស់ព្រះសារីបុត្តថា បពិត្រព្រះអង្គមានជោគ ព្រះខីណាស្រពទាំងឡាយរមែងមើលឃើញយ៉ាងជាក់ច្បាស់ដោយបញ្ញាថា កាមទាំងឡាយប្រៀបដូចជារណ្ដៅភ្លើងដែលកំពុងឆេះសន្ធោសន្ធៅ។ តាមន័យសុភាសិតខាងលើនេះស្ដែងឲ្យយើងឃើញថា ផ្អែកទៅលើសច្ចធម៌នៃធម្មជាតិ និងបុគ្គលដែលមានចិត្តខ្ពស់ តួយ៉ាងដូចជាព្រះអរិយបុគ្គល ទើបលោកមើលឃើញយ៉ាងច្បាស់ថាបុគ្គលដែលបណ្ដោយចិត្តឲ្យជ្រប់ងប់ក្នុងវត្ថុធាតុទាំងឡាយមាន បញ្ចកាមគុណជាដើម តែងបានទទួលផលក្ដៅក្រហាយដល់ថ្នាក់ត្រឹមណាៗនោះ។ សូម្បីតែក្នុងបច្ចុប្បន្ននេះ ពួកសាមញ្ញជនទាំងនោះ បានធ្លាក់នរកជាស្រេចទៅហើយ បើដូច្នេះមិនចាំបាច់ត្រូវសង្ស័យថា តើពេលណាគេស្លាប់ទៅត្រូវទៅកើតក្នុងនរកបរលោកឬអត់នោះទេ។ អាស្រ័យហេតុនេះ ទើបព្រះជិនស្រីត្រង់ត្រាស់ថា សម្រាប់បុគ្គលដែលមានសេចក្ដីយល់ឃើញខុសបែបនេះក៏សម្រេចបានថា កាលណាគេធ្វើមរណកាលទៅ បើមិនទៅកាន់នរក ក៏គង់តិរិច្ឆាន។ ដកស្រង់ចេញពីសៀវភៅ តើនរកមានដែរឬទេ ដោយ៥០០០ឆ្នាំ |