Reading Article
Public date : 24, Jul 2019 (9,683 Read)
សុខភាពរបស់ចិត្ត

|
កូនជាទីស្រឡាញ់! កាលពោលដល់រឿងសុខភាព យើងច្រើនតែនឹកដល់សុខភាពរាងកាយ នឹកដល់ភាពរឹងប៉ឹង និងការមិនមានរោគនៃរូបរាងកាយតែប៉ុណ្ណោះ ការពិតសុខភាពផ្លូវចិត្ត ដែលមានសុខភាពល្អ ក៏នឹងប្រព្រឹត្តទៅដោយសេចក្តីឆ្លាត ស្រឡះថ្លា មិនមួម៉ៅក្តៅក្រហាយឬរវើរវាយឡើយ ។ ដូច្នេះការរក្សាសុខភាពផ្លូវចិត្តឲ្យល្អ ទើបជាការចាំបាច់ណាស់ ។
សុខភាពនៃចិត្តនឹងល្អទៅបាន ក៏ដោយសារការថែរក្សាដែរ គឺកុំចេះតែប្រមូល រឿងរ៉ាវយកមកសន្សំទុកក្នុងចិត្តដោយអយោនិសោមសិការ ។ អយោនិសោមនសិការ បានដល់ការគិតខុស ម្ល៉ោះហើយអារម្មណ៍ជារឿងរ៉ាវផ្សេងៗ ដែលចិត្តបានទទួលយកមកទុកដោយការចាំនោះក៏ទៅជាស្អុយរលួយ បណ្តាលឲ្យខូចសុខភាពរបស់ចិត្ត ។ មិនមានរឿងអ្វីដែលអាក្រក់នោះទេ បើកូនមិនគិតថាអាក្រក់ ។ រឿងតែម្យ៉ាងអាក្រក់សម្រាប់មនុស្សម្នាក់ព្រោះគេគិតថាអាក្រក់ តែមិនអាក្រក់សម្រាប់មនុស្សម្នាក់ទៀតឡើយ ព្រោះគេមិនបានគិតដូច្នោះ ។ សេចក្តីពិតដូចនេះសម្តែងឲ្យឃើញថា អាក្រក់ ឬមិនអាក្រក់មិនបាននៅនឹងរឿងខាងក្រៅឡើយ គឺនៅនឹងការគិតរបស់មនុស្សម្នាក់ៗ ។ កាលបើដូច្នេះ កូនព្រមឲ្យគំនិតរបស់កូន ធ្វើអាក្រក់ឲ្យខ្លួនកូនធ្វើអ្វី ។ ក្នុងលោកនេះ មិនមានអ្វីដែលសំខាន់ សម្រាប់កូនជាងកូនជាមនុស្សនោះឡើយ ។ ជំនួយការដែលកូនចង់ឲ្យអ្នកដទៃ ធ្វើសេចក្តីល្អដល់កូន គឺកូនត្រូវព្យាយាមធ្វើសេចក្តីឲ្យខ្លួនឯង ទៅតាមដែលកូនត្រូវការ ព្រោះថាក្នុងលោកនេះ មិនមានអ្នកណាធ្វើសេចក្តីល្អជំនួសកូនបានឡើយ ។ សេចក្តីល្អដែលកូនធ្វើដោយខ្លួនឯង ទើបមានអានុភាពដល់ចិត្តជាពិតប្រាកដ គឺធ្វើចិត្តបានសុខស្ងប់ ។ កាលចិត្តសុខស្ងប់ហើយ អ្វីៗជាខាងក្រៅក៏រៀបរយទៅផងដែរ ។ មនុស្សមានសុខភាពផ្លូវចិត្តល្អ រមែងធ្វើជាម្លប់ឲ្យជីវិតខ្លួនឯង ។ មនុស្សយើងសំខាន់សម្រាប់ខ្លួនឯងណាស់ចូរកូនរស់នៅជាមួយខ្លួនឯងជាមនុស្សល្អ ។ មនុស្សល្អរមែងថែរក្សាចិត្តឲ្យមានសុខភាពល្អ ។ បរិវេករសម បិត្វា រសំ ឧបសបស្ស ច និន្ទរោ ហោតិ និប្បាបោ ធម្មបីតិរសំ បិវំ ។ បុគ្គលក្រេបជញ្ជក់នូវរស ដែលកើតពីវិវេក និងរសព្រះនិព្វាន ដែលជាទីចូលទៅស្ងប់រម្ងាប់ ក្រេបជញ្ជក់នូវរសព្រះនិព្វានដែលជាទីចូលទៅស្ងប់រម្ងាប់ ក្រេបជញ្ជក់នូវរសបីតិដែលកើតធម៌ជាអ្នកមិនមានសេចក្តីក្រហល់ក្រហាយ(និងជាអ្នក) មិនមានបាប ។ អត្ថបទនេះដកស្រង់ចេញពីសៀវភៅៈ ពាក្យពេចន៍ម៉ែឪ រៀបរៀងដោយៈ អគ្គបណ្ឌិត ធម្មចារ្យ ប៊ុត សាវង្ស វាយអត្ថបទដោយៈ កញ្ញា ជា ម៉ានិត ដោយ៥០០០ឆ្នាំ |