Reading Article
Public date : 28, Jul 2019 (11,457 Read)
ជីវតិកថា (បរមត្ថធម៌)

|
ជីវតិកថា (បរមត្ថធម៌)
បរមត្ថធម៌ តាមព្រះពុទ្ធដីការបស់ព្រះសម្មាសម្ពុទ្ធព្រះអង់ទ្រង់សម្ដែងក្នុង គម្ពីរព្រះអភិធម្ម ពាក្យថា ជីវិត នេះគឺជា បរមត្ថធម៌ មានន័យសុខុមលំអិត ប្រណីត ពិតក្រៃលែងល្អិតល្អន់ក្បោះក្បាយ ទូលំទូលាយ ជ្រាលជ្រៅជាទីបំផុត។ ក្នុង អភិធម្មសង្គណី ពាក្យថា ជីវិត នេះសំដៅយកតែជីវិតមនុស្ស សត្វដែលមានចិត្តវិញ្ញាណ ជាសហជាតប្បច្ច័យពុំបានសម្ដែងរាប់បញ្ចូលដល់រុក្ខាលតាជាតិអ្វីនោះទេ។ ព្រោះពាក្យថា ជីវិត នេះជាភាសាបាលី ឬសំស្ក្រឹត ប្រែជាភាសាខ្មែរបានដល់កិរិយារស់នៅ ដូចបទវិគ្គហថា ៖ ជីវិយតេតិ > ជីវិតំ > ធម្មជាតិជាគ្រឿងរស់នៅនៃសត្វ ធម្មជាតិជាទីប្រព្រឹត្តទៅនៃសម្បយុត្តធម្ម ហៅថា ជីវិត។ ពោលតាមសេចក្ដីក្នុងបិដក សំណួរអំពីពាក្យថា៖
ជីវិតិន្ទ្រិយ តើមានន័យដូចម្ដេចខ្លះ? ចម្លើយ ជីវិតិន្ទ្រិយ មានពីរប្រការគឺ៖ រូបជីវិតិន្ទ្រិយ មួយ និង អរូបជីវិតិន្ទ្រិយ មួយ។ រូបជីវិតិន្ទ្រិយ ពាក្យ ជីវិតិន្ទ្រិយ គឺជីវិតជាសភាវធំក្នុងការញ៉ាំងសហជាតធម្មឲ្យប្រព្រឹត្តទៅដូចជា រូបជីវិតិន្ទ្រិយបានដល់អាយុ ការឋិតនៅ ការតាំងនៅ ការញ៉ាំងអត្តភាពឲ្យប្រព្រឹត្តទៅ ការរំកិលទៅ ការរក្សាការរស់នៅ ធម្មជាតិជាធំក្នុងការរស់នៅ។ ធម្មជាតិជាធំ ក្នុងការរស់នៅណានៃធម៌ដែលមានរូបទាំងនោះហៅថា រូបជីវិតិន្ទ្រិយ។ អរូបជីវិតិន្ទ្រិយ បានដល់អាយុ ការរស់នៅ ការតាំងនៅ ការញ៉ាំងអត្តភាពឲ្យប្រព្រឹត្តទៅ ការរំកិលទៅ ការរក្សាការរស់នៅ ធម្មជាតិជាធំក្នុងការរស់នៅ ធម្មជាតិជាធំក្នុងការរស់នៅណានៃធម៌ដែលមិនមានរូបទាំងនោះ ហៅថា អរូបជីវិតិន្ទ្រិយ។ ដូច្នេះពាក្យថា ជីវិត ក្នុង គម្ពីរវិភង្គ ចាត់ថាជា រូបធម៌ផងចាត់ថាជា នាមធម៌ផង។ ក្នុងចំណែកនៃរូបធម៌ទាំងម្ភៃប្រាំបី (២៨) ជីវិតចាត់ថាជាចំណែកនៃរូបមួយដែរ ព្រោះធម្មជាតិជាធំក្នុងការអនុបាលរក្សារូបដទៃ ឲ្យមានការតាំងនៅនិងប្រព្រឹត្តទៅបាន។ ក្នុងចេតសិកហាសិបពីរដួង (៥២) ជីវិត ចាត់ថាជានាមធម៌ ត្រង់ខទីប្រាំមួយ (៦) ក្នុងសព្វចិត្តសាធារណចេតសិកជីវិតជាធំ ក្នុងការរក្សាសម្បយុត្តធម៌ឲ្យប្រព្រឹត្តទៅក្នុងឱកាសដែលកើតឡើងតម្រង់នៅរហូតដល់ការរលត់ទៅវិញ។ តាមសេចក្ដីដូចបានរៀបរាប់មក បញ្ជាក់ឲ្យឃើញថា ជីវិត ពុំមែនកើតឡើងដោយឯកឯងនោះទេ ជីវិតជាសហជាតប្បច្ច័យកើតឡើងបានដោយអាស្រ័យហេតុនិងបច្ច័យ ជីវិតជាអតីតក្ដី ជាអនាគតក្ដី ក្នុងបច្ចុប្បន្នក្ដី ដែលកើងឡើងបានអាស្រ័យហេតុមាន៖ អវិជ្ជា, តណ្ហា, ឧបាទាន, កម្ម, អាហារជាដើម។ ជីវិតកើតឡើង ដោយហេតុបច្ច័យណា រមែងរលត់ទៅវិញដោយហេតុបច្ច័យនោះ ជីវិតអតីតកើតឡើងហើយរលត់ ទៅវិញក៏ជាជីវិតអតីតដែរ មិនមែនជាជីវិតបច្ចុប្បន្ន ជីវិតបច្ចុប្បន្នកើតឡើងហើយ រលត់ទៅវិញក៏ជាជីវិតបច្ចុប្បន្នដែរ មិនមែនជាជីវិតអនាគត ជីវិតអនាគតកើតឡើងហើយ រលត់ទៅវិញក៏ជាជីវិតអនាគត មិនមែនជាជីវិតបច្ចុប្បន្ន។ ជីវិតមិនទៀតទាត់ ផ្លាស់ប្ដូរគ្នាទៅតាមហេតុបច្ច័យ ពេលខ្លះជីវិតជាផល ជីវិតជារូប ជីវិតជានាមពោលទៅតាមបញ្ចក្ខន្ធទាំងប្រាំ (៥) មាន៖ រូបក្ខន្ធ, វេទនាខន្ធ, សញ្ញាខន្ធ, សង្ខារក្ខន្ធ, វិញ្ញាណក្ខន្ធ ចាត់ជាចង្កោម ជាក្រុម គំនរ នៃរូបធម៌និងនាមធម៌។ ក្នុង គម្ពីរព្រះអភិធម្ម រូបទាំងម្ភៃប្រាំបី (២៨) ចាត់ចូលក្នុងរូបក្ខន្ធ ចិត្តប៉ែតសិបប្រាំបួនដួង (៨៩) ចាត់ចូលក្នុងវិញ្ញាណក្ខន្ធ, ចេតសិកហាសិបពីរដួង (៥២) សញ្ញា ចាត់ចូលក្នុងសញ្ញាខន្ធ, វេតនាចាត់ចូលក្នុងវេតនាខន្ធ នៅសល់ចេតសិកហាសិបដួង (៥០) ទៀតចាត់ចូលសង្ខារក្ខន្ធ។ ដូច្នេះពាក្យថា ជីវិត ជា បរមត្ថធម៌ ជាសភាវពិត ប្រព្រឹត្តទៅរួមដោយ រូបធម៌ នាមធម៌ មានមហាភូតរូបបួន (៤) រួមដោយចិត្តវិញ្ញាណ, ខន្ធ, ធាតុ, អាយតនៈឥន្ទ្រិយ។ ជាសង្ខតបច្ច័យមានការកើតឡើងនិងរលត់ទៅវិញយ៉ាងឆាប់រហ័យជាទីបំផុត។ ក្នុងរូបរាងកាយនៃសព្វសត្វទាំងឡាយ ដែលចាត់ថាមានជីវិតគឺសំដៅត្រង់កំពុងមានចលនាប្រព្រឹត្តទៅ ដូចជា៖ ដេក ដើរ ឈរ អង្គុយ និយាយស្ដី សើចយំ ស្រេកឃ្លាន ប្រកបការងារ តាមតួនាទីខ្លួនទទួលដឹងអារម្មណ៍ដែលជាសុខ ជាទុក្ខ សោមនស្ស ទោមនស្ស ជាឧបេក្ខា នេះឯងហើយចាត់ថាមានជីវិត គឺការរស់នៅ ទើបតម្រូវឲ្យមានពាក្យសម្ដីជាច្រើនសន្ធឹកសន្ធាប់រាប់មិនអស់ សំរាប់ប្រើជាមួយជីវិតនេះដូចជា ( អត្ត ជាភាសាបាលី ), ( អាត្មា អាត្ម័ន ជាភាសាសំស្ក្រឹត ប្រែថា "ខ្លួន" សំដៅដល់ជីវិត ) ( បាណ ឬ ប្រាណ បានដល់ការរស់នៅ, ការប្រព្រឹត្តទៅនៃជីវិត )។ នៅមានពាក្យសំដីជាច្រើនទៀតជាលោកវោហារ ការសន្មតិជាអវិជ្ជមានបញ្ញតិ គឺគ្រាន់តែជាការកំណត់កត់ចំណាំចាំសម្គាល់ក្នុងការនិយាយពោលស្ដី សំរាប់ជីវិតប្រចាំថ្ងៃ ដូចជា ៖ ភូមិ ឋាន ប្រទេសជាតិ ភាសារ អក្ខរៈ ព្យព្ជានៈ។ ឈ្មោះប្រទេស ជាតិ មនុស្ស សត្វ បុគ្គល របស់សម្ភារៈនីមួយៗចាត់ថាជាបញ្ញត្តិ មិនជាសភាវធម៌ពិតគ្រាន់តែប្រឌិតកំណត់ឲ្យជានាម ជាពាក្យសម្ដីកំណត់ចំណាំក្នុងការនិយាយពោលស្ដី ប្រាស្រ័យហៅទាក់ទងទំនាក់ទំនងរវាងគ្នាទៅវិញទៅមក តាមសង្គមគ្រួសារ ភាសាជាតិ ប្រទេសតែរៀង ៗ ខ្លួន។ បញ្ញតិទាំងឡាយ ទោះជាវិជ្ជមានបញ្ញត្តិក្ដី អវិជ្ជមានបញ្ញត្តិក្ដីដែលកើតមានឡើង ក៏ព្រោះតែមានមនុស្ស សត្វកើតឡើងមានជីវិតប្រព្រឹត្តទៅក្នុងលោក បើពុំនោះសោតក៏គ្មានបញ្ញត្តិសំរាប់ពោលស្ដីយល់ស្គាល់អ្វីៗ ក្នុងលោកនេះដែរ។ ដកស្រង់ចេញពីសៀវភៅ ជីវិតកថា ដោយ៥០០០ឆ្នាំ |