Reading Article
Public date : 24, Nov 2020 (58,088 Read)
បុរសច្រើនតែឆ្កួត នឹងរូបស្រ្តីព្រោះកាមរាគៈ

|
រឿងស្រីកំសត់
(ចាក អ. ឧ.) (បុរសច្រើនតែឆ្កួត នឹងរូបស្រ្តីព្រោះកាមរាគៈ) កាលកន្លងទៅហើយមានស្រីកំសត់ម្នាក់នៅក្នុងក្រុងពារាណសី បានឃើញពួកស្រ្តីដែលមានបុណ្យស្លៀកពាក់សំពត់ពណ៌ក្រហមដូចផ្កាសិរមាន់ក៏ចង់ស្លៀកដូចគេ ទើបចូលសារស័ព្ទប្រាប់មាតាបិតាៗពោលប្រាប់ថា ហៃកូនយើងជាមនុស្សទីទ័លក្រ តើនឹងបានសំពត់បែបនោះពីណាមកស្លៀក ។ នាងធីតាពោលថាបពិត្រលោកឪពុកលោកម្តាយ! បើដូច្នោះ កូនសុំទានអនុញ្ញាតទៅស៊ីឈ្នួលគេដែលជាអ្នកមានសម្បត្តិស្តុកស្តម្ភ ។ កាលមាតាបិតាយល់ព្រមហើយ នាងក៏ចូលទៅសុំអ្នកមានម្នាក់ដើម្បី ស៊ីឈ្នួលយកសំពត់ពណ៌ក្រហមផ្កាសិរមាន់នោះ ។ ឯត្រកូលនោះគេប្រាប់ថា បើនាងនៅធ្វើការឲ្យយើង គំរប់៣ឆ្នាំ ទើបបានសំពត់បែបនោះ ។ នាងក៏សុខចិត្តហើយខំធ្វើការងារ បីដូចជារបស់ខ្លួនមិនទាន់គ្រប់៣ឆ្នាំផង ដោយជនជាម្ចាស់នោះមានសេចក្តីអាណិតអាសូរជាខ្លាំ ក៏ឲ្យសំពត់ពណ៌ក្រហមនោះនឹងសំពត់ដទៃទៀត ដល់នាងនោះ ។ នាងបានសំពត់ហើយ ក៏លាជនជា ចៅហ្វាយនាយត្រឡប់ផ្ទះមាតាបិតា លុះបានដល់ពាក់កណ្តាលផ្លូវ ក៏ចុះងូតទឹក ហើយដាក់សំពត់នោះលើច្រាំង ។ ខណះនោះ សាវកព្រះកស្សបសម្មាសម្ពុទ្ធមួយអង្គ ចោរលួចយចីវរអស់ លោកស្លៀកដណ្តប់បិទបាំងរាងកាយដោយសម្បកឈើ និមន្តមកដល់ទីនោះ ។ គួរឲ្យសរសើរដល់ចិត្តនាងណាស់ កាលព្រះថេរៈនិមន្តមកដល់នាងបានឃើញហើយ ក៏កើតសេចក្តីសង្វេគថា ឱហ្ន លោកម្ចាស់អង្គនេះច្បាស់ជាចោរលួចយកចីវរហើយបានជាស្លៀក ដណ្តប់សំពត់សំបកឈើដូច្នេះម្យ៉ាងទៀតអញដែលក្រសំពត់ស្លៀកនេះក៏មក តែពីជាតិមុនមិនបានឲ្យដល់ស្រមណ៍កំណោរព្រាហ្មណ៍ ឬស្មូមរូបណាសោះ ដូច្នេះគួរអញលះចោលសេចក្តីកំណាញ់ក្នុងពេលនេះឲ្យបាន លុះគិតដូច្នេះហើយ ក៏ហែកសំពត់នោះត្រង់ពាក់កណ្តាល ប្រគេនមួយចំណែកដល់ព្រះថេរៈអង្គនោះ ។ ព្រះថេរៈ ក៏និមន្តចូលទៅទីកំបាំង ហើយផ្លាស់សំពត់សំបកឈើនោះចោល ស្លៀកដណ្តប់រួចនិមន្តចេញមកវិញ ។ ឯសរីរៈរបស់លោក ដែលបានស្លៀកដណ្តប់សំពត់ពណ៌ក្រហម ក៏រុងរឿងមានពន្លឺឱភាសផ្សាយ ចេញពីរាងកាយតែមួយបែបវិស័យដូចព្រះទិនករ ដែលទើបនឹងរះផុតចុងព្រឹក្សា ។ នាងឃើញហើយអរណាស់នឹកក្នុងចិត្តថា លោកម្ចាស់របស់អញ ពេលមុនមិនសូវសមរម្យសោះឥឡូវល្អណាស់រុងរឿងណាស់ ដូចព្រះអាទិត្យទើបរះដូច្នេះអញនឹងប្រគេនសំពត់ផ្ទាំងទីពីរនេះទៀត ហើយក៏ប្រគេន ចំណែកទីពីរនោះដល់ព្រះថេរៈតាំងប្រាថ្នាថា បពិត្រលោកម្ចាស់ដ៏ចំរើនដោយអំណាចនៃទាននេះ ខ្ញុំម្ចាស់បានកើតក្នុងភពណាក៏ដោយសូមឲ្យមានរូបល្អឆ្នើម បើបុរសណាបានឃើញហើយសូមកុំឲ្យទប់ចិត្តបាន ម្យ៉ាងទៀត ជាតិស្រីដូចគ្នាក្នុងលោកនេះសូមកុំឲ្យស្រីណាមួយមានរូបល្អផ្តាច់ខ្ញុំម្ចាស់បានឲ្យសោះ ។ ព្រះថេរៈធ្វើអនុមោទនា ហើយនិមន្តចៀសចេញ នាងនោះបានធ្វើបុណ្យប៉ុណ្ណេះ លុះស្លាប់ទៅក៏បានកើតក្នុងឋានទេវលោក សោយទិព្វសម្បត្តិអស់កាលជាយូរលង់ពេលច្យុតពីទេវលោកមកវិញ ក៏បានកើតជាធីតានៃសេដ្ឋីឈ្មោះតិរិដិវច្ឆហ មានសម្បត្តិ៨០កោដិ នៅអរិដ្ឋបុរីនាដែនសីវិ នាងមានរូបល្អជាពន់ពេក លើសពួកស្រ្តី ក្នុងដែននោះ ។ បុរសណាដែលបានឃើញនាង តែងឆ្កួតចិត្តជានិច្ចមិនដែលមានសតិស្មារតីតាំងនៅនឹងធឹងបានឡើយ ព្រោះហេតុនោះពានជាមាតាបិតាកំណត់ឈ្មោះឲ្យនាង ថាឧម្មាទន្តីមានអាយុ១៦ឆ្នាំ នាងមានរូបល្អណាស់ ល្អលើសមនុស្សជាតិដូចគ្នា ប្រៀបដូចជាស្រ្តីទេពអប្សរបវរកញ្ញានាឋានសោឡសសួគ៌ល័យ ។ បុរសទាំងឡាយជាបថុជ្ជនរូបណាក៏ដោយបើបានឃើញរូបនាងហើយ តែងតែឆ្កួតចិត្ត មិនដែលធ្វើសតិឲ្យនៅនឹងបានឡើយប្រៀបដូចជាបុគ្គលស្រវឹងស្រា ព្រោះងប់ចិត្តនឹងកិលេស ។ តិរិដិវច្ឆសេដ្ឋីក៏ចូលទៅក្រាទូលរឿងរ៉ាវនោះដល់ ព្រះរាជាម្ចាស់សីវិវដ្ឋថា បពិត្រព្រះសម្មតិទេវាង្ស នៅផ្ទះទូលព្រះបង្គំជាម្ចាស់ មានស្ត្រីកែវ(ឥត្ថីរតន៍) កើតឡើងហើយ ស្រីនេះសមតែធ្វើជាអគ្គមហេសីនៃ ព្រះមហាក្សត្រដូច្នេះសូមទ្រង់ព្រះមេត្តាប្រោសបញ្ជូនហោរអ្នកទាយលក្ខណះ ឲ្យទៅពិនិត្យនាងនោះល្បងមើល លុះក្រាបទូលយ៉ាងនេះហើយ ក៏ត្រឡប់មកផ្ទះវិញ ។ ខណះជាបន្ទាប់ដែលសេដ្ឋីត្រឡប់ទៅផ្ទះនោះ ព្រះមហាក្សត្រជ្រើសរើសពួកព្រាហ្មណ៍ដែលជាអ្នកចេះទាយលក្ខណះយ៉ាងចំណានៗ បញ្ជូនទៅឲ្យពិនិត្យមើលលក្ខណះសម្បត្តិនាងឧម្មទន្តី ។ ព្រាហ្មណ៍ទាំងឡាយទៅដល់ផ្ទះសេដ្ឋីហើយក៏បរិភោគនូវអាហារភោជនមានរស់ឆ្ងាញ់ដែលសេដ្ឋីបានរៀបចំទទួលជាកិត្តិយស ។ រស្មី ខណេ ក្នុងខណះដែលពួកព្រាហ្មណ៍កំពុងតែបរិភោគអាហារភោជននោះ នាងឧម្មាទន្តីបានដើរចេញពីក្នុងបន្ទប់ មកកាន់សំណាក់ព្រាហ្មណ៍ទាំងនោះតាមសេចក្តីបង្គាប់បញ្ជានៃសេដ្ឋីជាបិតា ។ គួរឲ្យអស្ចារ្យណាស់ ព្រះរាជាទ្រង់បញ្ជូនពួកព្រាហ្មណ៍ទាំងនោះឲ្យមកពិនិត្យមើលលក្ខណះម្តេចក៏មិនពិនិត្យមើលបែជាឆ្កួតទៅវិញ ព្រោះអ្វី? ព្រោះតែរូបសម្បត្តិរបស់នាងឧម្មាទន្តីល្អពេកធ្វើចិត្តព្រាហ្មណ៍ឲ្យងប់ឈ្លក់ក្នុងកិលេស ឆ្កួតទាំងអស់គ្នា ព្រាហ្មណ៍មួយពួកលើពំនូតបាយបរិភោគ តែបែរជាដាក់លើក្បាលទៅវិញ មួយពួកទៀតគិតតែពីដើរដាល់ជញ្ជាំងដោលក្តារ មួយទៀតដាក់ដុំបាយទៅក្នុងចន្លោះក្បិនស្មានថាមាត់របស់ខ្លួន ។ ឱ!អនិច្ចាប្រជាលោកសន្និវាស មានចិត្តជោគជាំទៅដោយកិលេសណាស់ហ្ន! មានតែព្រះសម្មាសម្ពុទ្ធនឹងព្រះអរហន្តាខីណាស្រពទេដែលមិនមានចិត្តងប់នឹងកិលេស ។ នាងឧម្មាទន្តីឃើញព្រាហ្មណ៍ឆ្កួតអស់ហើយក៏ពោលថា អើ ក្រែងព្រះរាជាបញ្ជូនអ្នកឲ្យមកពិនិត្យលក្ខណះឬ? ម្តេចក៏មិនពិនិត្យទើបបង្គាប់ ស្រ្តីដែលជាខ្ញុំបំរើឲ្យចាប់អូសកព្រាហ្មណ៍ទាំងនោះចេញពីផ្ទះ ។ ពួកព្រាហ្មណ៍ត្រូវគេច្រានក្បាលចេញពីផ្ទះមក ក៏មានស្មារតីឡើងវិញ មានសេចក្តីអៀនខ្មាស់ណាស់ ទើបចងគំនុំនឹងនាង ហើយទូលបង្គាច់កេរ្តិ៍ពីនាង ថ្វាយព្រះមហាក្សត្រថា