Reading Article
Public date : 06, Nov 2020 (21,590 Read)
រឿងបិបួលិមាណព

|
រឿងបិបួលិមាណព
(ចាក អ. ក.) (ឧបនិស្ស័យដាស់តឿនហើយ ចំណងឃរពន្ធន៍គង់របូតឯង) ក្នុងក្រុងរាជគ្រឹះ មានមាណពម្នាក់ឈ្មោះបិបួលិ អាយុ២០ឆ្នាំ មានបុណ្យវាសនាជាអស្ចារ្យ ជាបុត្រកបិលព្រាហ្មណ៍ ។ ថ្ងៃមួយមាតាបិតា គិតរកភរិយាឲ្យ ទើបបញ្ជូនព្រាហ្មណ៍៨នាក់ បានយកគ្រឿងបណ្ណាការ ដើរសំដៅទៅនគរសាគល ។ ក្នុងនគរនោះ មានធីតាម្នាក់ឈ្មោះនាងភទា្ទកាបិលានី មានអាយុ១៦ឆ្នាំ ជាស្ត្រីមានរូបឆោមលោមពណ៏ល្អឆើត នឹងមានបុណ្យវាសនាច្រើន ជាបុត្រីកោសិយគោត្តព្រាហ្មណ៍ ។ ថ្លែងពីព្រាហ្មណ៍ទាំង៨នាក់កាលនាំគ្នាទៅស្វែងរកនាងក្រមុំដែលមានលក្ខណៈបរិបូណ៍ បានទៅដល់ត្រកូលព្រាហ្មណ៍នោះ ទើបសារសព្វរឿងរ៉ាវពីការចង់ចងស្ពានមេត្រីផ្លូវកាយរវាងបិបួលិមាណពនឹងនាងភទ្ទា ឲ្យមាតាបិតានាងស្តាប់ ឯមាតាបិតានាង ក៏បានលើកនាងឲ្យបិបួលិតាមពាក្យស្តីដណ្តឹងរបស់ចៅមហាទាំង៨នាក់ ទើបហៅចៅមហាលើកគ្រឿងបណ្ណាការជូនជាស្រេច ហើយនាំដំណឹងនោះទៅជម្រាបកបិលព្រាហ្មណ៍ថា ធីតាបរិបូណ៍ដោយលក្ខណៈ ខ្លួនដើរស្វែងរកបានហើយនៅឯនគរសាគល ជាធីតាកោសិយគោត្តព្រាហ្មណ៍ ។ ឯបិបួលិស្តាប់ឬពាក្យនោះហើយ ជាអ្នកឥតត្រូវការសោះឡើយរឿងប្រពន្ធ ទើបសរសេរសំបុត្រមួយជាលាយលក្ខណ៍អក្សរ ផ្ញើទៅបា្រប់នាងភទ្ទា ចូរនាងរកបុរសណាដែលមានជាតិគោលត្រកូលនឹងសម្បត្តិ ឲ្យសមរម្យតាមអធ្យាស្រ័យនាងធ្វើជាស្វាមីចុះ ចំណែកខ្ញុំសុំលានាងទៅបួសហើយ នាងកុំក្តៅក្រហាយស្តាយក្រោយឡើយ ។ នាងភទ្ទាក៏សរសេរសំបុត្រ១ច្បាប់ ផ្ញើទៅបិបួលិមាណពដែរ សេចក្តីសំបុត្រក៏ដូចគ្នា ពេលសរសេរក៏ត្រូវគ្នា ។ ថ្លែងពីអ្នកនាំសារពីរនាក់ ដែលទទួលបង្គាប់យកសំបុត្រទៅឲ្យម្ចាស់រៀងៗខ្លួន បានជួបគ្នាពាក់កណ្តាលផ្លូវ ក៏សាកសួរដំណើរដើមទងសព្វគ្រប់ ទើបស្រុះចិត្តគ្នាហែកសំបុត្រទាំងពីរមើលដឹងសេចក្តីអស់ ក៏ហែកសំបុត្រនោះចោល ហើយសរសេរសារជាថ្មី មានរៀបរាប់ពីសេចក្តីស្នេហា រួមរស់មេត្រីភាពរវាងអ្នកទាំងពីរទើបនាំយកសំបុត្រក្លែងក្លាយនោះទៅឲ្យ ។ ពេលរៀបមង្គលការហើយជនទាំងពីរបរិភោគបាយល្ងាចរួចកាលណា