Reading Article
Public date : 24, Jul 2019 (69,597 Read)
បញ្ហាបែកបាក់គ្នា

|
បញ្ហាបែកបាក់គ្នា
ប្រសិនបើស្វាមីលះបង់ភរិយា ទៅមានស្រ្តីដទៃ ឬក៏ស្វាមីវាយតប់ភរិយា តើភរិយាត្រូវលះបង់ស្វាមី ឬក៏ត្រូវអត់ទ្រាំនៅតទៅទៀតទើបជាការល្អ? ការមិនស្មោះត្រង់ដល់គ្នារបស់ភរិយាស្វាមី ឬការប្រើកម្លាំងបាយ ប្រព្រឹត្តអំពើហិង្សាដើម្បីដោះស្រាយបញ្ហាក្នុងរឿងអ្វីនោះ ព្រះពុទ្ធសាសនាមិនប្រាថ្នាឲ្យកើតមានឡើយ ព្រោះស្ថាប័នគ្រួសារនីមួយៗ គឺជាស្ថាប័នរបស់សង្គមទាំងមូល ដែលសាងភាពរឹងមាំឲ្យដល់សង្គមជាតិហ្នឹងឯង ។ កាលបើស្ថានគ្រួសារត្រូវបែកបាក់ រមែងមានផល ប៉ះខ្ទប់ ទៅដល់សង្គមក្នុងផ្នែកដទៃទៀតផងដែរដោយចំពោះ កូនដែលកើតមកក្នុងសភាពគ្រួសារមានការបែកបាក់ នឹងទៅជាក្មេងដែលខ្វះភាពកក់ក្តៅ និងនាំឲ្យមានបញ្ហាផ្សេងទៀត ។ ព្រះពុទ្ធសាសនា មានការគិតគូរក្នុងរឿងនេះណាស់ ដូចដែលបានឃើញគោលធម៌សន្ធឹកសន្ធាប់ក្នុងព្រះត្រៃបិដក អប់រំនាំទាក់ទងក្នុងរឿងគ្រប់គ្រងផ្ទះ ។ សូម្បីតែរឿងជ្រើសរើសមនុស្សមកជាគូជីវិត ព្រះសម្មាសម្ពុទ្ធក៏បានណែនាំ ឲ្យតាំងនៅក្នុងគោលធម៌ដ៏ប្រពៃ៤ យ៉ាងផងដែរ ដូចមានសេចក្តីក្នុងបិដកលេខ៤២ ទំព័រ ១៥១ សមជីវិសូត្រ នកុលបិតាបានក្រាបទូលព្រះដ៏មានព្រះភាគថា (បពិត្រព្រះអង្គដ៏ចម្រើនចាប់ដើមតាំងតែពីខ្ញុំព្រះអង្គបានប្រសព្វគ្នានឹងនកុលមាតា តាំងតែពីខ្ញុំព្រះអង្គ បានប្រសព្វគ្នានឹងនកុលមាតា តាំងពីកំលោះក្រមុំមក មិនដែលប្រព្រឹត្តកន្លងចិត្តនៃនកុលមាតា សូម្បីដោយចិត្តម្តងឡើយ មិនបាច់ពោលថ្វីដល់ទៅការធ្វើដោយកាយនោះទេ ។ បពិត្រព្រះអង្គដ៏ចម្រើន យើងខ្ញុំព្រះអង្គប្រាថ្នាឲ្យជួបគ្នាក្នុងបច្ចុប្បន្ននេះផង ឲ្យជួបគ្នាក្នុងបរលោកផង) ។ ចំណែកកនកុលមាតា ក៏បានក្រាបទូលព្រះដ៏មានព្រះភាគ មានទំនងដូចគ្នាដែរ ។ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ថា (បើជនទាំងពីរនាក់ប្តីប្រពន្ធ ប្រាថ្នាឲ្យជួបគ្នាក្នុងបច្ចុប្បន្ននេះផង ឲ្យជួបគ្នាក្នុងបរលោកផង លុះតែជនទាំងពីរនាក់នោះមានសទ្ធាស្មើគ្នា មានសីលស្មើគ្នា មានចាគៈស្មើគ្នានិងមានបញ្ញាស្មើគ្នា) ។ រួចហើយព្រះអង្គទ្រង់ត្រាស់៣ គាថាជាបន្តទៀត ដែលមានសេចក្តីប្រែដូចតទៅៈ ជនទាំងពីរនាក់ ជាងអ្នកមានសទ្ធា និងជាអ្នកដឹងពាក្យពេចន៍នៃស្មូម ជាអ្នកសង្រួមក្នុងសីល ចិញ្ចឹមជីវិតតាមគន្លងធម៌ ប្រពន្ធនិងប្តីទាំងនោះពោលពាក្យផ្អែមល្ហែមរកគ្នានឹងគ្នា រមែងមានសេចក្តីចម្រើនដ៏ច្រើនទាំងមានការនៅជាសុខ កើតឡើងដល់គ្នានឹងគ្នា ។ ពួកសត្រូវរមែងអាក់អន់ចិត្តចំពោះជនទាំងពីរនាក់ ដែលមានសីលស្មើគ្នាលុះប្រព្រឹត្តធម៌ក្នុងលោកនេះហើយបើមានចំណង់ក្នុងកាមក៏រមែងជាអ្នកត្រេកអររីករាយក្នុងទេវលោកបាន ។ ក្នុងបិដកលេខ ៣០ និងលេខ ៥៤ មានព្រះសូត្រឈ្មោះអាឡកសូត្រ សេចក្តីខាងចុង ព្រះអង្គទ្រង់សម្តែងអំពីគោលធម៌៤ យ៉ាងសម្រាប់អ្នកគ្រប់គ្រងផ្ទះនិងធ្វើឲ្យការគ្រប់គ្រងគូជីវិតពិតប្រសើរ៤យ៉ាងគឺ ១. សច្ចៈ ពិតត្រង់ដល់គ្នា គួរឲ្យសរសើរ ។ ២. ទមៈ ការទូន្មានចិត្ត មានបញ្ញាក្នុងការរស់នៅ។ ៣. ខន្តិ ព្យាយាមអត់ធន់ ចម្រើនទ្រព្យស្ងប់ជម្លោះ ។ អធ្យាស្រ័យសន្តោសប្រោសប្រណី មិនប្រកាន់ក្នុងរឿងរបស់សត្វលោក រមែងចងនូវមិត្តចិត្តសប្បុរស ។ ក្នុងបិដកលេខ ១៩ សិង្គាលកសូត្រ ក្នុងនោះព្រះអង្គទ្រង់សម្តែងអំពីតួនាទីរបស់ស្វាមី ដែលត្រូវបដិបត្តិចំពោះភរិយាមាន៥ ប្រការៈ ១. រាប់អានឲ្យតម្លៃនិងលើកតម្កើងថាភរិយា ។ ២. មិនមើលងាយមើលថោកភរិយា ។ ៣. មិនប្រព្រឹត្តក្បត់ចិត្តភរិយា ។ ៤.ឲ្យភាពជាធំក្នុងផ្ទះដល់ភរិយា ។ ៥. ឲ្យគ្រឿងអលង្ការដល់ភរិយា ។ ចាកគោលធម៌ខ្លះៗ ក្នុងបណ្តាគោលធម៌ដ៏ច្រើន ទៀតមកបញ្ជាក់នេះ ជាការសម្តែងឲ្យឃើញដល់ការគិតគូររបស់ព្រះពុទ្ធសាសនា ដែលមានចំពោះស្ថាប័នគ្រួសារក្នុងឋានៈជាស្ថាប័នឬសគល់របស់សង្គម ។ ព្រះពុទ្ធសាសនាត្រូវការឲ្យស្ថាប័នគ្រួសារមានភាពរឹងមាំ ។ សំណួរដែលថា បើស្វាមីលះបង់ភរិយា ទៅមានស្ត្រីដទៃ ឬវាយតប់ភរិយាត្រូវសម្រេចចិត្តយ៉ាងណានោះ ក្នុងករណីនេះ ព្រះពុទ្ធសាសនាបានណែនាំគោលធម៌សព្វគ្រប់ សម្រាប់ទប់ស្កាត់ការពារកុំឲ្យកើតឡើងតែបើវាកើតឡើងហើយនឹងធ្វើយ៉ាងណា ។ តាមពិតក្នុងរឿងនេះ ស្វាមីបានធ្វើខុសគោលធម៌ក្នុងព្រះពុទ្ធសាសនាខុសសន្យាដែលបានយល់ព្រមរួមជីវិតគ្នា ខ្វះការគ្រប់គ្រងខ្លួនឯង មិនមាននូវកាមសំវរៈ (ការសង្រួមក្នុងកាម) និងខ្វះនូវគោលធម៌មួយដ៏សំខាន់ គឺសទារសន្តោស(ត្រេកអរចំពោះតែភរិយារបស់ខ្លួន) ។ ក្នុងសភាពបែបនេះ ភរិយាត្រូវបានទទួលការវាយប្រហារផ្លូវចិត្តដ៏ធ្ងន់ធ្ងរទាំងការក្បត់ចិត្ត ទាំងការវាយតប់ផ្លូវកាយ ។ ព្រះធម៌ក្នុងគម្ពីរព្រះពុទ្ធសាសនា មិនបានវែងឆ្ងាយទៅដល់ថ្នាក់ប្រាប់ការសម្រេចចិត្តយ៉ាងណាៗ ឲ្យចំៗ នៅពេលភរិយាជួបបញ្ហាបែបនេះនោះឡើយ ។ ព្រះពុទ្ធសាសនា បានសម្តែងអំពីទុក្ខទោសនៃជីវិតមានច្រើនបែបច្រើនយ៉ាង ទោសរបស់កាមទាំងឡាយមានច្រើនក្រៃពេក កាមទាំងឡាយមានសេចក្តីសុខតិចមានទុក្ខច្រើន មានសេចក្តីសង្អៀតចង្អល់ច្រើន ។ ល ។ មិនមែនថា ព្រះពុទ្ធសាសនាខ្វះមធ្យោបាយជួយក្នុងរឿងនេះទេ ព្រះពុទ្ធសាសនាមានមាគ៌ានាំអ្នកបដិបត្តិទាំងឡាយទៅដល់ទីបំផុតទុក្ខ ឲ្យតែអ្នកបដិបត្តិទាំងនោះព្រមឃើញថា (កិលេសក្នុងខ្លួនជាសត្រូវពិតប្រាកដទាំងនោះព្រមឃើញថា (កិលេសក្នុងខ្លួនជាសត្រូវពិតប្រាកដនឹងខ្លួនឯង) ។ ចាកគោលធម៌៤ យ៉ាងសម្រាប់អ្នកគ្រប់គ្រងផ្ទះ គឺ សច្ចៈ ទមៈ ខន្តិ ចាគៈ យើងនឹងជ្រាបបានថាកាលណាមានបញ្ហាកើតឡើងក្នុងគ្រួសារក្នុងលំដាប់ដែលមិនខ្លាំងពេក ព្រះពុទ្ធសាសនាឲ្យបដិបត្តិនូវវិធីធត់ធន់ទូន្មាន និងឲ្យអភ័យដើម្បីរកផ្លូវដោះស្រាយបញ្ហាដោយប្រការផ្សេងៗ ។ ប៉ុន្តែបើករណីនោះឋិតនៅក្នុងលំដាប់ខ្លាំងក្លា រហូតដល់ថ្នាក់ដែលមិនអាចនិយាយឲ្យចុះសម្រុងគ្នាបាន ព្រះពុទ្ធសាសនាក៏ឲ្យសេរីភាពសម្រាប់ជ្រើសរើសជីវិតក្នុងការរស់នៅដែរ មិនមែនចេះតែឲ្យអត់ធន់ដូចគោដូចក្របីនោះឯណា ព្រោះថាមនុស្សម្នាក់ៗត្រូវមានបញ្ញាគូគ្នាជាមួយនឹងសេចក្តីអត់ធន់ ហើយត្រូវចាំកុំភ្លេចថាសត្រូវពិតប្រាកដគឺកិលេសក្នុងចិត្តរបស់ខ្លួនឯង ។ ក្នុងបិដកលេខ ៤៧ អព្យាកតវត្ត ភរិយាសូត្រ ក្នុងនោះ ព្រះដ៏មានព្រះភាគទ្រង់សម្តែងអំពីភរិយា៧ ពួកគឺ៣ ពួកមិនល្អ ចំណែក៤ ពួកទៀតជាភរិយាល្អ ។ ភរិយាល្អ៤ ពួកគឺ ១ ភរិយាល្អដូចមាតា ២ ភរិយាល្អដូចបង ឬ ប្អូនស្រី ៣ ភរិយាល្អដូចកល្យាមិត្ត និង ៤ ភរិយាល្អដូចទាសី ។យើងស្តាប់ឮពាក្យថា (ដូចទាសី) ហាក់ដូចជាអន់ថយទន់ទាបណាស់ តាមពិត ផ្ទុយទៅវិញទេ ភរិយានៅតែជាភរិយា ហើយគឺជាភរិយាល្អណាស់ទៀតផង ព្រោះជាភរិយាដែលមានចិត្តមិនប្រទូស្តតបវិញ ចេះអត់ធន់មិនខឹងក្រោធ ឲ្យអភ័យដល់ស្វាមីក្នុងករណីដែលស្វាមីជេរ វាយគំរាមដោយដំបង ។ ស្ត្រីដែលមានទេវធម៌ក្នុងខ្លួនដូច្នេះ ក្រោយពីស្លាប់នឹងបដិសន្ធិក្នុងទេវលោក ។ តាមពិត បរុសស្វាមីទើបថោកទាប ក្នុងអំពើសាហាវព្រៃផ្សៃ ជេរ វាយ គំរាមដោយដំបងប៉ងនឹងសម្លាប់ភរិយារបស់ខ្លួន ។ អំពើថោកទាបដូច្នេះ រមែងមិនមានក្នុងស្វាមីដែលជាកល្យាណបុថុជ្ជននិងសោតាបន្នបុគ្គលឡើយ ។ ក្នុងបិដកលេខ ៤២ ទំព័រ ១៤១ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់សម្តែងអំពីសង្វាស គឺការនៅរួមគ្នាជាមួយនិងស្វាមីភរិយា មាន៤ យ៉ាងៈ ១. ខ្មោចប្រុសនៅរួមគ្នាជាមួយនឹងខ្មោចស្រី ។ ២. ខ្មោចប្រុសនៅរួមគ្នាជាមួយនឹងទេវតាស្រី ។ ៣. ទេវតាបុរសនៅរួមគ្នាជាមួយនឹងខ្មោចស្រី ។ ៤. ទេវតាប្រុសនៅរួមគ្នាជាមួយនឹងទេវតាស្រី ។ ដើម្បីឆ្លើយតបទៅនឹងសំណួរខាងដើម ខ្ញុំព្រះករុណា ខ្ញុំបាទ សូមលើកយក ការនៅរួមគ្នានៃភរិយាស្វាមីក្នុងចំណុចទី២ តាមព្រះពុទ្ធដីកា ដូចខាងក្រោមនេះ ។ ម្នាលគហបតីទាំងឡាយ ចុះខ្មោចប្រុសនៅរួមជាមួយនឹងទេវតាស្រី តើដូចម្តេច ។ ម្នាលគហបតីទាំងឡាយ ស្វាមីក្នុងលោកនេះជាអ្នកធ្វើបាណាតិបាត ធ្វើនូវអទិន្នាទាន