Reading Article
Public date : 28, Jul 2019 (18,997 Read)
ចេតិយជីវិត

|
ចេតិយជីវិត
ចេតិយធំហើយខ្ពស់ ព្រមទាំងបញ្ចុះនូវព្រះបរមសារីរិកធាតុនៃព្រះសម្មាសម្ពុទ្ធទៀតផង ទើបជាចេតិយពិសេសអស្ចារ្យ គួរដល់ការគោរពបូជានៃមហាជនជាពុទ្ធបរិស័ទ។ ការកសាងជីវិតមនុស្សយើងក៏ដូចគ្នា ត្រូវមានទាំងកម្ពស់ មានទាំងទំហំធំ និងគុណវិសេសដែលគួរដល់ការគោរពបូជា។ កម្ពស់ មនុស្សយើងខ្ពង់ខ្ពស់ទៅបាន មិនមែនដោយជាតិត្រកូល ឬដោយទ្រព្យសម្បត្តិនោះទេ គឺខ្ពង់ខ្ពស់ដោយគុណសម្បត្តិ គឺបានដល់មានការចេះដឹងល្អ មានការងារល្អ ចិញ្ចឹមជីវិតដោយប្រពៃ មានសេចក្ដីព្យាយាមប្រកបដោយស្មារតី និងមានចិត្តស្ងប់រម្ងាប់ ព្រមដោយការមាននូវសមត្ថភាពគ្រប់គ្រាន់។ ទំហំធំ ភាពជាធំព្រមដោយគ្រឹះមាំវាជាការពិសេសសម្រាប់ជីវិត។ មនុស្សយើងយកតែខ្ពស់តែម្យ៉ាង នៅមិនបានឡើយ វាងាយក្នុងការរបាក់រលំ ដូច្នេះត្រូវមានអ្នកទំនុកបម្រុងគាំទ្រ ត្រូវមានទឹកចិត្ត ឬមាន់មេត្តាដល់អ្នកតូច ដែលធ្វើឲ្យអ្នកនៅជុំវិញមានការគោរពស្រលាញ់និងស្មោះស្មគ្រ័។ គុណវិសេស ជាសេចក្ដីល្អ ដែលមាននៅក្នុងខ្លួនមនុស្ស បានដល់សច្ចៈ គឺការពិត ត្រង់ត្រឹមត្រូវ មនុស្សដែលមិនពិតប្រាកដ មិនស្មោះត្រង់ មិនត្រឹមត្រូវ រមែងមិនមានអ្នកណាគេចង់រាប់អានឡើយ ពោលគឺជាមនុស្សដែលគេមិនគោរពបូជាហ្នឹងឯង។ សេចក្ដីពិតនោះ គឺត្រូវពិតចំពោះតួនាទីកិច្ចការងារពាក្យសម្ដី ខ្លួនឯង និងអ្នកដទៃ ទើបជាសេចក្ដីពិតដ៏ត្រឹមត្រូវ ដែលមនុស្សយើងគួរតែរក្សាទុកក្នុងខ្លួនឲ្យបានល្អ គឺជាការរក្សាសេចក្ដីល្អដូចជាវត្ថុស័ក្ដិសិទ្ធិទុកក្នុងជីវិតដូច្នោះឯង។ ចេតិយជីវិត ធ្វើឲ្យខ្លួនឯង និងគ្រួសារព្រមទាំងសង្គមជាតិ បានរស់នៅជាសុខ ត្រជាក់ត្រជំក្សេមក្សាន្ត។ ដកស្រង់ចេញពីសៀវភៅ ៤៨ធម្មទស្សន៍ ដោយ៥០០០ឆ្នាំ |