Reading Article
Public date : 28, Jul 2019 (25,799 Read)
ឪពុកម្ដាយគួរតែបណ្ដុះគុណធម៌ ៥ ទៀតជាគូនឹងសីល ៥ ដល់កូន

|
ឪពុកម្ដាយគួរតែបណ្ដុះគុណធម៌ ៥ ទៀតជាគូនឹងសីល ៥ ដល់កូន
ពេលយើងនាំកូនឲ្យទៅជួបបណ្ឌិតសប្បុសញយៗ អាចជាបច្ច័យឲ្យកូនដើរតាមគន្លងល្អបាន។ យើងត្រូវដឹងថា កូនខ្លះឪពុកម្ដាយមិនស្ដាប់ទេ អ្នកដទៃទើបស្ដាប់តាមព្រោះឪពុកម្ដាយជាមនុស្សមានពៀរជាមួយកូននោះ ធ្វើឲ្យកូននោះមិនយកចិត្តទុកដាក់ដើម្បីស្ដាប់។ មនុស្សនៅក្នុងលោកយើងនេះ មិនមែនចេះតែមានពៀរជាមួយមនុស្សគ្រប់គ្នានោះទេ។ ដើម្បីកុំឲ្យកូនប្រព្រឹត្តកន្លងសីល ៥ ឪពុកម្ដាយគួរតែបណ្ដុះគុណធម៌ ៥ ទៀតជាគូនឹងសីល ៥ ដល់កូនគឺ៖ ១- មេត្តា ឲ្យកូនចេះមានសេចក្ដីស្រលាញ់ចំពោះសត្វទាំងពួង។ កាលមានសេចក្ដីស្រលាញ់ចំពោះមនុស្សសត្វហើយ កូនមិនអាចទៅសម្លាប់អ្នកដទៃ ឬ សត្វឡើយ។ ២- សម្មាអាជីវៈ ឲ្យកូនរកស៊ីក្នុងផ្លូវសុចរិត កុំឲ្យកេងប្រវ័ញ្ចអ្នកដទៃ បើធ្វើការងាររាជការឲ្យឈ្មោះត្រង់ចំពោះជាតិ។ ៣- សទារសន្ដោសៈ ឲ្យត្រេកអរចំពោះតែប្រពន្ធឫប្ដីខ្លួនមិនត្រូវប្រព្រឹត្តខុសចំពោះកូនឬប្រពន្ធប្ដីគេ ឬមានសហាវស្មន់ឡើយ។ ៤- សច្ចៈ បង្រៀនកូនឲ្យចេះនិយាយពាក្យពិតមានសច្ចៈមិននិយាយបាតដៃខ្នងដៃឡើយ។ ៥- មជ្ជវិរតិ ឲ្យកូនវៀរចាកអំពើស្រវឹងពាលា ឲ្យកូនមានសតិគ្រប់គ្រាន់ ឲ្យឃើញទោសគ្រឿងស្រវឹង ជាទោសធ្វើឲ្យមនុស្សវង្វេង ភ្លេចអ្វីៗទាំងអស់។ កាលយើងបានបណ្ដុះគុណធម៌ ៥ នេះដល់កូនហើយកូននៅតែប្រព្រឹត្តអាក្រក់ទៀត យើងគួរផ្សាយនូវមេត្តាធម៌ករុណា ចំពោះកូននិងណែនាំកូនថា ឪពុកម្ដាយបានយកចិត្តទុកដាក់ចិញ្ចឹមកូនតាមគន្លងល្អហើយ ឲ្យកូនដើរតាមផ្លូវល្អកូននៅតែមិនប្រព្រឹត្តល្អទៀត ពេលកូនធ្វើខុសអ្វីមួយ ឪពុកម្ដាយមិនធានាខុសត្រូវចំពោះកូនទេ បើកូនមានគ្រួសារទៅលំបាក ក៏មិនមែនលំបាកឪពុកម្ដាយដែរ។ ចូរកូនដឹងថាឪពុកម្ដាយ បានរិះរកគ្រប់មធ្យោបាយដើម្បីកូន ហើយកូននៅតែយ៉ាងនេះ សូមកូនប្រព្រឹត្តទៅតាមអំពើដែលកូនធ្វើចុះតែទោះជាយ៉ាងណា កូនក៏នៅតែឈាមជ័ររបស់ឪពុកម្ដាយដដែល។ ឪពុកម្ដាយនឹងព្យាយាមដឹកនាំកូនឲ្យដើរផ្លូវល្អ រហូតដល់ឪពុកម្ដាយ លាចាកលោកនេះទៅ។ ម្យ៉ាងទៀត ត្រូវតែព្យាយាមឲ្យលះបង់នូវបាបធម៌ ៥ ប្រការ ឬ ហៅថា អបាយមុខ គឺ៖ ១- លេងស្រី ២- លេងស្រា ៣- លេងល្បែង ៤- សេពគប់បាបមិត្ត ៥- ខ្ជិលច្រអូស កាលយើងព្យាយាមចិញ្ចឹមកូនយ៉ាងនេះ ទើបយើងឈ្មោះថា ជាឪពុកម្ដាយល្អរបស់កូន។ ទោះជាកូនមានកំហុសអ្វីក៏មិនបន្ទោសទៅលើឪពុកម្ដាយបានឡើយ ព្រោះថា ឪពុកម្ដាយលោកព្យាយាមចិញ្ចឹមខ្លួនហើយ តែខ្លួនមិនស្ដាប់តាមពាក្យដំបូន្មានរបស់លោកទាំងពីរ ទើបយើងមានគ្រោះថ្នាក់យ៉ាងនេះ។ ដកស្រង់ចេញពីសៀវភៅ ចិញ្ចឹមកូនតាមគន្លងធម៌ ដោយ៥០០០ឆ្នាំ |