ប្រព្រឹត្តនូវកាមេសុមិច្ឆាចារ ពោលពាក្យមុសា ក្រេបផឹកនូវទឹកស្រវឹង គឺសុរានិងមេវ័យដែលជាទីតាំងនៃសេចក្តីប្រមាទ ជាអ្នកទ្រុស្តសីល មានធម៌ដ៏លាមក មានចិត្តត្រូវមន្ទិលគឺសេចក្តីកំណាញ់រូបរឹតនៅគ្រប់គ្រងផ្ទះ ជាអ្នកជេរប្រទេចពួកសមណព្រាហ្មណ៍ ។ ប៉ុន្តែភរិយារបស់ស្វាមីនោះ ជាអ្នកវៀរចាកបាណាតិបាតវៀរចាកអទិន្នាទាន វៀរចាកកាមេសុមិច្ឆាចារ វៀរចាកមុសាវាទ វៀរចាកការក្រេបផឹកនូវទឹកស្រវឹងគឺសុរានិងមេវ័យ ដែលជាទីតាំងនៃសេចក្តីប្រមាទ ជាអ្នកមានសីលមានធម៌ល្អ មានចិត្តប្រាសចាកមន្ទិលគឺសេចក្តីកំណាញ់នៅគ្រប់គ្រងផ្ទះជាអ្នកមិនជេរប្រទេចពួកសមណព្រាហ្មណ៍ ។ ម្នាលគហបតីទាំងឡាយ យ៉ាងនេះឯង ឈ្មោះថាខ្មោចប្រុសនៅរួមគ្នាជាមួយនឹងទេវតាស្រី ។ ក្នុងការនៅរួមគ្នានេះ ព្រះពុទ្ធសាសនាត្រូវការឲ្យទេវតាប្រុសស្រីនៅរួមគ្នាជាការសុខសាន្តទាំងបច្ចុប្បន្នទាំងក្នុងបរលោក ។ ឯការរស់នៅជាមួយខ្មោចវិញត្រូវជួបទុក្ខលំបាកយ៉ាងណានោះ យើងអាចដឹងបានហើយ ។ ក្នុងព្រះពុទ្ធសាសនាមិនបានប្រាប់ថាទេវតាបានជួបខ្មោចហើយ ត្រូវតែរស់នៅជាមួយខ្មោចរហូតទៅនោះឡើយផ្ទុយទៅវិញ ព្រះពុទ្ធសាសនា បានប្រាប់នូវហេតុដ៏អាក្រក់ក្រៃលែងក្នុងលោកនេះមានពីរយ៉ាងៈ ១. ហេតុដ៏អាក្រក់ក្រៃ លែងខាងក្រៅគឺសេពគប់ជនពាល ។ ២. ហេតុដ៏អាក្រក់ក្រៃលែងខាងក្នុងគឺមិច្ឆាទិដ្ឋិ ។ សរុបសេចក្តីមកតាមគោលព្រះពុទ្ធសាសនាគឺ ១. បើស្វាមីក្បត់ចិត្តក្បត់សន្យា ធ្វើខុសគោលការណ៍រួមជីវិតមួយនិងមួយ មិនមាននូវសេចក្តីសន្តោសចំពោះភរិយារបស់ខ្លួន ទៅមានស្រីដទៃក្តី មានប្រពន្ធថែមទៀតក្តី រឿងនេះវាស្រេចតែថា ភរិយាទទួលយកបានដែរឬទេ ទ្រាំបានដែរទេ បើទ្រាំនៅរួមតទៅទៀតដើម្បីអ្វីអាចមិនឆ្លងនូវរោគ ទាំងរោគផ្លូវកាយ ទាំងរោគផ្លូវចិត្ត(កិលេស) ដែរឬទេ ។ បើអាចទទួលយកបាន ទ្រាំបាន ឲ្យអភ័យបានដើម្បីកូននៅជួបជុំម៉ែឪ ចំណែកខ្លួនឯងក៏អាចនៅសាងបុណ្យកុសល ធ្វើទានរក្សាសីឡ សមាទានឧបោសថ ជាឧបនិស្ស័យ ល្អតទៅមុខបានផងដែរ ដូច្នេះចូរនៅធ្វើភរិយាល្អតទៅទៀតចុះ ។ ប៉ុន្តែបើហេតុការណ៍វាមានសភាពធ្ងន់ធ្ងរ ដល់ថ្នាក់ខ្លួនឯងមិនអាចទទួលយកបានបើនៅរួមតទៅទៀតត្រូវស្លាប់ដោយការឆ្លងរោគ ឬស្លាប់ដោយការបៀតបៀន ការលបប្រហារពីប្រពន្ធក្រោយរបស់ប្តីជាដើម ពុំនោះសោត កុសលកុសលធម៌របស់ខ្លួនមានតែការសាបសូន្យ អកុសលធម៌មានតែការចម្រើនឡើងដូច្នេះព្រះពុទ្ធសាសនាឲ្យសេរីភាពក្នុងការជ្រើសរើសជីវិតរស់នៅឲ្យតែការរស់នៅមានសេចក្តីចម្រើនរួចផុតពីអន្តរាយគ្រប់យ៉ាង ។ នេះមិនមែនភរិយយាខ្វះខាតនូវភាពស្មោះត្រង់នោះទេ ព្រោះល័ក្ខខ័ណ្ឌនៃភាពស្មោះត្រង់នោះត្រូវស្វាមីទម្លាយចោលទៅហើយ ។ ភរិយាត្រូវប្រព្រឹត្តទៅតាមផ្លូវច្បាប់បែកចាកពីស្វាមីតាមផ្លូវច្បាប់ដោយសន្តិវិធី ។ ក្នុងករណីនេះ ប្រសិនបើភរិយាត្រូវការបុរសដទៃជាស្វាមីទៀត ចាំបាច់ត្រូវតែឲ្យស្វាមីលែងលះខ្លួនជាមុនសិនហ្នឹងឯង បើពុំនោះទេ ភរិយាត្រូវទោសការមេសុមិច្ឆាចារ(ទ្រុស្តសីល) ។
២.បើស្វាមីប្រើអំពើហិង្សា វាយតប់ ជេរប្រមាថស្រវឹងស្រារាល់ថ្ងៃរំលោភលើរូបរាងកាយ ។ ល។ រឿងនេះបើនៅមិនទាន់ខ្លាំងក្លាទេ នៅរកផ្លូវដោះស្រាយបានពួកញាតិក្តី អាជ្ញាធរក្តី អាចជួយនិយាយបាន ព្រះពុទ្ធសាសនាឲ្យប្រើគោលធម៌ខន្តី អត់ធន់និងអប់រំទូន្មានចិត្តដោយបញ្ញា ព្រមដោយការឲ្យអភ័យ ។ ប៉ុន្តែបើបញ្ហាខ្លាំងក្លារហូតដល់ថ្នាក់មិនអាចដោះស្រាយបាន ព្រះពុទ្ធសាសនាក៏ឲ្យសិទ្ធសេរីភាពក្នុងការរស់នៅដូចគ្នាដែរ មិនមែនទ្រាំនៅឲ្យប្តីវាយស្លាប់ ហើយចាំទៅកើតឋានសួគ៌ដោយចេះអត់ធន់នោះឡើយ ។ នៅក្នុងព្រះពុទ្ធសាសនា មានគោលធម៌សម្រាប់ធ្វើឲ្យមនុស្សល្អ គឺខន្តីពិតមែនហើយ ប៉ុន្តែជីវិតដែលរស់នៅប្រសើរ គឺរស់នៅប្រកបដោយបញ្ញា ។
អត្តបទនេះដកស្រង់ចេញពីសៀវភៅៈ ស្ត្រីក្នុងពុទ្ធសាសនា រៀបរៀងដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស វាយអត្តបទដោយៈ កញ្ញា ជា ម៉ានិត ដោយ៥០០០ឆ្នាំ |