Reading Article
Public date : 24, Nov 2020 (68,955 Read)
បុណ្យអាចសម្រេចផលបានតាមបំណងអ្នកធ្វើ

|
រឿងនាងបតិបូជិកា
(ចាក ធ. ខុ.) (បុណ្យអាចសម្រេចផលបានតាមបំណងអ្នកធ្វើ) រឿងរ៉ាវនេះកើតឡើងប្រាកដនៅឋានតាវតឹង្សទេវលោកឯណោះ ។ សេចក្តីថា មាលាភារីទេវបុត្រ នាំពួកស្រ្តីទេពអប្សរបវរកញ្ញាមួយពាន់រូបទៅក្រសាលលេងក្នុងឧទ្យាននាឋានតាវតឹង្សនោះ ។ កញ្ញាអប្សរ៥រយរូបជាអ្នកឡើងបេះផ្កា ៥រយរូបទៀតជាអ្នករើសយកមកប្រដាប់ឲ្យទេវបុត្រ ។ ពួកស្រ្តីដែលឡើងបេះផ្កាទាំងនោះ មានស្រ្តីម្នាក់រអិលធ្លាក់ចុះមករលត់ជីវិតដូចជាអណ្តែតប្រទីប ។ វិញ្ញាណនៃស្ត្រីនោះអណ្តែតត្រសែតរេរកភពថ្មី បានមកកើតក្នុងត្រកូលមួយនាក្រុងសាវត្ថី ជាស្រ្តីរលឹកឃើញជាតិ ចាប់តាំងពីកើតមកហើយនឹករឿយៗថា អញជាភរិយានៃមាលាភារីទេវបុត្រ លុះដឹងក្តីចំរើនវ័យកាលណា តែងធ្វើការបូជាដោយផ្កានឹងគ្រឿងក្រអូបជាដើម ប្រាថ្នាឲ្យកើតក្នុងសំណាក់ប្តី(មាលាភារី) ។ នាងមានអាយុ១៦ឆ្នាំ មាតាបិតាបានប្រកបផ្ទះសំបែងឲ្យនាង(ឲ្យមានប្តី) នាងតែងចាត់ចែងទានផ្សេងៗ មានសលាកភត្តបក្ខិកភត្ត នឹងសំពត់ចំណាំវស្សាជាដើម ថ្វាយព្រះភិក្ខុសង្ស ហើយពោលប្រាថ្នាថា ចំណែកបុណ្យនេះ សូមបានជាបច្ច័យនៃការកើតក្នុងសំណាក់ប្តីរបស់ខ្ញុំ ។ ភិក្ខុទាំងឡាយក៏កំណត់នាមឲ្យនាងនោះថា បតិបូជីកា ព្រោះនាងធ្វើបុណ្យកុសលអ្វីៗ តែងប្រាថ្នាប្តីដើម (មាលាភារីទេវបុត្រ) ។ នាងបតិបូជិកាតែងបោសសំអាតអាសនសាលា ដងទឹកមកដំកល់ទុកនឹងក្រាលអាសនៈជានិច្ច សម្រាប់ព្រះភិក្ខុសង្ឃទាំងឡាយ ។ មានមនុស្សដទៃទៀតចង់ថ្វាយសលាកភត្តជាដើម ទើបនាំយកអម្រស់អម្រមានអង្ករជាដើម មកប្រគល់ឲ្យនាងហើយពោលថា ម្នាលនាង ចូរនាងចាត់ចែងវត្ថុនេះ ធ្វើជាចង្ហាន់ថ្វាយព្រះភិក្ខុសង្ឃ។ នាងក៏ចាត់ចែង ដោយចិត្តត្រេកអរជាមហិមា ។ ការដើរទៅមក ជួយចាត់ចែងទាននេះ តែងបានអានិសង្សរាល់ៗជំហាន ។ ថ្ងៃក្រោយនាងមានគភ៌ តាំងនៅក្នុងផ្ទៃគ្រប់១០ខែហើយ ក៏ប្រសូត្របានបុត្រមួយ ។ ពេលដែលកូនច្បងទៅមកដោយជើងបាន នាងក៏មានកូនតាមលំដាប់លំដោយ៣ទៀត រួមទាំងអស់បាន៤ ។ នាងបតិបូជិកា តែងឲ្យទានបូជា ស្តាប់ធម៌ទេសនា រក្សាសិក្ខាបទតាមប្រក្រតី លុះមានរោគចូរមកយាយីក្នុងសរីរកាយ ក៏ស្លាប់ទៅបានទៅកើតក្នុងសំណាក់មាលាភារីទេវបុត្រជាប្តីរបស់នាង នៅនាឋានតាវតឹង្សដដែល ។ ទេវបុត្រឃើញនាងទៅកើតដូចដើមវិញ ក៏ពោលសួរថា តាំងពីព្រឹក ម្តេចក៏មិនឃើញនាងសោះ តើនាងទៅណា? បពិត្រលោក ខ្ញុំច្យុតចាកទេវលោកនេះ ។
ច្យុតទៅកើតនៅទីឋានណា? ទៅកើតក្នុងត្រកូលនាក្រុងសាវត្ថី ។ ទៅកើតនៅទីនោះអស់កាលប៉ុន្មាន? តាំងពីខ្ញុំចុះចាប់បដិសន្ធិគំរប់១០ខែ ក៏ប្រសូតិ ដល់អាយុ១៦ឆ្នាំមាតាបិតាខ្ញុំលោកឲ្យមានប្តីខ្ញុំទៅនៅរួមមគ្គសំវាសជាមួយប្តីបានកូន៤ ហើយតែងធ្វើបុណ្យឲ្យទាន ប្រាថ្នាឲ្យមកកើតក្នុងសំណាក់លោកវិញ ។ មនុស្សទាំងឡាយមានអាយុប៉ុន្មានឆ្នាំ? ត្រឹមតែមួយរយ ឆ្នាំប៉ុណ្ណោះ ។ មនុស្សទាំងឡាយមានអាយុមួយឆ្នាំនេះ សុទ្ធតែជាអ្នកដេកលក់ដោយសេចក្តីប្រមាណ ឬក៏មានធ្វើបុណ្យទានអ្វីដែរ? មនុស្សទាំងអស់សុទ្ធតែមានសេចក្តីប្រមាទជានិច្ច ព្រោះប្រកាន់ថា អាយុមួយរយនេះហាក់ដូចជាអសង្ខេយ្យផង ហាក់ដូចជាមិនចេះចាស់មិនចេះស្លាប់ផង ។ មាលាភារីទេវបុត្រមានសេចក្តីសង្វេគកើតឡើងក្នុងចិត្តជាអស្ចារ្យ លាន់វាចារថា ឱហ្ន? មនុស្សទាំងឡាយសុទ្ធសឹងតែជាអ្នកលិចលង់ក្នុងការប្រមាទ តើអង្កាល់ណាទើបផុតពីសេចក្តីទុក្ខបាន។ អត្ថបទនេះដកស្រង់ចេញពីសៀវភៅៈ ប្រជុំជាតក វាយអត្ថបទដោយៈ កញ្ញា ជា ម៉ានិត ដោយ៥០០០ឆ្នាំ |