Reading Article
Public date : 28, Jul 2019 (18,555 Read)
មិនប្រព្រឹត្តខុសក្នុងកាម

|
មិនប្រព្រឹត្តខុសក្នុងកាម
ក្នុងសីលទី៣នេះ មានការទាក់ទងយ៉ាងសំខាន់ទៅនឹងសុភមង្គលក្នុងរង្វង់គ្រួសារ។ មនុស្សភាគច្រើនយល់ឃើញថា ស្នេហាឬការស្រលាញ់តែងនាំមកនូវសេចក្ដីសុខ តែក្នុងទស្សនៈនៃព្រះសម្មសម្ពុទ្ធទ្រង់ឃើញថា ស្នេហាគឺជាបញ្ហាស្មុគ្រស្មាញបំផុតសម្រាប់ជីវិត។ គ្រួសារខ្លះមានការលះលែងគ្នា ដោយសាររឿយរ៉ាវសូម្បីបន្តិចបន្តួច ព្រោះហេតុអ្វី? ព្រោះគេសំលឹងឃើញគ្នានិងគ្នាតែលើរូបសម្រស់ ដែលសម្រាប់បំពេញកាមតណ្ហារបស់គេរៀយៗខ្លួនតែប៉ុណ្ណោះ នៅពេលដែលរូបសម្រស់នៃដៃគូររបស់ខ្លួនមានការអន់ថយ គេក៏កើតសេចក្ដីនឿយណាយ ទន្ទឹមនឹងការនឿយណាយ គេក៏ចាប់ផ្ដើមត្រិះរិះរកដៃគូថ្មី ដើម្បីបំពេញចំណង់តណ្ហារបស់គេថែមទៀត ត្រង់បញ្ហានេះហើយ ដែលធ្វើអោយគូស្វាមីភរិយាអស់សេចក្ដីទុកចិត្តគ្នាទៅវិញទៅមក ហើយបញ្ហាផ្សេងៗ ក៏បានចាប់ផ្ដើមកើតជាបន្តបន្តាប់ ដូចជាការនាំមេរោគអេដស៍ដូចផ្ទះជាដើម។ តាមពិតមេរោគអេដស៍គ្មានអ្វីគួរអោយខ្លាចនោះទេ ព្រោះមេរោគអេដស៍មាននូវព្រំដែនកំណត់នៃការឆ្លងរបស់វា តែមេរោគដែលគួរអោយខ្លាចហើយលំបាកក្នុងការព្យាបាលនោះគឺរោគស្នេហា ព្រោះមេរោគស្នេហាគ្មានព្រំដែនពិតប្រាដកឡើយ ហើយវាជាបទដ្ឋាន ឬថាជាមាតាបិតាបង្កើតមេរោគអេដស៍។ គ្រាន់តែលោកអ្នកតាំងចិត្តថា អាត្មាអញមិនប្រព្រឹត្តខុសក្នុងកាមហើយស្មោះត្រង់ចំពោះប្ដីប្រពន្ធរបស់ខ្លួន នោះលោកអ្នកនឹងគេចផុតអំពីមេរោគអេដស៍ជាស្ថាពរ។ សត្វតិរិច្ឆាន ថ្វីបើមានកំណើតថោកទាបជាងមនុស្សពិតមែន ប៉ុន្តែក្នុងរឿងស្នេហារបស់វា មានកំណត់ពេលវេលាច្បាស់លាស់ មិនមែនចេះតែប្រព្រឹត្តផ្ដេសផ្ដាស់ខុសរដូវកាលឡើយ តែជាតិមនុស្ស បើគ្មានសេចក្ដីស្មោះត្រង់ចំពោះប្ដីប្រពន្ធរបស់ខ្លួនទេពិតជាអន់ជាងសត្វតិរិច្ឆានយ៉ាងពិតប្រាដក។ បុរសខ្លះព្រោះតែបំពេញចំណង់តណ្ហារបស់ខ្លួន ហ៊ានប្រព្រឹត្តរំលោភទៅលើក្មេងស្រីតូចៗដែលមិនទាន់ដឹងក្ដី យ៉ាងគួរអោយខ្លោចផ្សា ព្រោះអ្វី? ព្រោះគេជាមនុស្សគ្មានសីល។ ព្រះសម្មាសម្ពុទ្ធទ្រង់ប្រដៅឲ្យមនុស្សរក្សាសីលទី៣នេះគឺបង្រៀនឲ្យមានសេចក្ដីសន្ដោសក្នុងរឿងកាមគុណ ឲ្យចេះត្រេកអរចំពោះតែប្រពន្ធរបស់ខ្លួន ហៅថា សទារសន្ដោសៈ។ ការត្រេកអរចំពោះតែប្រពន្ធរបស់ខ្លួន គឺជាការនាំមកនូវសេចក្ដីសុខដល់គ្រួសាររបស់ខ្លួនផង ដល់គ្រួសារអ្នកដទៃផង ជាពិសេសអាចជួយជាកំលាំង ដល់ប្រទេសជាតិក្នុងការកាត់បន្ថយជំនួញផ្លូវភេទ ព្រោះអ្នករក្សាសីល បានវៀរចាកនូវការប្រព្រឹត្តអនាចារក្នុងរឿយកាមគុណ។ អ្នកណាភក្ដី និងប្រពន្ធប្ដី ដែលបានរៀបការ
អ្នកនោះផុតព្រួយ ក្នុងរឿយស្នេហា អេដស៍កាចយ៉ាងណា ក៏ឆ្លងមិនបាន។ ដកស្រង់ចេញពីសៀវភៅ ជីវិតពិតជាត្រូវការព្រះធម៌ ដោយ៥០០០ឆ្នាំ |