Reading Article
Public date : 28, Jul 2019 (13,267 Read)
ដួងព្រះចន្ទ

|
ព្រះចន្ទខាងខ្នើត រមែងចម្រើនដោយរស្មី មានពន្លឺខ្លាំងឡើងៗ យ៉ាងណា ជនប្រុសស្រីគប្បីញ៉ាំងរស្មីនៃជីវិតឲ្យចម្រើនដូចព្រះចន្ទខាងខ្នើតដែរ ពោលគឺញ៉ាំងគុណធម៌ឲ្យមានការចម្រើនខ្ពស់ឡើងៗ ។ ព្រះចន្ទជាអធិបតីលើពួកផ្កាយទាំងឡាយ ដោយពន្លឺរស្មីមកលើផែនដី យ៉ាងណា បុគ្គលគប្បីប្រព្រឹត្តខ្លួនឲ្យជាអធិបតី គឺជាធំដោយឆន្ទាធិបតីជាដើម ប្រាថ្នានឹងកម្ចាត់បង់នូវកិលេស ដូច្នោះដែរ។
ព្រះចន្ទរមែងប្រាកដឲ្យឃើញក្នុងវេលារាត្រី ថ្ងៃពេញបូណ៌មី រាត្រីកាន់តែស្ងាត់ យប់កាន់តែជ្រៅ មេឃស្រឡះ ពន្លឺរឹតតែច្បាស់ អាកាសធាតុត្រជាក់ សេចក្ដីនេះយ៉ាងណា សមដូចព្រះពុទ្ធឧទានថា << សេចក្ដីស្ងប់ស្ងាត់របស់អ្នកដែលត្រេកអរក្នុងទីស្ងាត់ ជាអ្នកមានធម៌បានស្ដាប់ហើយ ពិចារណាឃើញនូវធម៌ នាំមកនូវសេចក្ដីសុខកិរិយាមិនបៀតបៀនគឺកិរិយាសង្រួមចំពោះសត្វទាំងឡាយនាំមកនូវសេចក្ដីសុខក្នុងលោក >> ។ មានព្រះពុទ្ធដីកាផ្សេងទៀត ព្រះអង្គទ្រង់ត្រាស់ថា << បុគ្គលណាប្រមាទពីពេលមុន លុះដល់ក្រោយមកជាបុគ្គលមិនប្រមាទ បុគ្គលនោះ រមែងញ៉ាំងលោកនេះឲ្យភ្លឺស្វាង ដូចព្រះចន្ទចេញផុតពីពពក >> ឬម្យ៉ាងទៀតថាបាបនោះដោយកុសល បុគ្គលនោះរមែងញ៉ាំងលោកនេះឲ្យភ្លឺស្វាងដូចព្រះចន្ទចេញផុតពីពពក >> ដូច្នេះជាដើម ។ ព្រះចន្ទមានរស្មីជាគ្រឿងលំអ អ្នកបួសទ្រង់ធម៌មានលម្មដោយសីល ។ ព្រះចន្ទញ៉ាំងជនទាំងឡាយ ឲ្យរីករាយសប្បាយក្នុងពន្លឺរស្មី រីឯជនប្រុសស្រីញ៉ាំងអ្នកដទៃឲ្យត្រេកអរនឹងការងាររបស់ខ្លួន ។ ព្រះចន្ទបំភ្លឺមិនរើសដំបូលផ្ទះ ទោះបីភូមិស្រុកទីក្រុងជនបទ យ៉ាងណា អ្នកចម្រើនមេត្តារមែងផ្សាយមេត្តាទៅដោយមិនរើសសព្វសត្វ ក៏យ៉ាងដូច្នោះដែរ ។ ដកស្រង់ចេញពីសៀវភៅ ៤៨ធម្មទស្សន៍ ដោយ៥០០០ឆ្នាំ |