Reading Article
Public date : 05, Nov 2020 (25,874 Read)
រឿងប្រេតញីស៊ីខ្ទុះឈាម

|
រឿងប្រេតញីស៊ីខ្ទុះឈាម
(ចាក បេ. ខុ.) (ទោសប្រមាថមើលងាយទានរបស់ជនដទៃ) សម័យពុទ្ធកាល មានភិក្ខុ ១២ អង្គ រៀនយកព្រះកម្មដ្ឋានអំពីសំណាក់ព្រះសាស្តាហើយ នាំគ្នាចូលទៅក្នុងព្រៃរកទីស្ងាត់ ក៏បានដល់ព្រៃរបោះមួយ ក្បែរក្រុងសាវត្ថីនោះ បានដឹងថាមានភិក្ខុ ១២ អង្គទៅគង់នៅក្នុងព្រៃរបោះជិតលំនៅខ្លួ ក៏នាំចូលទៅថ្វាយបង្គំបវាវណាបច្ច័យ ៤ និមន្តមកទទួលភត្តឯគេហស្ថានរបស់ខ្លួន ។ ជាងតម្បាញជាធមទទួលយកភិក្ខុពីអង្គ ក្រៅពីនោះជាងតម្បាញម្នាក់យកភិក្ខុ ១ អង្គ ទៅប្រកេនចង្ហាន់ឯផ្ទះរៀង ៗ ខ្លួន ហើយនិមន្តឲ្យចាំវស្សានៅព្រៃនោះ ។ ចំណែកភរិយាជាងតម្បាញជាធំនោះ ជាស្ត្រីមិច្ឆាទិដ្ឋិមិនជ្រះថ្លានឹងភក្ខុសង្ឃសោះ ជាងតម្បាញខឹង ក៏យកប្អូនស្រីនៃភរិយានោះ មកធ្វើជាភរិយា ប្រគល់ទ្រព្យសម្បត្តិឲ្យជាធំក្នុងផ្ទះ នាំគ្នាធ្វើទាន មានប្រគេនចីវរជាដើមដល់ភិក្ខុសង្ឃ ។ លុះធ្វើទានហើយ ភរិយាមិច្ឆាទិដ្ឋិនោះ និយាយប្រមាថមើលងាយទាន ដែលស្វាមីបានធ្វើថា បាយទឹកដែលអ្នកឲ្យភិក្ខុសង្ឃឆាន់ នឹងឲ្យផលបុណ្យដល់អ្នកជាលាមក ខ្ទុះ ឈាម ឯចីវរដែលអ្នកប្រគេនលោកនោះ ឲ្យផលជាភ្លើងឆេះស្រោបកាយអ្នកជាប្រាកដ ។ សង្ខេបស្លេះសេចក្តីតែប៉ុណ្ណេះ ដល់នាងភរិយាមិច្ឆាទិដ្ឋិនោះស្លាប់ ទៅកើតជាប្រេតញីនៅក្បែរព្រៃធំមួយ ឯជាងតម្បាញជាប្តីរបស់នាងមិច្ឆាទិដ្ឋិនោះ ស្លាប់ទៅកើតជារុក្ខទេវតាជាស្វាមីពីជាតិមុននោះ ស្រែកសុំបាយទឹកស៊ីផឹក រុក្ខទេវតា ក៏យកចំណីអាហារទិព្វមកឲ្យស៊ី ប្រេតញីនោះគ្រាន់តែដាក់ដល់មាត់ ក៏ក្លាយទៅជាលាមកខ្ទុះឈាម មើលទៅខ្លួនអាក្រាតទទេ មានសេចក្តីអៀនខ្មាស់ស្រែកសុំសំពត់ទៀតរុក្ខទេវតាសំពត់ទិព្វឲ្យ ប្រេតញីទទួលយកទៅគ្របដណ្តប់ ក៏ក្លាយទៅជាភ្លើងឆេះសន្ធោសន្ធៅ ប្រកាច់ស្រែកទួញទាល់តែរលាស់សំពត់នោះចោលចេញ ។ ទទួលតែសេចក្តីទុក្ខបែបនេះជាយូរខែយូរឆ្នាំ។ ក្នុងថ្ងៃមួយមានភិក្ខុមួយអង្គ ចេញវស្សាហើយ ចង់ទៅថ្វាយបង្គំព្រះបរមគ្រូ ក៏សុំដោយសារជាមួយឈ្មួញរទេះទៅក្រុងសាវត្ថី ទៅដល់ក្បែរព្រៃធំនោះ ដាក់រទេះឈប់សម្រាកភិក្ខុ ក៏ចូលទៅក្នុងព្រៃក្រាលសង្ឃដី សឹងក្រោមម្លប់ឈើមួយ. ពួកឈ្មួញរទេះមិនឃើញចេះតែដើរតាមគន្លងរទេះ ដល់យប់ងងឹតមើលគន្លងរទេះមិនឃើញ ក៏វង្វេងចូលទៅក្នុងព្រៃជ្រៅ ។ រុក្ខទេវតាឃើញភិក្ខុនោះ ក៏ចុះពីចុងឈើ បង្ហាញខ្លួនឲ្យភិក្ខុឃើញ នាំលោកទៅក្បែរគល់ឈើនិមិត្តជាប្រាសាទ និមន្តឲ្យស្រង់ទឹករៀបកន្លែងប្រគេនសឹង ដល់តែប្រេតញីនោះទៅសុំអាហារចំណី ទេវតានោះទៀត ។ ទេវតាឲ្យ ស៊ីដូចមុន ចំណីអាហារក្លាយទៅជាលាមកខ្ទុះឈាម ឲ្យសំពត់ស្លៀកក្លាយទៅជាភ្លើង ភិក្ខុឃើញហើយ កើតសង្វេគអស្ចារ្យទើបសួរទេវតា ៗ ប្រាប់បុព្វកម្មសព្វគ្រប់ហើយសួរ ទៅភិក្ខុនោះវិញថាធ្វើដូចម្តេចទើប ឲ្យប្រេតនេះបានស៊ីចំណី បានស្លៀកសំពត់កើត ? ភិក្ខុនោះប្រាប់ថា ឲ្យយកចំណីអាហារសំពត់ទៅប្រគេនដល់សង្ឃហើយឧទ្ទិសផលឲ្យទើបបាន ។រុក្ខទេវតាក៏យកសំពត់ ចំណីអាហារនាំបង្ហាញផ្លូវ ភិក្ខុនោះទៅវត្តជេតពន ទៅ ប្រគេនព្រះសង្ឃ មានព្រះពុទ្ធជាប្រធាន ហើយឧទ្ទិសផលឲ្យប្រេតញីនោះ ៗ ក៏បានស៊ីចំណីអាហារ ស្លៀកពាក់ រួចកម្មពៀរក្លាយខ្លួន ទៅជារុក្ខទេវធីតាក្នុងវេលានោះហោង ។ អត្ថបទនេះដកស្រង់ចេញពីសៀវភៅៈ ប្រជុំជាតក វាយអត្ថបទដោយៈ កញ្ញា ជា ម៉ានិត ដោយ៥០០០ឆ្នាំ |