Reading Article
Public date : 28, Jul 2019 (11,194 Read)
ហេតុ ៥ យ៉ាង ដែលមានចំណង់ចង់បានបុត្រ

|
មាតាបិតាក្នុងលោកយើងនេះពិចារណាឃើញហេតុ ៥ យ៉ាង ហើយមានចំណង់ចង់បានបុត្រដែលកើតមកក្នុងត្រកូលគឺ៖
១- ភតោ វា នោ ភរិស្សតិ បុត្រដែលយើងចិញ្ចឹមហើយនឹងចិញ្ចឹមយើងវិញ ២- កិច្ចំ វា នោ ករិស្សតិ បុត្រនឹងជួយធ្វើកិច្ចយើង ៣- កុលវំសោ ចិរំ ឋស្សតិ វង្សត្រកូលនឹងឋិននៅយូរ ៤- ទាយជ្ជំ បដិបជ្ជតិ បុត្រប្រតិបត្តិទទួលយកមត៌ក ៥- អថ វា បន បេតានំ កាលកតានំ ទក្ខិណំ អនុប្បទស្សេតិ មួយទៀត បុត្រនឹងឧទ្ទិសទក្ខិណាទានឲ្យដល់យើងដែលធ្វើមរណកាលទៅកាន់លោកខាងមុខ។ មាតាបិតាដែលលោកចង់បានកូន ព្រោះគិតថា គាត់ចាស់ទៅនឹងមានកូនជួយចិញ្ចឹមបីបាច់ថែរក្សាគាត់។ តែបើយើងជាមនុស្សអាវ៉ាសែ មិនដឹងខុសត្រូវធ្វើបាបគាត់រៀងរាល់ថ្ងៃមិនចិញ្ចឹមបីបាច់គាត់ទេ នោះពិតជាខុសបំណងគាត់ខ្លាំងណាស់។ យ៉ាងនោះកូនប្រុសស្រី ត្រូវភ្ញាក់ខ្លូនឡើង ហើយងាកមករកផ្លូវត្រង់គឺ មិនត្រូវធ្វើជាមនុស្សសោះកក្រោះមិនអើពើជាមួយមាតាបិតាឡើយ។ មានកូនច្រើនគិតថា ឪពុកម្ដាយនៅជាមួយ នាំឲ្យលំបាក ជួយចិញ្ចឹមគាត់សែនយ៉ាប់ហើយ អស់លុយច្រើន បើគាត់មិននៅជាមួយអញទេ អញមិនលំបាកយ៉ាងនេះឡើយ នេះជាកូនល្ងង់ ឃើញគុណជាទោសមាតាបិតារស់នៅ មិនគិតជួយចិញ្ចឹមគាត់ យកបុណ្យ! ទៅនឹកឃើញការលំបាក អស់លុយជាច្រើន មិននឹកឃើញគាត់ចិញ្ចឹមបីបាច់ពីក្មេង ឲ្យដឹងខុសត្រូវសោះ គួរឲ្យកោតណាស់!។ អ្នកខ្លះគិតតែពីដើរលេង មិនចេះឈប់ឈរតាំងពីព្រលឹមដល់ព្រលប់ ទើបចូលផ្ទះ មិនជួយធ្វើការពុកម៉ែ នេះក៏ខកបំណងរបស់គាត់ដែរ ព្រោះគាត់ចង់បានកូនឲ្យមកជួយធ្វើកិច្ចការងារជំនួស ស្រាប់តែបានកូនខ្ជិលច្រអូសមកវិញ។ ដូច្នេះ សូមកូនប្រុសស្រីជួយបំពេញបំណងគាត់ផង មិនត្រូវខ្ជិលច្រអូសទេ។ ឪពុកម្ដាយតែងនឹកសញ្ជឹងថា ពេលអញមានកូនក្រោយពីអញស្លាប់ទៅនឹងមានកូន ធ្វើបុណ្យឧទ្ទិសដល់អញ ចុះបើយើងគិតតែពីចង់បាន ខ្លាចអស់ទ្រព្យមិនហ៊ានធ្វើបុណ្យទានឧទ្ទិសឲ្យគាត់សោះ នេះក៏ខកបំណងគាត់ប្រាថ្នាចង់បានកូនដែរ។ ដើម្បីត្រូវបំណងគាត់ យើងត្រូវធ្វើបុណ្យឧទ្ទិសកុសលឲ្យគាត់បានត្រេកអរអនុមោទនា ទើបសមជាកូនល្អ។ ដកស្រង់ចេញពីសៀវភៅ ចិញ្ចឹមកូនតាមគន្លងធម៌ ដោយ៥០០០ឆ្នាំ |