Reading Article
Public date : 25, Jul 2019 (24,094 Read)
ស្រ្តីក្បត់បើទុកជាស្វាមីបង្ហូរឈាមខ្លួន ឲ្យផឹកក៏នៅតែក្បត់

|
រឿងព្រះបាទបទុមរាជ
(ចាក ចូ. ធា.) (ស្រ្តីក្បត់បើទុកជាស្វាមីបង្ហូរឈាមខ្លួន ឲ្យផឹកក៏នៅតែក្បត់) កាលកន្លងទៅហើយ ព្រះរាជាក្រុងពារាណសី មានរាជបុត្រា ៧ ព្រះអង្គ ។ ព្រះពោធិសត្វទ្រង់សោយព្រះជាតិជាព្រះរាជបុត្រច្បងព្រះនាមបទុមរាជកុមារ ។ ព្រះចៅក្រុងពារាណសីជាព្រះរាជបិតា ទ្រង់ព្រះចិន្តាថា ព្រះរាជកុមារទាំងនោះមុខជានាំគ្នាសម្លាប់អញ ដណ្តើមយករាជសម្បត្តិតែសព្វខ្លួនពុំខាន ទើបទ្រង់ព្រះចិន្តាដូច្នេះហើយ មានព្រះបន្ទូលថា ហៃបុត្រសម្លាញ់មាសឪពុកទាំងទ្បាយ បាកុំនៅក្នុងទីនេះ ចូរនាំគ្នាចេញទៅនៅក្នុងទីដទៃសិនទៅ ទំរាំតែអំណេះឥតអំពីបិតាទៅ សឹមបានាំគ្នាមកទទួលយករាជសម្បត្តិជាខាងក្រោយចុះ ។ ព្រះរាជកុមារទាំងនោះ ព្រមទាំងភរិយា ក៏នាំគ្នាថ្វាយបង្គំលាព្រះវរមាតាបិតា ហើយចេញអំពីនគរទៅ ។ ទៅដល់ផ្លូវដាច់ស្រយ៉ាល ដាច់បាយដាច់ទឹក រកស្បៀងអាហារបរិភោគពុំបាន. ក៏បបួលគ្នាកាប់ភរិយានៃព្រះរាជកុមារពៅជាមុន ចែកសាច់ជា១៣ ចំណែកហើយចែកគ្នាបរិភោគរៀងៗ ខ្លួន ។ ឯព្រះពោធិសត្វ ត្រូវបានពីរចំណែក គឺព្រះអង្គ ១ ចំណែកភរិយារបស់ព្រះអង្គ១ ចំណែក ព្រះអង្គលាក់ទុក១ ចំណែករៀងរាល់ថ្ងៃ មិនបរិភោគទ្បើយ បរិភៅគតែមួយចំណែកជាមួយភរិយា ។ ឯព្រះរាជកុមារដទៃ ក៏សម្លាប់ភរិយាទាំង៦ នាក់យកសាច់ចែកគ្គាបរិភោគ តាមលំដាប់រហូតមកដល់ថ្ងៃជាគំរប់៦ ។ ចំណែកព្រះពោធិសត្វ ហេតុតែមានព្រះបញ្ញាឈ្លាសវៃ បានទុកចំណែកដែលត្រូវបានខ្លួនតែរាល់ៗ ថ្ងៃ លុះដល់មកថ្ងៃទី ៧ដែលត្រូវវេនសម្លាប់ភរិយារបស់ខ្លួននោះ ព្រះអង្គនៅសល់ចំណែកទាំង៦ ដែលបានលាក់ទុកពីថ្ងៃមុនយកចែកដល់ព្រះរាជកុមារទាំងទ្បាយ ហើយទ្រង់ពោលថា ម្នាលអ្នកទាំងទ្បាយក្នុងថ្ងៃនេះ អ្នកបរិភោគចំណែកទាំងនេះសិនចុះ ចាំដល់ថ្ងៃស្អែកសឹមយកគិតតទៅទៀត ។ លុះដល់វេលារាត្រី ព្រះរាជកុមារទាំងនោះកំពុងដេកលក់ស៊ប់ ក៏នាំភរិយារបស់ព្រះអង្គរត់គេចបាត់ទៅ ។ លុះដើរឆ្ងាយបន្តិចទៅ ភរិយាអស់កម្លាំងមិនអាចដើរទៅទៀតបានព្រះពោធិសត្វ លើកភរិយាបញ្ជិះលើស្មា ហើយខំប្រឹងដើរទៅដរាបដល់បានឆ្លងផ្លូវដាច់ស្រយ៉ាលនោះផុត ។ ឯភរិយាបាននិយាយថា បពិត្រស្វាមី ! ខ្ញុំស្រេកទឹកខ្លាំងណាស់ ។ ព្រះពោធិសត្វ រកទឹកឲ្យភរិយាផឹកពុំបាន ក៏យកព្រះខ័នចោះជង្គង់បង្ហូរឈាមឲ្យភរិយាផឹក ។ ជនទាំងពីរនាក់នោះដើរជាលំដាប់ទៅ បានដល់ទី ១ ក៏ធ្វើបណ្ណសាលានៅក្បែរមាត់ស្ទឹងគង្គា ។ កាលនោះ ពួកមនុស្សជាច្រើនចាប់បានចោរម្នាក់ ដែលមានទោសចំពោះព្រះរាជា ហើយនាំយកទៅកាត់ដៃ ជើង ត្រជៀក និង ច្រមុះឲ្យកំបុតអស់ដាក់ក្នុងពោងពាយបណ្តែតចោលទៅក្នុងស្ទឹងគង្គានោះ បុរសនោះចេះតែស្រែកថ្ងូរហៅ ។ ព្រះបរមពោធិសត្វ បានឮសំលេងនោះហើយ មានមេត្តាអាណិតអាសូរ ចុះទៅក្នុងស្ទឹងរើសយកទៅបណ្ណសាលា រកថ្នាំលាបបិតរុំដំបៅឲ្យ ។ ឯភរិយារបស់ព្រះពោធិសត្វ ខ្ពើមរអើមបុរសកំបុតនោះ មិនដែលក្រទ្បេកមើលចំទ្បើយ ព្រះពោធិសត្វ ទ្រង់ថែរក្សាបុរសកំបុតនោះ ទាល់តែបានសះជាដោយស្រួលបួល ។ ដល់ជាស្រួលបួលហើយ ភរិយារបស់ព្រះពោធិសត្វនោះ ជាស្រីអប្រិយមានគំនិតអាក្រក់ ក្បត់ចិត្តស្វាមី កាលបានឱកាសស្ងាត់ហើយ ក៏នៅជាមួយអាកំបុតនោះទៅ ឥតកោតក្រែងដល់ស្វាមីទ្បើយ មិនតែប៉ុណ្ណោះសោត គិតរកកលឧបាយនឹងសម្លាប់ព្រះពោធិសត្វ ជាស្វាមីរបស់ខ្លួនទៀតហើយក្លែងនិយាយថា បពិត្រអ្នកជាស្វាមី កាលដែលខ្ញុំជិះលើស្មាអ្នក ចេញផុតអំពីផ្លូវឆ្ងាយដាច់ស្រយាលនោះមកបានឃើញភ្នំ ១ ធំ ខ្ញុំបានរួចរស់ជីវិតកាលណា ខ្ញុំនឹងត្រទ្បប់មកធ្វើពលិកម្មដល់លោកក្នុងកាលនោះពុំខាន ឥទ្បូវនេះដល់ពេលដែលខ្ញុំ នឹងត្រូវធ្វើពលិកម្មបូជាដល់ទេវតាហើយ ។នាងថាតែប៉ុណ្ណោះ ក៏នាំព្រះពោធិសត្វទៅឯភ្នំនោះ លុះដល់ហើយទើបនិយាយថា បពិត្រអ្នកជាស្វាមីខ្លួនអ្នកជាទេវតាដ៏ឧត្តមបំផុត ខ្ញុំនឹងដើរប្រទក្សិណអ្នក ៣ជុំថ្វាយបង្គំអ្នកជាមុនសិន រួចហើយសឹមធ្វើពលិកម្មបូជាដល់ទេវតាជាខាងក្រោយ ។ ស្រីចង្រៃពោលពាក្យយ៉ាងនេះហើយ ក៏ឲ្យព្រះពោធិសត្វឈរបែរមុខទៅរកជ្រោះភ្នំ ហើយធ្វើអាការះហាក់ដូចជាមានប្រាថ្នាបង្គំបូជាំដោយផ្កាភញី ដើរចូលទៅក្រោយខ្នង ច្រានព្រះពោធិសត្វទម្លាក់ទៅក្នុងជ្រោះភ្នំនោះទៅ ។ ក៏ម្នីម្នាត្រលប់ទៅកាន់សំណាក់អាកំបុតនោះវិញដោយប្រញាប់ប្រញាល់ ។ ឯព្រះបរមពោធិសត្វ ដែលធ្លាក់ទៅក្នុងជ្រោះនោះ ហេតុតែបុណ្យបារមី ដែលព្រះអង្គបានសាងទុកពីបុព្វជាតិ ក៏ធ្លាក់ទៅលើស្បាតស៊ុមទ្រុំ លើចុងល្វា១ ដើមជាឈើឥតបន្លា តែទ្រង់មិនអាចដើរចុះទៅក្នុងទីដទៃបានទ្បើយ ក៏បេះផ្លែល្វាបរិភោគ នៅលើប្រគាបឈើនោះឯង ។ ជូនជាពេលនោះ មានស្តេចទន្សង ១ ជាសត្វធ្លាប់ទ្បើងអំពីជើងភ្នំទៅរកស៊ីផ្លែល្វា ។ សត្វទន្សងនោះ កាលទ្បើងមកស៊ីផ្លែល្វា ស្រាប់តែឃើញព្រះបរមពោធិសត្វធ្លាក់ទៅក្នុងទីនោះ កាលបានស្តាប់ដឹងសព្វគ្រប់ហើយក៏ឲ្យព្រះបរមពោធិសត្វ អង្គុយនៅលើខ្នងរបស់ខ្លួន ហើយរាវទ្បើងអំពីជ្រោះភ្នំ នាំចេញទៅដាក់ដល់ផ្លូវ ហើយត្រទ្បប់ចូលទៅកាន់ព្រៃវិញ ។ ឯព្រះបរមពោធិសត្វ ទ្រង់ទៅកាន់បច្ចន្តគ្រាម ហើយនៅក្នុងស្រុកនោះ លុះអំណើរអំពីព្រះរាជបិតាទៅ ក៏បានសោយរាជ្យ ទ្រង់ព្រះនាមថា ព្រះបាទបទុមរាជ គ្រប់គ្រងរាជ្យសម្បត្តិជាដំណតព្រះវង្សមក ព្រះអង្គបានសាងសាលាសំរាប់ឲ្យទាន ៦ ខ្នង ហើយចំណាយទ្រព្យក្នុង ១ ថ្ងៃ ៦ សែនកហាបណៈឲ្យទានតែរាល់ៗថ្ងៃឥតមានលោះថ្ងៃណាមួយទ្បើយ ។ កាលនោះ ស្ត្រីកាទ្បកណ្ណីខាតលក្ខណ៍ បានបញ្ជិះអាកំបុតលើស្មា ដើរចេញមកអំពីព្រៃ ទៅរកសូមទានបាយចំណីគេសព្វច្រកល្ហក ដើម្បីចិញ្ចឹមរក្សាអាកំបុត កាលបើមានគេសួរថា បុរសនេះត្រូវជាអ្វីនឹងនាង វាក៏តាំងរៀបរាប់ប្រាប់ថា យើងទាំងពីរនាក់ជាបងប្អូនជីដូនមួយនឹងគ្នា ពួកចាស់ទុំបានផ្សំផ្គុំឲ្យ ខ្ញុំក៏ស៊ូតែទ្រាំខំប្រឹងរក្សាស្វាមីរបស់ខ្លួនទៅ ។ អ្នកនគរបានឮសំដីសារស័ព្ទរៀបរាប់កុហកប្រាប់ដូច្នោះហើយក៏គិតថា នាងនេះជាស្រីល្អ មានសេចក្តីគោរពប្តីណាស់តើ ក៏នាំគ្នាឲ្យបាយបបរជាច្រើន បានឲ្យទាំងកញ្រ្ចែងធំមួយ ហើយប្រាប់ថា នាងចូរដាក់ប្តីរបស់នាងឲ្យអង្គុយនៅក្នុងកញ្ច្រែងនេះ ហើយទូលដើរទៅ ដើម្បីកុំឲ្យលំបាកពេក ។ នាងនោះក៏ធ្វើតាមបង្គាប់ដែលគេប្រាប់ហើយទូលអាកំបុតដើររៀង