Reading Article
Public date : 28, Jul 2019 (9,433 Read)
ជីវិតជារបស់ក្ដៅ

|
តើអ្វីជាជីវិត? ភ្នែក ត្រចៀក ច្រមុះ អណ្ដាត កាយ ចិត្ត រូប សំលេង ក្លិន រស ផោដ្ឋព្វៈ អម្មារម្មណ៍ និងវេទនាទាំងឡាយដែលសោយតាមទ្វារភ្នែក ទ្វារត្រចៀក ទ្វារច្រមុះ ទ្វារអណ្ដាត ទ្វារកាយ គឺជាតួជីវិត ជារបស់ក្ដៅ។ តើក្ដៅព្រោះអ្វី? ក្ដៅព្រោះភ្លើងកិលេស គឺ រាគៈ ទោសៈ មោហៈ។
នាពេលបច្ចុប្បន្ននេះ បើទោះជាគ្មានអ្នកណាប្រាប់ ក៏យើងអាចដឹងបានថា សត្វលោកកំពុងរស់នៅក្នុងកំដៅ ហើយកំដៅនេះមានកំនើនកើនជាងមុន ១ ដង ជា ៥ ដង ឯណោះ។ សភាពទាំងអស់នេះក៏ព្រោះតែភ្លើង រាគៈ ទោសៈ មោហៈ អាស្រ័យនៅក្នុងចិត្តរបស់សត្វលោក កាន់តែមានចំហេះខ្លាំងឡើងៗ ដោយហេតុថា សត្វលោកកាន់តែឆ្លាត មានល្បិចកលពិសពុល ក្នុងការផ្ដុំភ្លើងតណ្ហា ឲ្យកាន់តែមានកម្លាំងខ្លាំងឡើងៗជាលំដាប់។ សត្វលោករឹតតែគ្មានដឹង គ្មានជំនឿ គ្មានប្រកាន់យកថា ការពន្លត់ ភ្លើង រាគៈ ទោសៈ មោហៈ គឺជាចំណុចដ៏ត្រជាក់ដ៏កំពូលរបស់ជីវិតនោះទេ ផ្ទុយមកវិញគេច្រើនតែស្វែងរកសេចក្ដីសប្បាយរីករាយលើបញ្ចកាមគុណ ដែលជាការពង្រីកភ្នក់ភ្លើងឲ្យកាន់តែធំ ដោយគំនិតបញ្ឆេះច្រើនជាងគំនិតពន្លត់។
សកលលោកបានក្លាយទៅជាលោកដែលមានកំដៅទាំងមនុស្សទាំងសត្វទាំងសកលធាតុក៏ព្រោះតែមនុស្សក្នុងពិភពលោកនាំគ្នាស្ទាបអង្អែលនូវបញ្ចកាមគុណ នាំគ្នាបំរើសេចក្ដីសប្បាយបោកប្រាស់ ប្រកបដោយចិត្តពោរពេញទៅដោយរាគៈ ទោសៈ មោហៈ លើសពីសម័យមុន ១ ជា ១០ ដង ឬ១ ជា ២០ ដង ក៏អាចថាបាន។ សព្វថ្ងៃនេះ មនុស្សបាននាំគ្មាពពាក់ពពូនជំពាក់ជំពិនលើអំពើដុតកំដៅខ្លួនឯង គឺនាំគ្នាថ្ងូរ នាំគ្នាជូរចត់ក្នុងជីវិតរបស់ខ្លួន គេនាំគ្នាបង្កើតកិលេសរបស់ខ្លួន គេប្រាថ្នាលើកខ្លួនរបស់គេជាម្ចាស់ពិភពលោក ។ ជាងនេះទៅទៀត គំនិតរបស់មនុស្សម្នាក់ៗ តែងមានការប្រកាន់យកនូវរបស់មិនទៀត ជាទុក្ខ ជាអនត្តា ថាជារបស់ទៀត ជាសុខ ជាអត្តា។
ប៉ុន្តែការប្រកាន់ និង គំហើយរបស់គេទាំងនោះលទ្ធផលចុងក្រោយ គឺសំណើចលាយទំនួញ សំអប់លាយសំឡាញ់សម្លូតលាយកំណាចជាដើម ដែលផ្លាស់ប្ដូរគ្នាទៅវិញទៅមកឥតឈប់ឈរ ស្ថិតក្រោមលក្ខណៈដុតបំផ្លាញខ្លួនឯងដោយវិធីផ្សេងៗយ៉ាងមុខគួរឲ្យសង្វេគខ្លោចផ្សាដោយគ្មានដឹងខ្លួនឡើយ ។ សូមមេត្តាពិចារណានូវពុទ្ធភាសិតមួយកន្លែងទៀតដូចខាងក្រោមៈ
មិនមានភ្លើងអ្វី(ក្ដៅ)ស្មើដោយរាគៈ មិនមានចង្រៃអ្វី(ឲ្យទោស)ស្មើដោយទោសៈ មិនមានសំណាញ់អ្វី(ស្មុគ្រស្មាញ)ស្មើដោយមោហៈ តាមពុទ្ធភាសិតខាងលើនេះ ស្ដែងឲ្យយើងឃើញកាន់តែច្បាស់ថា សូម្បីតែភ្លើងពិតៗ ក៏មិនអាចមានកំដៅស្មើដោយភ្លើងរាគៈបានឡឡើយ។ ដូច្នេះ នរកក្នុងលោកនេះ គឺជានរកកាចសាហាវជាងនរកស្រុកខ្មោច ព្រោះភ្លើងដ៏ក្ដៅគឺរាគៈ ទោសៈ មោហៈ នេះវាជាក្បាលម៉ាស៊ីនដឹកនាំឬបង្កើតឲ្យមានរកស្រុកខ្មោច។ ដកស្រង់ចេញពីសៀវភៅ តើនរកមានដែរឬទេ ដោយ៥០០០ឆ្នាំ |