Reading Article
Public date : 18, Jan 2020 (16,268 Read)
ចេះជួយយកអាសាគ្នាក្នុងគ្រាក្រ ទើបជាមិត្រល្អ

|
រឿងសត្វខ្លែង និងអ្នកប្រមាញ់
(ចាក ម.ប.) (ចេះជួយយកអាសាគ្នាក្នុងគ្រាក្រ ទើបជាមិត្រល្អ) កាលកន្លងទៅហើយ ព្រះបាទព្រហ្មទត្តសោយរាជ្យក្នុងក្រុងពារាណសី កាលនោះអ្នកស្រុកបច្ចន្តគ្រាម ចូលចិត្តរកស៊ីបរបាញ់សត្វយកសាច់ចិញ្ចឹមគ្រួសារ ។ នៅជិតស្រុកនោះ មានស្រះធំមួយមានសត្វ ៥ ពួកនៅអាស្រ័យគឺ ខ្លែងឈ្មោលនៅខាងត្បួងស្រះ ខ្លែងញីនៅខាងលិច. រាជសីហ៍នៅខាងជើង អកនៅខាងកើត អណ្តើកនៅត្រង់ដីទួលកណ្តាលស្រះ ។ ខ្លែងឈ្មោលនិយាយសុំខ្លែងញីធ្វើជាប្រពន្ធខ្លែងញីសួរថា អ្នកចង់បានខ្ញុំជាប្រពន្អនេះ តើអ្នកមានមិត្តសម្លាញ់ឬទេ ? ខ្លែងឈ្មោលថា ខ្ញុំមិនមានមិត្តសម្លាញ់ទេ។ ខ្លែងញីក៏ប្រាប់ទៅវិញថា ត្រូវអ្នករកចងមិត្តឲ្យបានគ្នាច្រើនសិន ទើបខ្ញុំព្រមទទួលយក ហើយពន្យល់ខ្លែងឈ្មោលឲ្យទៅចងមេត្រីនឹងសត្វទាំងបីគី អក អណ្តើក និងរាជសីហ៍ ។ ខ្លែងឈ្មោលបានស្តាប់ហើយ ក៏ទៅចងមិត្តនឹងសត្វទាំងនោះបានសំរេចដូចបំណង ។ គ្រានោះ ខ្លែងទាំងពីរបានព្រមព្រៀងគ្នាជាប្តីប្រពន្ធ ធ្វើសំបុកពងលើដើមក្ទម្តដែលដុះត្រង់ដីទួលកណ្តាលស្រះនោះឯង ក្រោយមកខ្លែងញីឈ្មោលក៏បានកូនពីរ ។ ថ្ងៃមួយពួកអ្នកស្រុកបច្ចន្តគ្រាម ដើរបរបាញ់សត្វក្នុងព្រៃមិនបាន ដល់ពេលយប់ ក៏នាំគ្នាទៅដេកក្រោមដើមក្ទម្ភដុតភ្លើងបង្ហុយផ្សែងបង្អើលមូស ។ ផ្សែងភ្លើងហុយទ្បើងទៅដល់សំបុកខ្លែងលើចុងក្ទម្ត កូនខ្លែងតូចៗដែលនៅក្នុងសំបុកក៏យំស្រែករំពង ។ អ្នកប្រមាញ់ឮសំលេងកូនសត្វមានសេចក្តីត្រេកអរណាស់ ដាស់គ្នាឲ្យក្រោកទ្បើង កាន់គប់ភ្លើងបំភ្លឺទៅយកកូនសត្វមកដុតស៊ី ។ ខ្លែងឈ្មោលថា អ្នកប្រមាញ់ប្រាថ្នានឹងទ្បើងមកយកូនយើងទៅស៊ីហើយ ដូច្នេះសូមអ្នកទៅឲ្យដំណឹងដល់មិត្តសម្លាញ់យើង ត្បិតយើងមានភ័យអាសន្ទដល់ហើយ ។ ខ្លែងឈ្មោល ក៏ស្ទុះម្នីម្នាទៅប្រាប់អកតាមដំណើរ អកមកជួយយកអាសា ហើយបញ្ជូនខ្លែងឈ្មោលឲ្យប្រញាប់ទៅមុន