ៗ ទៅដល់ក្រុងពារាណសីដាក់អាកំបុតចុះអំពីក្បាល ឈប់សំរាកបរិភោគអាហារចំណីក្នុងសាលាសម្រាប់ឲ្យទាន របស់ព្រះពោធិសត្វនោះ រួចហើយលើកអាកំបុតទូលទៅទៀត ។ គាប់ជួនជាពេលនោះព្រះបរមពោធិសត្វ ស្តេចយាងទៅក្នុងរោងទាន ដើម្បីព្រះរាជទានម្ហូបចំណី ដល់ពួកមហាជនទាំងទ្បាយផ្ទាល់ព្រះហស្ថព្រះអង្គរួចហើយ ត្រទ្បប់ចូលទៅកាន់ព្រះរាជនិវេសន៍វិញ ស្រាប់តែទតឃើញស្រីនោះត្រង់ផ្លូវហើយ ត្រាស់សួរមហាជនទាំងទ្បាយថា គេទូលអ្វី មនុស្សទាំងនោះក៏ក្រាបទូលថា បពិត្រព្រហសម្មតិពេព ស្រីនេះទូលស្វាមីរបស់ខ្លួនដែលកំបុតអវៈយវៈ ជាស្រីមានសេចក្តីគោរពកោតក្រែងដល់ប្តីរបស់ខ្លួន ។ ព្រះបរមពាធិសត្វ ក៏ទ្រង់ប្រើរាជបំរើឲ្យទៅហៅនាងនោះមកហើយ ទ្រង់ជ្រាបច្បាស់ថាជាភរិយារបស់ព្រះអង្គពីដើម ទើបទ្រង់ឲ្យគេលើកអាកំបុតនោះចេញអំពីកញ្ជ្រែង ហើយត្រាស់សួរសព្វគ្រប់តាមន័យ ដែលបានថ្លែងរួចមកហើយក្នុងខាងដើម ព្រះរាជាទ្រង់ត្រាស់សួរបញ្ជាក់ថា នាងឯងក្រែងជាភរិយារបស់បទុមកុមារ ជាធីតារបស់ស្តេចឯណោះមែនឬ ហើយជាស្រីមានឈ្មោះយ៉ាងនេះ ផឹកឈាមដែលហូរចេញពីខ្លួនអញ ហើយនាងឯងក្បត់ចិត្តអញទៅស្រទ្បាញ់អាកំបុតនេះ បានច្រានអញទម្លាក់ទៅក្នុងជ្រោះភ្នំមែនឬ? ឥទ្បូវនេះនាងឯងស្គាល់អញឬទេ ឬក៏ស្មានថាអញស្លាប់ក្នុងជ្រោះនោះបាត់ហើយ ត្រាស់ដូច្នេះហើយបង្គាប់ពួកអមាត្យថា នែអ្នកទាំងទ្បាយរាល់គ្នាចូរយកអង្រែមកសំពង សម្លាប់អាកំបុតចង្រៃអប្រិយនេះ ឲ្យឆាប់ៗទៅ ហើយចូរនំាគ្នាកាត់ត្រចៀកច្រមុះ នៃស្ត្រីបាបកាទ្បកណ្ណីនេះ ឲ្យឆាប់កុំទុកវា ។ ព្រះពោធិសត្វ ដែលទ្រង់ធ្វើអាករៈកំហែងគំរាមយ៉ាងនេះ ដើម្បីគ្រាន់តែបង្អន់សេចក្តីក្រោធប៉ុណ្ណោះទេ ព្រះអង្គមិនបានឲ្យគេធ្វើយ៉ាងដូច្នេះទ្បើយ ។ រួចហើយព្រះអង្គ ទ្រង់ប្រើរាជអាមាត្យ ឲ្យចងកញ្ច្រែងលើក្បាលនាងនឡដូចដើមវិញហើយ ឲ្យដាក់អាកំបុតទៅក្នុងកញ្ច្រែងនោះ ទ្រង់និរទេសឲ្យចេញផុតពីព្រំដែនរបស់ព្រះអង្គ ។ អត្ថបទនេះដកស្រង់ចេញពីសៀវភៅៈ ប្រជុំជាតក វាយអត្ថបទដោយៈ កញ្ញា ជា ម៉ានិត ដោយ៥០០០ឆ្នាំ |