Reading Article
Public date : 24, Jul 2019 (58,661 Read)
បែបបទ និងតួនាទី

|
បែបបទ និងតួនាទី
ក្នុងព្រះពុទ្ធសាសនានេះស្រ្តីនិងបុរសមានបែបបទនិងតួនាទីផ្សេងគ្នា ។ ការផ្សេង គ្នានេះបានប្រាកដយ៉ាងច្បាស់ក្នុងកិច្ចការតួនាទីជាអ្នកគ្រប់គ្រងផ្ទះ ។ ព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់បានណែនាំដល់តួនាទីនិងបែបបទ របស់ស្រ្តីក្នុងឋានៈជាភរិយាដែលគប្បីបដិបត្តិចំពោះស្វាមីមាន៥ ប្រការៈ ១. ចាត់ចែងការងារផ្ទះឲ្យបានរៀបរយ ។ ២. សង្គ្រោះញាតិមិត្តទាំងពីរខាង (ខាងខ្លួនឯងនិងខាងស្វាមី) ។ ៣. មិនប្រព្រឹត្តក្បត់ចិត្តស្វាមី ។ ៤. រក្សាទ្រព្យសម្បត្តិដែលស្វាមីរកមកបាន ។ ៥. ព្យាយាមមិនខ្ជិលច្រអូសក្នុងការងារទាំងពួង ។ ទាំងនេះព្រោះព្រះអង្គទ្រង់ជ្រាបច្បាស់ថា សេចក្តីសុខសាន្តក្នុងការព្រមព្រៀងគ្នា នៅក្នុងសង្គមគ្រួសារនោះដោយច្រើននិងជាការសំខាន់គឺនៅលើស្រ្តី ។ ព្រះអង្គក៏ពុំបានសម្តែងតួនាទី និងបែបបទ ចំពោះតែស្ត្រីប៉ុណ្ណោះឡើយ សូម្បីតួនាទី និងបែបបទ របស់បុរសក្នុងឋានៈជាស្វាមី ដែលគប្បីបដិបត្តិចំពោះភរិយា ព្រះអង្គក៏បានត្រាស់សម្តែងទុកដោយគោល ៥ ប្រការផងដែរៈ ១. រាប់អាននាង ឲ្យតម្លៃនិងលើកតម្កើងនាង ថាជាភរិយាពេញមុខ ។ ២. មិនមើលងាយនាងដែលជាភរិយាឡើយ ។ ៣. មិនប្រព្រឹត្តក្បត់ចិត្តភរិយា ។ ៤. ប្រគល់ភាពជាធំឲ្យដល់នាងក្នុងការងារផ្ទះ ។ ៥. រកគ្រឿងប្រដាប់កាយឲ្យភរិយាតាមឱកាស ។ យើងឃើញបានថា ព្រះពុទ្ធសាសនា មិនបានឲ្យសេចក្តីសំខាន់ ចំពោះតែបែបបទនិងតួនាទីរបស់បុរសប៉ុណ្ណោះឡើយ ស្ត្រីក៏មានបែបទនិងតួនាទីដ៏យ៉ាងសំខាន់ណាស់ដែរ បែបបទនិងតួនាទីទាំងពីរផ្នែកនេះ ចូលគ្នាហើយ ក៏បានបង្កើតចេញនូវភាពសុខសាន្តជាសុភមង្គលក្នុងជីវិតគ្រួសារ ។ ពោលដោយសរុប ព្រះពុទ្ធសាសនាបានរៀបចំស្រ្តីនិងបុរសឲ្យមានតួនាទី និងបែបទក្នុងការងារជាភរិយានិងជាមាតា ព្រមទាំងជាឧបាសិកាផង ។ ក្នុងពេលជាមួយគ្នា បុរសក៏មានតួនាទីនិងបែបបទក្នុងការងារជាស្វាមី ជាបិតា និងជាឧបាសកផងដែរ ។ ទាំងស្ត្រី ទាំងបុរស សុទ្ធតែអាចបំពេញនូវប្រយោជន៍ឲ្យដល់សង្គមគ្រួសារព្រះសាសនា និងប្រទេសជាតិបានដូចគ្នា ។ សភាពផ្សេងគ្នានៃតួនាទីនិងបែបបទរបស់ស្ត្រីនោះមានទំនាក់ទំនងទៅតាមធម្មជាតិ របស់បុរសស្ត្រីហ្នឹងឯងប៉ុន្តែអ្វីដែលព្រះពុទ្ធសាសនាបញ្ជាក់ប្រាប់ថាដូចគ្នា