Reading Article
Public date : 28, Jul 2019 (7,255 Read)
ជួយខ្លួនដោយខ្លួនឯង

|
នៅក្នុងជីវិតមនុស្សយើងនេះ នរណាជាសត្រូវក៏ដោយ ក៏មិនកាចអាក្រក់ឲ្យដូចជាខ្លួនឯងនឹងខ្លួនឯងទេ ។ អ្នកដទៃជាសត្រូវ អាចមានផ្លូវនឹងគេចជៀសបានខ្លួនឯងត្រូវរត់គេចយ៉ាងណា មានញាតិមិត្តជួយការពារផង ពឹងពាក់អាជ្ញាធរផង ក៏ល្មមផុតភ័យទៅបាន។ ទោះបីថា សត្រូវនោះមកបៀតបៀនប្រទូសរ៉ាយបានយ៉ាងណាអស់ខ្លាំងត្រឹមស្លាប់ប៉ុណ្ណោះ បើយើងជាមនុស្សប្រព្រឹត្តល្អស្លាប់ហើយមិនបានទៅអបាយភូមិឡើយ។
ប៉ុន្តែ បើយើងជាសត្រូវនឹងខ្លួនឯង ដោយការប្រព្រឹត្តលះបង់អំពើល្អចោលដោយខ្លួនឯងហើយ គឺមិនមាននរណាអាចជួយបានឡើយ ។ មានទំនងដូចគ្នាដែលមានអ្នកដទៃទំនុកបម្រុង ជួយធ្វើអ្វីៗឲ្យយើង គឺមិនដូចជាយើងធ្វើដោយខ្លួនឯងទេ ។ ឪពុកម្ដាយ ញាតិមិត្តបងប្អូន លោកគ្រូអាចារ្យបានត្រឹមតែទូន្មាន ប្រៀនប្រដៅ អប់រំណែនាំប៉ុណ្ណោះចំណែកការចុះដៃធ្វើ ជារឿងរបស់យើង។ គុណធម៌ សេចក្ដីល្អក្នុងខ្លួន មនុស្សយើងត្រូវសាងដោយខ្លួនឯង ក្នុងលោកនេះ មិនមានព្រះណាអាចសាងឲ្យបានឡើយ។ ដកស្រង់ចេញពីសៀវភៅ ៤៨ធម្មទស្សន៍ ដោយ៥០០០ឆ្នាំ |