Reading Article
Public date : 28, Jul 2019 (13,475 Read)
គុម្ពឫស្សី

|
ដើមឫស្សីដុះជុំគ្នាជាគុម្ព យើងអាចសិក្សាពីការព្រមព្រៀងគ្នាក្នុងសង្គម ខ្យល់បក់មិនរលំ ព្រោះជួយទប់គ្នា។ ដើម្បីការព្រមព្រៀងគ្នា យើងត្រូវចេះឲ្យតម្លៃ ឲ្យកិត្តិយសដល់អ្នកដទៃ ឬក៏ឲ្យនូវអ្វីៗ ដែលអាចធ្វើឲ្យអ្នកដទៃមានទឹកចិត្ត ល្មមនឹងស្មោះត្រង់រកគ្នាបាន។
គុម្ពឫស្សី រមែងមានបន្លាព័ទ្ធជុំវិញគល់ខាងក្រោមជាប្រយោជន៍ការពារខ្លួន មិនឲ្យគេចូលមកកាប់ទម្លាយបានដោយងាយ នឹងការពារទំពាំងរបស់ខ្លួន។ មនុស្សយើងក៏ដូចគ្នា ត្រូវចេះរបៀបការពារខ្លួន ការពារទ្រព្យសម្បត្តិ រក្សាវង្សត្រកូលទុកក្នុងសេចក្ដីថ្លៃថ្នូរ និងរក្សានូវអ្វីៗទៀត តាមដែលត្រូវថែរក្សា។ ការថែរក្សា និងការពារនេះគឺជាស្មារតីប្រុងប្រយ័ត្ន ប្រព្រឹត្តទៅដោយសេចក្ដីមិនប្រមាទ មិនមែនជាការហួងហែង ប្រកាន់មាំព្រោះសេចក្ដីវង្វេងនោះឡើយ។ បើនិយាយអំពីប្រយោជន៍វិញ ឫស្សីមានប្រយោជន៍ដល់ការប្រើប្រាស់ច្រើនយ៉ាងណាស់ ដូចជាក្បូន រនាប បំពង់ទឹក ក្លាក់ បង្អោង បង្គី រោង រន្ទា ជាដើម។ មនុស្សយើងកើតមក ក៏គួរតែជាមនុស្សដែលមានប្រយោជន៍ដល់អ្នកដទៃ ត្រូវសិក្សាអំពីធម្មជាតិដែលមានប្រយោជន៍ក្នុងលោក និងត្រូវគិតថា << អាត្មាអញកំពុងធ្វើអ្វី >> ។ ឫស្សីអាងបន្លាការពារខ្លួន ប្រាជ្ញអាងច្បាប់ក្បួនការពារខុស ឫស្សីបែកគុម្ពទំពាំងដុះ សាមគ្គីគ្នារស់បែកគ្នាស្លាប់។ ដកស្រង់ចេញពីសៀវភៅ ៤៨ធម្មទស្សន៍ ដោយ៥០០០ឆ្នាំ |