Reading Article
Public date : 24, Jul 2019 (33,501 Read)
កូនមានបីពួក

|
ក្នុងព្រះពុទ្ធសាសនា ព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់សម្ដែងថាកូនមានបីពួកគឺ៖
១- អតិជាតបុត្រ ២- អនុជាតបុត្រ ៣- អវជាតបុត្រ ក្នុងបណ្ដាកូនទាំងបីពួកនេះលោកអធិប្បាយថា កូនដែលជាអតិជាតបុត្រជាកូនបុណ្យ ដោយថា កូននេះមិនមានឪពុកម្ដាយទូន្មានទេ ខ្លួនចេះដឹងនូវអំពើខុសត្រូវ ដោយខ្លួនឯងរហូតខ្លួនបានដល់ព្រះត្រៃសរណគមន៍គឺ ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ជាសរណៈជាទីពឹងទីរលឹក នឹងជាអ្នកសមាទានសីល ៥ ជាអ្នកមិនសម្លាប់សត្វ មិនលួចទ្រព្យសម្បត្តិគេ មិនប្រព្រឹត្តខុសក្នុងកាម មិននិយាយកុហក មិនផឹកទឹកស្រវឹង ឬ អាចជាអ្នកសមាទានសីល ៨ និងសីល ១០ ឬ មានសទ្ធាដោយខ្លួនឯង ចេញប្រព្រឹត្តនូវនេក្ខម្មៈគឺការបួសដើម្បីបំពេញកុសល ដោយខ្លួនឯង ដោយមិនមានឪពុកម្ដាយ ឬ បងប្អូនបបួលដឹងនាំឡើយ។កាលខ្លួនបានប្រព្រឹត្តនូវអំពើល្អយ៉ាងនេះ ក៏អាចបបួលដឹកនាំឪពុកម្ដាយឲ្យដើរក្នុងគន្លងល្អ ដូចជាឲ្យគាត់ដល់ព្រះត្រៃសរណគមន៍រក្សាសីល ៥-៨-១០ ជាដើម។ នេះឈ្មោះថា ដឹកនាំគាត់ឲ្យសទ្ធា សីល ចាគៈ និងបញ្ញា ដើម្បីជាប្រយោជន៍ក្នុងលោកនេះ និងបរលោក។ កូនដែលមានគុណធម៌យ៉ាងនេះឈ្មោះថា ជា អតិជាតបុត្រ។ ចំណែកអនុជាតបុត្រ ជាកូនដែលដើរតាមគន្លងដំបូន្មានរបស់ឪពុកម្ដាយ។ ឪពុកម្ដាយទូន្មានឲ្យដើរតាមផ្លូវល្អជាសុចរិតក៏ធ្វើតាមមិនឲ្យខុសឆ្គាំឆ្គងឡើយ ជាបុគ្គលងាយទូន្មានប្រៀនប្រដៅហៅថា "សៅវចបុគ្គល" បុគ្គលងាយប្រដៅ។ នេះព្រះសម្ពុទ្ធទ្រង់ត្រាស់ថា អនុជាតបុត្រ។ អតិជាតបុត្រនិងអនុជាតបុត្រនេះ ចាត់ជាកូនបុណ្យដែលកើតក្នុងផ្ទៃរបស់យើង ធ្វើឲ្យយើងមានសេចក្ដីសុខរុងរឿងចម្រើនកើតសុភមង្គលក្នុងគ្រួសារ។ ចំណែកពួកកូនទី ៣ ជាកូនបាបមិនចេះដឹងខ្លួនឯងថា ហើយមិនស្ដាប់តាមពាក្យប្រៀនប្រដៅរបស់ឪពុកម្ដាយគិតតែពីរឿងសប្បាយភ្លើតភ្លើន គេចសាលា ដើរលេងមានមិត្តភ័ក្ត្រ សុទ្ធតែជាអ្នកខិលខូច ខ្ជិលច្រអូស រហូតទៅប្រព្រឹត្តអំពើថោកទាប មានលួច ប្លន់អ្នកដទៃជាដើម និងឈ្មោះថា ជាបុគ្គលពាល ឬ ពាក្យសម័យឥឡូវថា ជើងកាង។ កូនជំពូកនេះព្រះសម្ពុទ្ធទ្រង់ត្រាស់ថា អវជាតបុត្រ។ ដកស្រង់ចេញពីសៀវភៅ ចិញ្ចឹមកូនតាមគន្លងធម៌ ដោយ៥០០០ឆ្នាំ |