នោះគឺការបានសម្រេចនូវធម៌ខ្ពង់ខ្ពស់និងភាពជាមនុស្ស ។ ព្រះពុទ្ធសាសនា ជាសាសនានៃបញ្ញា មានមេត្តាករុណា និងណែនាំឲ្យមនុស្សមានការអើពើជួយដល់គ្នានឹងគ្នា មិនបែងចែកវណ្ណៈ ក្នុងរឿងភេទស្រីប្រុសឡើយ ។ ព្រះពុទ្ធសាសនាបានបើកទូលាយឲ្យមនុស្សគ្រប់គ្នាអប់រំចម្រើននូវគុណធម៌ អភិវឌ្ឍសមត្ថភាពរបស់ខ្លួន ឈានទៅរកទិសដៅដ៏ខ្ពង់ខ្ពស់ ដែលជាខ្លឹមសារនៃជីវិតនោះគឺភាពជាឥស្សរៈផុតចាកពីទាសៈរបស់កិលេសទាំងឡាយ ។ សារសំខាន់មួយបែបក្នុងព្រះពុទ្ធសាសនា គឺបដិសេធន៍នូវអំពើហិង្សា ។ ដូចមាននៅក្នុងឱវាទប្បាតិមោក្ខ ក្នុងចំណុចមួយថា (បុគ្គលដែលបៀតបៀនអ្នកដទៃមិនមែនជាសមណៈទេ សម្លាប់សត្វដទៃមិនមែនជាបព្វជិតឡើយ ) ។ យើងឃើញថាព្រះពុទ្ធសាសនាមិនគាំទ្រមិនសរសើរ មិនលើកតម្កើងនូវបុគ្គលដែលប្រើអំពើហិង្សាជាដាច់ខាត ព្រោះថា នេះមិនមែនជាបព្វជិត និងមិនមែនជាសមណសក្សបុត្តិយ៍ឡើយ ។ ជាមួយគ្នានឹងរឿងនេះដែរ យើងបែរទៅពិនិត្យមើល លម្អនៃពាក្យទូន្មានរបស់ព្រះពុទ្ធទាក់ទងនឹងតួនាទីរបស់ស្វាមី ដែលត្រូវបដិបត្តិចំពោះភរិយារបស់ខ្លួន មាន៥ ប្រការតាមដូចដែលបានពោលហើយ ។ ការណ៍ដែលព្រះពុទ្ធបានចែកតួនាទី ឲ្យស្វាមីទំនុកបម្រុងភរិយាធម៌៥ ប្រការនេះ ដើម្បីជាប្រយោជន៍គួរឲ្យយើងយល់បានគឺ
ចំណុចទី១ ទី២ និងទី៣ ជាការថ្នមចិត្តស្រ្តីជាភរិយាដោយការលើកតម្កើងថា ជាភរិយាពេញមុខ មិនប្រទូសរ៉ាយទឹកចិត្តរបស់នាងឡើយ ។ ឯការមិនមើលងាយវាអាចទាក់ទងទៅនឹងរូបរាង មុខមាត់ ឬក៏ការខ្វះខាតដោយប្រការខ្លះរបស់នាង ដោយយកមេត្តាករុណានិងគុណធម៌ដទៃទៀតមកជំនួសសេចក្តីស្រឡាញ់ស្នេហាដែលចុះខ្សោយទៅនោះ ព្រោះថាការមិនមើលងាយ គឺជាទេវតារក្សាជីវិតនាង ។ ការស្មោះស្មគ្ររបស់ស្វាមីជាសេចក្តីសុខរបស់ភរិយា ជាការប្រោះព្រំនូវទឹកអម្រឹតដល់បេះដូចនិងដើមទ្រូងនាង មិនឲ្យក្តៅងំដូចជាដុំរងើកភ្លើងនោះឯង ។ ចំនុចទី៤ ជាការបែងចែកតួនាទី ឲ្យភរិយាប្រគល់ភាពជាធំក្នុងផ្ទះ ឲ្យទទួលខុសត្រូវក្នុងការងារល្អិតល្អន់ ចាប់ផ្តើមទាំងពីថែរក្សាទុកដាក់ទ្រព្យសម្បត្តិគ្រប់គ្រងកូនប្រុសស្រីជាដើមទៅ (ពោលចំពោះតែភរិយានៅផ្ទះឯប្តីចេញទៅរកទ្រព្យប៉ុណ្ណោះ) ។ ចំណុចទី៥ ជាការឲ្យកម្លាំងចិត្តដល់ភរិយាគឺឲ្យភរិយាបាននូវគ្រឿងប្រដាប់កាយ តែងខ្លួនតាមសមគួរដល់ឋានៈ ។នេះជាការថែរក្សាទំនុកបម្រុងទឹកចិត្តរបស់នាងនិងដើម្បីសេចក្តីសុខក្នុងការគ្រប់គ្រងផ្ទះទាំងអស់គ្នា ។ ដែលស្វាមីថ្នមចិត្តភរិយាប្រគល់ភាពជាធំក្នុងផ្ទះនិងទំនុកបម្រុងទឹកចិត្ត ដូចដែលពោលហើយនេះឲ្យដល់ភរិយាទៅបាននោះ ក៏ព្រោះហេតុតែភរិយាបានបដិបត្តិតួនាទីរបស់ខ្លួន ឆ្លើយតបទៅស្វាមី ក្នុងភាពជាស្រីល្អ គឺល្អទៅដោយបញ្ញា ឆ្លាតវៃ ទឹកចិត្តទូលាយចេះសង្គ្រោះញាតិស្មោះត្រង់អត់ធន់ទទួលភារកិច្ចនិងល្អដោយឧស្សាហ៍ខ្មីឃ្មាតជាតួនាទីតាមលំដាប់លំដោយពី១ដល់៥ ។ តួនាទីនិងបែបបទរបស់ភរិយាស្វាមីមានសេចក្តីឆ្លើយឆ្លងគ្នាទៅវិញទៅមក តាមលំដាប់មួយៗ ។ ប៉ុន្តែបើសង្គ្រោះចូលក្នុងសារធម៌ គឺតួនាទីស្វាមីមានខ្លឹមសារនៅត្រឹមមេត្តាចិត្ត ប្រាសចាកអំពើហិង្សា ។ ឯតួនាទីភរិយាមានខ្លឹមសារនៅត្រង់ចរិយាធម៌ទាំង៥ ហ្នឹងឯងគឺបញ្ញា១ សង្គ្រោះ ១ សច្ចៈ ១ ខន្តី ១ វីរិយៈ ១។ ព្រះពុទ្ធសាសនា បានសាបព្រោះនូវគុណធម៌ ឲ្យដុះដាលក្នុងមនុស្សគ្រប់គ្នា តាមការសម្តែងប្រាប់ពីតួនាទីនៃមនុស្សទាំង អស់គ្រប់ភេទគ្រប់វ័យ និងគ្រប់ឋានៈនោះឯង ។ ការបណ្តុះបណ្តាលគុណធម៌ក្នុងខ្លួនគឺជាការសាងសិរីសួស្តីឲ្យខ្លួន ឯង និងជាឧបនិស្ស័យល្អតទៅរហូត ។ មនុស្សដោយច្រើនមិនយល់ពីតម្លៃនៃគុណធម៌ដែលត្រូវចម្រើនក្នុងខ្លួនបានត្រឹមតែថា យើងធ្វើល្អឲ្យដល់អ្នកដទៃប៉ុណ្ណោះ ។ ម្យ៉ាងទៀត យល់ខុសថា វាជាការអន់ថយក្នុងគុណគឺការគោរពសំពះ ថ្វាយបង្គំ បម្រើ អត់ធន់ជាដើមទៀតផង ។ តាមពិតគុណធម៌ធ្វើឲ្យជីវិតមានតម្លៃសូម្បីតែគុណធម៌ទាំងឡាយនោះៗមានក្នុងទាសកម្មករអ្នកបម្រើគេយ៉ាងណាក៏ដោយ គុណធម៌នៅតែជាឧបនិស្ស័យល្អក្នុងចិត្តជានិច្ច ។ មានតែបាបធម៌ទេ ដេលធ្វើឲ្យមនុស្សថោកទាប ។ តាមដែលពោលមកហើយនេះ អត្ថន័យសំខាន់គឺនៅត្រង់ដែលថា ព្រះពុទ្ធសាសនា មិនគាំទ្រឲ្យបុរសប្រើកម្លាំងគ្របសង្កត់ចំពោះស្ត្រី ហើយប្រព្រឹត្តអំពើមិនគួរគប្បីអ្វីមួយឡើយ ទាំងកាយទាំងវាចា ទាំងចិត្ត ។ ផ្ទុយមកវិញ ព្រះពុទ្ធសាសនា ត្រឡប់បែរជាឲ្យបុរស ឬស្វាមីបដិបត្តិតួនាទីរបស់ខ្លួណឲ្យគ្រប់គ្រាន់ក្នុងបែបបទ តួនាទីទាំង៥ ប្រការ ។ ព្រះពុទ្ធសាសនាអប់រំឲ្យមនុស្សមានមេត្តាដល់គ្នា ដោយមានប្រធាននៃឳវាទ គឺសន្តិភាព ភ្លឺស្វាង ប្រាសចាកកិលេសតណ្ហា មិនមានការបៀតបៀនសត្វលោក ។ អត្តបទនេះដកស្រង់ចេញពីសៀវភៅៈ ស្ត្រីក្នុងពុទ្ធសាសនា រៀបរៀងដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស វាយអត្តបទដោយៈ កញ្ញា ជា ម៉ានិត ដោយ៥០០០ឆ្នាំ |