Reading Article
Public date : 28, Jul 2019 (10,427 Read)
ឆ្នាំងដី

|
ឆ្នាំងដី
ពួកជនណាៗ ទោះបីក្មេងក្ដី ចាស់ក្ដី ពាលក្ដី បណ្ឌិតក្ដី អ្នកមានក្ដី អ្នកក្រក្ដី ជនទាំងអស់នោះ តែងមានសេចក្ដីស្លាប់នៅពីខាងមុខ។ ឆ្នាំងដីដែលស្មូនឆ្នាំងធ្វើហើយ ទោះបីតូចក្ដី ធំក្ដី ឆៅក្ដី ឆ្នាំងទាំងអស់នោះមានកិរិយាបែកធ្លាយជាទីបំផុតយ៉ាងណា ជីវិតរបស់សត្វទាំងឡាយ ក៏យ៉ាងនោះដែរ។ ព្រះបរមសាស្ដា ទ្រង់មានព្រះបន្ទូល ដូច្នេះតទៅទៀតថា វ័យរបស់តថាគត ចាស់ហើយ ជីវិតរបស់តថាគតមានប្រមាណតិច តថាគតនឹងលះបង់អ្នកទាំងឡាយហើយទៅ ឯទីពឹងរបស់ខ្លួន តថាគតបានធ្វើទុកហើយ។
ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយចូរកុំប្រមាទត្រូវមានស្មារតី មានសីលល្អ មានតម្រិះតម្កល់ស្មើល្អ ចូររក្សាចិត្តរបស់ខ្លួនឲ្យរឿយៗចុះ។ ភិក្ខុមិនប្រមាទហើយនៅក្នុងធម្មវិន័យនេះ ភិក្ខុនោះ នឹងលះបង់ជាតិ សង្សារ ហើយធ្វើនូវព្រះនិព្វាន ជាទីបំផុតនៃទុក្ខបានមិនខាន។ ព្រះឱវាទក្នុងមហាបរិនិព្វានសូត្រ
បណ្ឌិត ដឹងច្បាស់នូវកាយនេះថា ដូចជាឆ្នាំងដី
គប្បីរក្សាចិត្តនេះ ដូចជាគេរក្សារនូវនគរ យ៉ាងនោះឯង គប្បីច្បាំងជាមួយនឹងមារដោយអាវុធគឺបញ្ញា គប្បីរក្សានូវជម្នះដែលបានឈ្នះហើយ តែមិនត្រូវជាប់ជំពាក់ក្នុងជម្នះនោះឡើយ។ ដកស្រង់ចេញពីសៀវភៅ ៤៨ធម្មទស្សន៍ ដោយ៥០០០ឆ្នាំ |