Reading Article
Public date : 04, Oct 2022 (12,787 Read)
ការស្រលាញ់ខ្លួន ត្រូវធ្វើដូចម្ដេច?

|
ការស្រលាញ់ខ្លួនស្ងួនជីវិត ត្រឹមតែគិតការពារ ថែរក្សាទំនុកបម្រុងព្យាយាមរកទ្រព្យសម្បត្តិចំណេះវិជ្ជា លាភ យស សុខ សរសើរ អំណាចតំណែងនាទី មកបំប៉នបំពេញចំណូលចំណង់របស់ខ្លួនត្រឹមតែប៉ុណ្ណោះឃើញថាការសប្បាយណាស់ទៅហើយដោយមិនចាំបាច់គិតខ្វល់អំពល់ចិត្តអ្វី អំពីអ្នកដទៃសោះ ម្ល៉ោះហើយក៏ខំព្យាយាមបម្រើទៅតាមតណ្ហា ការយល់ឃើញរបស់ខ្លួន ទោះបីកិច្ចការនាទីខ្លួន ត្រូវប៉ះពាល់បៀតបៀនសង្កត់សង្កិនដល់សិទ្ធិសេរីភាពផលប្រយោជន៍ ធ្វើឲ្យអ្នកដទៃទទួលនូវក្ដីទុក្ខពិបាកវេទនាយ៉ាងណា ក៏មិនខ្ចីអើពើយកភ្នែកមើល ឬមានចិត្តអាណិតអាសូរ សូម្បីតែបន្តិចបន្តួចក៏ទេដែរ។ ទាំងនេះឈ្មោះថាជាអ្នកស្រលាញ់ខ្លួនស្ងួនជីវិត ពិតដែរឬទេ?។
សូមកុំបោះបង់ខ្លួនចោលសោះឡើយ ជីវិតមានតិចណាស់កាលវេលាទំពារស៊ីអាយុឲ្យអស់ទៅរាល់ៗខណៈ សូមកុំយកជីវិតទៅប្រព្រឹត្តអំពើអាក្រក់លាមក សូមកុំឈ្លក់វង្វេងដោយអំណាចតណ្ហាអវិជ្ជា។ ជីវិតមនុស្សបានមកដោយកម្រពេកណាស់ បានមកដោយបុណ្យចាស់ដែលខំបំពេញមកពីអតីតជាតិ ជីវិតបច្ចុប្បន្នដែលឋិននៅបាន ឈ្មោះថាកំពុងទទួលទានអាហារចាស់ (បុណ្យចាស់) ដូច្នេះសូមកុំយកជីវិតនេះ ទៅបម្រើប្រើប្រាស់ក្នុងអំពើបាបកម្មឲ្យសោះ បើពុំនោះសោតទេនឹងឈ្មោះថាជាអ្នកបំផ្លាញ់ខ្លួន បោះបង់ខ្លួនចោលដោយឥតមានស្ដាយស្រណោះ ព្រោះតែអំពើបាប អាចប្ដូរអត្តភាពពីមនុស្ស ឲ្យធ្លាក់ចុះកាន់អបាយ។ អបាយជាកន្លែងហាយនៈ មានតែសេចក្ដីវិនាស ប្រាសសេចក្ដីសុខ ឥតមាននុយគឺកាមគុណ មិនអាចបណ្ដុះបុណ្យកុសលបាន មានតែទុក្ខធរមាន និងការស្រេកឃ្លានខ្វះខាតតែប៉ុណ្ណោះ។ ជីវិតមនុស្សពិតជាមានតម្លៃ ត្រង់ដែលជីវិតមានកម្រៃគឺបុណ្យ បុណ្យជាធនទ្រព្យជាប់មកជាមួយជីវិត អ្នកមានទ្រព្យមិនគប្បីយកទៅបម្រើសេចក្ដីសប្បាយ ត្រេកត្រអាលភ្លើតភ្លើន រហូតដល់ភ្លេចស្មារតី អស់គ្មានសល់អ្វីបន្តិចបន្តួចនោះទេ ត្រូវព្យាយាមធ្វើជំនួញ ជួញយកចំនេញបំពេញ សម្រាប់ជាកម្រៃសមតាមពាក្យថា ជីវិតពិតមានតម្លៃ។ ជីវិតក្នុងឋានមនុស្ស ជាឋានកណ្ដាល ខាងក្រោមពិតជាមានជ្រោះ ងាកទៅខាងខ្ពស់មានឋានទេវតា ទេវតាមនុស្សនរកពិតជានៅជិតជាប់គ្នាបង្កើយ មិនបាននៅឆ្ងាយពីគ្នាសោះឡើយ។តាមពុទ្ធដីកា ក្នុង អាទិត្តបរិយាយសូត្ត ព្រះសាស្ដាសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែងថា លោកគឺភ្នែក, ត្រចៀក, ច្រមុះ, អណ្ដាត, កាយ, ចិត្ត នេះហើយដែលសាងនរក សាងទេវតា។ ពេលណាលោកទាំងប្រាំមួយនេះ ប្រកបដោយភ្លើងមានកម្ដៅ គឺប្រកបដោយ រាគគ្គិ, ទោសគ្គិ, មោហគ្គិ ឋាននរកក៏ប្រាកដមកក្នុងនោះ។ ពេលណាលោកទាំងប្រាំមួយនេះ រលត់អស់ចំហាយកម្ដៅ ចំហាយត្រជាក់កើតឡើង ពេលនោះឋានទេវតា ក៏កើតមានព្រមជាមួយគ្នាដែរ។ ដូច្នេះត្រូវតែមានស្មារតី យល់ថ្ងៃត្រូវកុំបីធ្វេសប្រហែសបណ្ដោយឲ្យជីវិតនេះរបូតធ្លាក់ទៅកាន់ជ្រោះសោះឡើយ ត្រូវព្យាយាមរកកម្រៃផ្ដល់ឲ្យតម្លៃទៅលើជីវិតពិត គឺខំសន្សំបុណ្យជា ធន ទ្រព្យ ជាប់បន្តសម្រាប់ខ្លួនក្នុងការធ្វើដំណើរ ឆ្លងកាត់អន្លង់កាត់ជ្រោះ ទើបឈ្មោះថាអ្នកស្រលាញ់ខ្លួន មិនបានបោះបង់ខ្លួនចោលឡើយ។ ដកស្រង់ចេញពីសៀវភៅ ជីវិតកថា ដោយ៥០០០ឆ្នាំ |