បពិត្រព្រះសម្មតិទេព នាងនោះជាស្រីកាឡកណ្ណី មិនសមធ្វើជាអគ្គមហេសីព្រះអង្គឡើយ ។ ព្រះរាជាទ្រង់ព្រះសណ្តាប់ហើយ ក៏ពុំបានបញ្ជូនរាជបុរសឲ្យទៅនាំស្រ្តីនោះមកធ្វើជាអគ្គមហេសីឡើយ ដោយទ្រង់ជឿថា នាងជាស្រ្តីចង្រៃកាឡកណ្ណីមែន ។ ដំណឹងនោះមិនស្ងប់ស្ងៀម ក៏លិចឮដល់នាងឧម្មាទន្តី នាងក៏ចងគំនុំព្រះរាជាថា ហេតុនេះចូរលើកទុកសិនចុះ គង់មានថ្ងៃណាមួយ ព្រះរាជានឹងឃើញអញ ហើយឆ្កួតជាមិនខាន សឹមអញផ្ចាញ់ផ្ចាលឲ្យ ។ ឯសេដ្ឋីបិតា កាលបើដឹងថា ស្តេចមិនសព្វព្រះទ័យនឹងបុត្រីរបស់ខ្លួនហើយ ក៏លើកនាងសេនាបតីឈ្មោះអភិបារកៈ ជាសម្លាញ់នឹងព្រះរាជា ។ អភិបារកៈសេនាបតី គាប់ចិត្តស្រឡាញ់នាងណាស់ មិនដែលធ្វើឲ្យមោះម៉ងចិត្តម្តងណាឡើយ ។ ថ្ងៃជាខាងក្រោយ សេនាបតីបាននាងឧម្មាទន្តីធ្វើជាភរិយាហើយតែងថ្នាក់ថ្នមចិត្តនាងមិនដែលឲ្យមានរលករង្គំ ឬសំដីតូចធំពីលើនាងទេ ។ ពេលនោះជាថ្ងៃពេញបូណ៌មីខែកត្តិក សេនាបតីត្រូវមានដំណើរទៅជួយចាត់ចែងបញ្ជាឲ្យជនានុជនក្នុងទីក្រុង រៀបចំបោសសំអាតផ្លូវថ្នល់នឹងផ្ទះសំបែងព្រោះព្រះរាជាស្តេចចេញប្រទក្សិណទីក្រុងទើបផ្តែផ្តាំនាងប្រពន្ធថា ហៃប្អូនមាសព្រលឹង! ថ្ងៃនេះជាថ្ងៃលេងមហោស្រព ព្រះរាជានឹងប្រទក្សិណនគរហើយនឹងចូលមកផ្ទះយើងមុនគេ ដូច្នេះសូមប្អូននាងលាក់ខ្លួនបំពួនអាត្មា កុំឲ្យព្រះអង្គឃើញ ក្រែងទ្រង់ឆ្កួតដោយសារឃើញរូបនាង លុះផ្តែផ្តាំរួចក៏ចៀសចេញទៅ ។ ថ្លែងពីព្រះមហាក្សត្រពេលដែលព្រះទិនករអស្តង្គតរលត់រស្មី យាងចូលទៅកាន់សូរ្យវិមានវិញ ព្រះចន្ទពេញវង់រឿណរះ លើអាកាសវេហាស៍បញ្ចេញបញ្ចាំងចោលរស្មីពណ៌ពេជ្រពាស មកលើដែនពសសុធាទាំងមូលធ្វើឲ្យរុក្ខាលតាវល្លិទាំងឡាយ ដែលស្វិតស្រពោនដោយកំដៅនៃព្រះសុរិយា បានរីករួសរាយសមរសតាមលំអធម្មជាតិឡើង ស្តេចចេញប្រទក្សិណព្រះនគរជាមួយនឹងរាជបរិពារដ៏ច្រើន ហើយយាងចូលទៅផ្ទះសេនាបតី ជាមុនដំបូងស្រាប់តែបានទតឃើញ លោកស្រីឧម្មាទន្តីភរិយាសេនាបតី ឈរក្បែរបង្អួចទ្រង់ក៏ឈ្លក់ព្រះទ័យព្រោះកិលេស មិនបានតាំងព្រះស្មារតីឲ្យនៅនឹងធឹងបានទាំងដាច់ព្រះទ័យលែងប្រទក្សិណទីក្រុង ហើយយាងចូលកាន់ព្រះបរមរាជវាំង ចូលទៅផ្ទុំនៅនាមមហាប្រាសាទរវើរវាយមមើមមាយឃើញតែរូបនាងឧម្មាទន្តីនោះជាប់ក្នុងព្រះទ័យ ជូនកាលសប្បាយហាក់ដូចបាននាងមកធ្វើជាអគ្គមហេសីផ្ទុំជាមួយគ្នា សំណេះសំណាលរៀបរាប់ពីរឿងអ្វីផ្សេងៗដោយព្រះទ័យពោពេញទៅដោយកាមតណ្ហា ជួនកាលទ្រង់ធ្វើព្រះភក្រ្កស្រងូតស្រងាត់ហាក់ដូចជាអស់សង្ឃឹមថា នឹងមានព្រះជន្មាយុតទៅទៀត ដោយទ្រង់ឃ្លាតពីស្រីស្រស់ដែលគួរស្នេហា ប្រៀបដូចភមរជាតិដែលហើរឆ្វែលរកលំអងផ្កាក្នុងមហាវ័ន លុះក្រឡេកឃើញផ្កាគួរជាទីចាប់ចិត្តហើយ ក៏សម្របស្លាប បោះពួយសំដៅទៅរកផ្កា តែស្រាប់ជាមានខ្យល់កំណាចបក់បោកមកបន្សាត់រាងកាយឲ្យអណ្តែតទៅឆ្ងាយពីផ្កាជាទីប្រាថ្នានោះ ធ្វើឲ្យភមរជាតិអស់សង្ឃឹមដូច្នោះ ។ សេនាបតីដឹងថា ព្រះរាជាក្តៅក្រហាយអន្ទះអន្ទែងដូច្នោះក៏យល់បានថា ស្តេចអង្គនេះពិតជាបានឃើញរូបនាងភរិយាអញហើយបានជាផ្ទុំអត់បាយក្រហាយទឹកលែងមាត់កយ៉ាងនេះដូច្នេះគួរអញ ថ្វាយនាងដល់ព្រះអង្គចុះ ដើម្បីស្រោចស្រង់ជីវិតទ្រង់រួចពីសេចក្តីស្លាប់ តែគួរអញធ្វើឧបាយពិសោធចិត្តព្រះអង្គសិន បើនៅតែចចែសចង់បានទៀតនឹងថ្វាយជាកំណត់ គិតដូច្នេះហើយក៏ណាត់នឹងអ្នកបំរើម្នាក់ថា អ្នកឯងចូឡទៅពួននៅក្នុងប្រហោងដើមចេតិយព្រឹក្សឯណោះ តែកុំឲ្យនរណាដឹងឲ្យសោះ បើអញទៅធ្វើពលិកម្មបន់ស្រន់សួររឿងរ៉ាវពីព្រះរាជា ឯងពោលថា ព្រះរាជាស្រឡាញ់ប្រពន្ធអ្នកហើយ បានជាផ្ទុំកើតទុក្ខយ៉ាងនេះ ។ បុរសនោះទទួលពាក្យតាមបង្គាប់ចៅហ្វាយនាយហើយ ក៏ទៅពួននៅក្នុងព្រង់ឈើនោះ ក្លែងខ្លួនធ្វើជាទេវតាចំាទទួលពលិកម្មរបស់សេនាបតី ។ លុះវេលាព្រឹកព្រាងកាលណាសេនបតីក៏ទៅកាន់ទីនោះធ្វើពលិកម្មថ្វាយទេវតាបន់ស្រន់ថា បពិត្រទេវតាលោកមានភ្នែកទិព្វត្រចៀកទិព្វ ខ្ញុំមកនេះដើម្បីធ្វើបួងសួងពីរឿងហេតុនៃព្រះរាជារបស់ខ្ញុំ ដែលទ្រង់មិនព្រមក្រសាលមហោស្រពក្នុងថ្ងៃម្សិលមិញជាថ្ងៃមង្គល ហើយបែរជាចូលទៅកាន់បន្ទប់ដ៏មានសិរីផ្ទុំរវើរវាយហាក់ដូចមានជាប់ព្រះទ័យនឹងវត្ថុអ្វីមួយ បពិត្រទេវតាសូមលោកប្រាប់រឿងនោះដល់ខ្ញុំ តើព្រះរាជាទ្រង់រវើរវាយដោយជាប់ព្រះទ័យនឹងអ្វី? បុរសក្លែងខ្លួនជាទេវតានៅក្នុងព្រង់នោះ ក៏ប្រែសម្លេងធ្វើគ្រលៗ ពោលមួយៗថា នែសេនាបតី! ស្តេចនោះស្រឡាញ់ប្រពន្ធអ្នកឯងហើយ បានជារវើរវាយចិត្ត បើស្តេចនោះមិនបានប្រពន្ធអ្នកឯងធ្វើជាមហេសីទេ នឹងស្លាប់ដោយពិត បើបានទើបមិនស្លាប់ ដូច្នេះឯងជួយស្តេចផង ឲ្យប្រពន្ធខ្លួនទៅស្តេចនោះចុះ ។ សេនាបតីក៏ថ្វាយបង្គំហើយពោលថា បពិត្រទេវតា ពាក្យដែលលោកពោលនេះប្រពៃណាស់ហើយ ខ្ញុំនឹងប្រព្រឹត្តតាមឱវាទលោក ដើម្បីឲ្យព្រះរាជាខ្ញុំមានព្រះជន្មតទៅទៀត ទើបចូលទៅគាល់ព្រះរាជា ក្រាបទូលដំណឹងដែលខ្លួនទៅបន់ស្រន់ទេវតា រហូតដល់ចុងចប់ថ្វាយជាព្រះសណ្តាប់ហើយពោលថា បពិត្រព្រះចៅម្ចាស់ផែនដី សូមទ្រង់កុំមានព្រះទ័យចំបែងឲ្យសោះ បើពិតជាទ្រង់មានព្រះទ័យប្រតិព័ទ្ធលើរូបភរិយាខ្ញុំព្រះអង្គតាមពាក្យទេវតាពោលមែន សូមទ្រង់ទទួលយកនាងជាភរិយាទូលព្រះបង្គំនេះ ធ្វើជាអគ្គមហេសីតាមព្រះរាជហឬទ័យចុះ ។ ព្រះរាជាទ្រង់មានព្រះបន្ទូលសួរថា ហៃសម្លាញ់អភិបារកៈឮថាទេវតាយក្សទាំងឡាយគេដឹងថា ខ្ញុំមានចិត្តស្រឡាញ់ប្រពន្ធអ្នកមែនឬ? អភិបារកៈពោលថាបពិត្រសម្មតិទេពពិតដូច្នោះមែន ។ ព្រះរាជាមានសេចក្តីអៀនខ្មាស់ដោយព្រះចិន្តាថា លោក ទាំងអស់គេដឹងថាអញនេះលបស្រឡាញ់ប្រពន្ធគេមែន លុះទ្រង់ព្រះតម្រិះយ៉ាងនេះហើយ ក៏ឋិតនៅក្នុងទសពិធរាជធម៌ បន្ទោរបង់សេចក្តីស្នេហាចំពោះរូបនាងឧម្មាទន្តីនោះចោល ដោយឥតអាឡោះអាល័យសោះឡើយ ។ អត្ថបទនេះដកស្រង់ចេញពីសៀវភៅៈ ប្រជុំជាតក វាយអត្ថបទដោយៈ កញ្ញា ជា ម៉ានិត ដោយ៥០០០ឆ្នាំ |