Reading Article
Public date : 24, Nov 2020 (60,300 Read)
សាធារណទានចាត់ជាមេបុណ្យយ៉ាងឆ្នើមក្នុងលោក

|
រឿងឧបាសកសានមេបុណ្យ
(ចាក អ. មណិ.) (សាធារណទានចាត់ជាមេបុណ្យយ៉ាងឆ្នើមក្នុងលោក) ក្នុងក្រុងសាវត្ថី មានឧបាសកម្នាក់បានធ្វើផ្លូវសម្រាប់ឲ្យពួកភិក្ខុនៅក្នុងព្រៃ មកបិណ្ឌបាត្រក្នុងស្រុកបានស្រួល ចងសា្ពនលើប្រឡាយក្នុងពេលមានទឹក ដាំឈើយកម្លប់ក្នុងទីវាលស្រឡះ បាដីស្អិតចេញពីស្រែ ធ្វើឲ្យបានធំនឹងជ្រៅ រៀបចំកំពង់ទឹកឲ្យបានស្រួលបួលល្អ នឹងឲ្យទានតាមសមគួរដល់សម្បត្តិរបស់ខ្លួន ព្រមទាំងបាន រក្សាសីលដោយត្រឹមត្រូវ ។ ចំណេរកាលមកខាងក្រោយ ឧបាសកនោះក៏ស្លាប់ទៅ បានទៅកើតក្នុងវិមានមាសកំពស់១២យោជន៍ នាឋានតាវតឹង្សទេវលោកថ្ងៃក្រោយ ព្រហមហាមោគ្គលានមានឬទ្ធិច្រើន បានថ្វាយបង្គំលាព្រះបរមសាស្តាជាម្ចាស់ ដើម្បីទៅកាន់តាវតឹង្សទេវលោក ប្រយោជន៍នឹងពិនិត្យហេតុការណ៍ ក្នុងទីឋាននោះលុះទៅដល់មុខប្រសាទ ក៏ទេវបុត្រនោះចុះមកថ្វាយបង្គំលោកសួរដោយបទព្រះគាថាទាំងឡាយថាៈ វិមាននេះមានសសរជាវិការៈនៃកែវមណី ខ្ពស់ឡើងទៅលើ១២យោជន៍ដោយជុំវិញ កូដាគារដ៏ធំទូលាយទាំង៧រយ មានសសរជាវិការៈនៃកែវពៃទូរ្យ ក្រាលដោយបន្ទះក្តាររុងរឿងប្រពៃ អ្នកនៅ ផឹកនឹងទំពារស៊ីក្នុង វិមាននេះ ទាំងពិណទាំងឡាយដ៏ជាទិព្វ មានសម្លេងពិរោះក៏លាន់ឮឯង កាមគុណដ៏ជាទិព្វទាំង៥ក៏មាននៅទីនេះ មានទាំងនារីទាំងឡាយប្រដាប់ដោយគ្រឿងអម្ពពស្រ្តាលង្កាករណ៏ជាវិការៈនៃមាសក៏មានរាំ ពណ៌សម្បុរអ្នករុងរឿងយ៉ាងនេះ សម្រេចដោយអានិសង្សដូចម្តេច? ទាំងភោគៈ ទាំងឡាយជាទីពេញចិត្ត ក៏កើតប្រាកដ ។ម្នាលទេវបុត្រ អាត្មាសួរអ្នកមានអានុភាពច្រើន កាលអ្នកកើតជាមនុស្សបានធ្វើបុណ្យដូចម្តេច? អ្នកមានអានុភាព ដ៏រុងរឿងយ៉ាងនេះតើដោយបុណ្យដូចម្តេច? ទាំងពណ៌សម្បុរ អ្នកក៏ផ្សាយ ទៅគ្រប់ទិស។ ទេវបុត្រទូលថាៈ កាលខ្ញុំកើតជាមនុស្ស បានជម្រះផ្លូវក្នុងព្រៃផង បានដាំឈើធ្វើជាសួនច្បារផង មានចិត្តស្រឡាញ់អ្នកមានសីលផង មានចិត្តជ្រះថ្លាឲ្យបាយទឹកដោយគោរពនឹងពោរពាសផង ។ ខ្ញុំមានពណ៌សម្បុររុងរឿងមានផលសុច្ចរិកសម្រេចនៅក្នុងវិមាននេះ នឹងភោគៈទាំងឡាយជាទីពេញចិត្តកើតឡើងប្រាកដ ដោយផលបុណ្យនេះឯង ។ ខ្ញុំមានអានុភាពរុងរឿងមានពណ៌សម្បុរ ផ្សាយទៅសព្វទិសដោយផលបុណ្យនេះឯង ។ ការដាំដើមឈើសួនច្បារ ជីកស្រះ អណ្តូងសង់ស្ពានថ្នល់ ជាដើម ដាក់ទានជាសាធារណ៍ ឈ្មោះថា បានសាងមេបុណ្យសម្រាប់បន្តជីវភាពទៅបរលោក ព្រោះថាទាណសាធារណ៍ ដែលបានចាត់ចែងធ្វើឡើងនះ បើមានអ្នកណាមួយចូលទៅប្រើប្រាស់ កាលណាទោះយប់ក្តីថ្ងៃក្តី អ្នកម្ចាស់តែងបានទទួលអានិសង្សតាមលំដាប់វារហនៃអ្នកចូលទៅប្រើប្រាស់នោះដែរហេតុដូច្នោះបានឲ្យឈ្មោះថា មេបុណ្យ។ អត្ថបទនេះដកស្រង់ចេញពីសៀវភៅៈ ប្រជុំជាតក វាយអត្ថបទនេះដោយៈ កញ្ញា ជា ម៉ានិត ដោយ៥០០០ឆ្នាំ |