អកទៅដល់ទំលើចុងឈើមួយក្បែរដើមក្ទម្ភនោះ ឃើញអ្នកប្រមាញ់កំពុងកាន់គុបភ្លើងទ្បើងទៅរកសំបុកអក ក៏មុជទៅក្នុងស្រះឲ្យទទឹកស្លាបជោក ហើយប្រៀមទឹកពេញមាត់ ហើរទៅទទះស្លាបព្រួសទឹកពន្លត់គប់ភ្លើងនោះ ប្រមាញ់ម្នាក់កាន់គប់ទ្បើងទៅទៀតអកខំពន្លត់ដោយឧបាយនោះទៀត ដរាបដល់ពាក់កណ្តាលអធ្រាតុរងារញ័រអស់ទាំងខ្លួន ខ្លែងញីឃើញដូច្នោះក៏និយាយនឹងខ្លែងឈ្មោលឲ្យទៅប្រាប់អណ្តើកជាប្រញាប់ ។ ខ្លែងឈ្មោលប្រាប់អណ្តើកឲ្យមកជួយ អណ្តើកទទួលយកអាសាដោយសេចក្តីស្ម័គ្រ ។ គ្រានោះកូនអណ្តើក បានឮឪពុក សុំធានាទៅជួយការពារខ្លែងនោះ ។ អណ្តើកជាឪពុកឃាត់កូនមិនឲ្យទៅ ទើបទៅយ៉ាងប្រញាប់ដោយខ្លួនឯង ចុះទៅក្នុងស្រះបាភក់ និងសារាយនាំទៅបាចលើគំនរភ្លើងរលត់អស់ ។ ឯពួកប្រមាញ់បានឃើញអណ្តើកធំសំបើមដូច្នោះ ក៏និយាយគ្នាដោយត្រេកអរថា យើយកុំរវល់នឹងកូនខ្លែងល្អិតនោះ នាំគ្នាចាប់អណ្តើកធំឯណោះវិញ បើយើងបានតែមួយនេះ ល្មមឆ្អែតទាំងអស់គ្នា ។ អ្នកប្រមាញ់មិនដឹងដូចម្តេចចាប់អណ្តើកធំនោះឲ្យបានឆាប់ ក៏ស្រាតសំពត់ចុះទៅវេចខ្ចប់អណ្តើកនោះហើយ នាំគ្នាទាញចុងសំពត់ម្ខាង ប៉ុន្តែទាញមិនឈ្នះសោះ ព្រោះអណ្តើកធំពេក ក៏ត្រូវអណ្តើកអូសរហូតដល់ទឹកជ្រៅ ហេតុតែសេចក្តីលោភអ្នកទាំងនោះ ស៊ូមុជទៅតាមទាល់តែឈ្លក់ទឹកផឹកប៉ោងពោះទើបទ្បើងមកវិញរងារញ័រខ្លួនងាកទៅរកភ្នក់ភ្លើងរលត់អស់សំលៀកបំពាក់ក៏គ្នាន បានទៅអណ្តើកអស់ទៅ ក៏នាំគ្នាឱបដៃអស់សង្ឃឹម ហើយនិយាយថា ណ្ហើយចុះចាំថ្ងៃរះ យើងយកកូនខ្លែងស៊ីឲ្យបាន ។ ខ្លែងញីឮដូច្នោះ ប្រើខ្លែងឈ្មោលឲ្យទៅពឹងរាជសីហ៍ទៀត ។ រាជសីហ៍ ទៅដល់គល់ក្ទម្ភ ឥតឃើញមនុស្សមា្នក់សោះ ។ ខណៈនោះអក អណ្តើកនិងខ្លែងចូលទៅរករាជសីហ៍ ៗ សំដែងនូវអានិសង្ស មិត្តដល់សត្វទាំងនោះ ហើយរំលឹកគ្នាទៅទៀតថា ពីថ្ងៃនេះតទៅយើងទាំងអស់គ្នា ត្រូវរក្សាមិត្តឲ្យថិតថេរមាំមួន កុំប្រហែសធ្វេសទ្បើយ ក៏លាគ្នាទៅកាន់លំនៅរៀងៗ ខ្លួន ។ អត្ថបទនេះដកស្រង់ចេញពីសៀវភៅៈ ប្រជុំជាតក វាយអត្ថបទដោយៈ កញ្ញា ជា ម៉ានិត ដោយ៥០០០ឆ្នាំ |