ក៏ចូលកាន់ដំណេក តាមប្រពៃណីនិយម តែមិនបានរួមមគ្គសំវាសដូចជនឯទៀតឡើយ គឺមាណពចូលដេកខាងស្តាំ នាងភទ្ទាដេកខាងឆ្វេង ។ ជនទាំងពីរខ្លាចប៉ះសម្ផស្សកាយគ្នាណាស់ក៏យកកម្រងផ្កាពីរមក ដាក់ពាក់កណ្តាលដំណេក ទោះខំធ្មេចភ្នែកយ៉ាងណាក៏ឥតមានលក់សោះឡើយ អស់ពេលពេញ១យប់ ពេលថ្ងៃទៀតសោតក៏មិនដែលញញឹមរកគ្នាដែរ ។ ជនទាំងពីរនាក់នេះ ជាអ្នកនៅគ្រប់គ្រងផ្ទះ មិនបានច្រឡូកច្រឡំ ដោយលោកាមិសឡើយ ជាអ្នកមានគំនិតស្របគ្នា ពេលអំណើពីមាតាបិតាទៅ ក៏និយាយគ្នាថា ភពទាំង៣នេះ ប្រាកដដោយផ្ទះដែលភ្លើងឆេះរន្ទាលច្រាលឆ្អៅដូច្នេះគួរយើងទៅបួសកុំខានទើបនាំគ្នាទិញសំពត់កាសាយៈ និងបាត្រដីពីផ្សារមក ហើយកាត់កោរសក់ ពុកមាត់ តាំងសេចក្តីអធិដ្ឋានថា បើលោកណាជាព្រះអរហន្តវិសេសក្នុងលោក ផ្នួសយើងសំដៅលោកនោះឯង ហើយបួសជាស្រេចក្នុងពេលដែលអធិដ្ឋាន ហើយច្រកបាត្រក្នុងស្លោកស្ពាយលើស្មាយាត្រា ចាកប្រាសាទដោយគ្មានសេចក្តីអាល័យឡើយ ។ បិបួលិមាណពដើរមុខបានឃើញផ្លូវបែកជាពីរ ក៏និយាយទៅកាន់នាងភទ្ទាថាប្អូន ! មហាជនដែលមាន ចិត្តប្រទូស្តនឹងយើង បើឃើញយើងបួសហើយនៅដើរជាមួយគ្នាយ៉ាងនេះ មុខជាតិះដៀលថា មើលហ៎្ន គាត់នេះបួសហើយ នៅយកគ្នាជាប្តីប្រពន្ធដដែល មុខជាបួសបំពេញអបាយភូមិដោយពិត បើដូច្នោះមែន មាតុគ្រាមជាមន្ទិលដល់នេក្ខម្មៈ ថាដូច្នោះហើយក៏ដើរប្រទក្សិណបិបួលិតាបស ៣ជុំ ថ្វាយបង្គំប្រកបដោយអង្គ៥ ហើយលើកដៃប្រណម្យពោលថា អ្នកបង! មិត្តសត្ថវៈ ដែលយើងសន្សំ មកអស់កាលប្រមាណ១សែនកប្បហើយ ឥឡូវត្រូវបែកគ្នាពេលនេះ អ្នកបងជាមនុស្សខាងស្តាំ គួរដើរផ្លូវខាងស្តាំ ចំណែកខ្ញុំជាមាតុគ្រាមប្រកបដោយជាតិខាងឆ្វេងត្រូវដើរតាមផ្លូវឆ្វេង លុះពោលយ៉ាងនេះហើយ ក៏សំពះបិបួលិតាបស ដើរចេញទៅតាមផ្លូវឆ្វេង លុះពោលយ៉ាងនេះហើយ ក៏សំពះបិបួលិតាបស ដើរចេញទៅតាមផ្លូវឆ្វេងទៅ ។ កាលជនទាំងពីរនាក់ ដើរបែកផ្លូវគ្នាយ៉ាងនេះមហាប្រឹថពីមានកម្រាស់ដ៏ក្រាស់ ក៏កក្រើករំពើកញាប់ញ័រជាអស្ចារ្យ ហាក់ដូចជានិយាយ យើងមិនអាចទ្រទ្រង់គុណរបស់អ្នកបានទេ ទាំងអាកាសវេហាស៍ទៀតសោត ក៏លាន់ឮរំពងទ្រហឹងអឺងអាប់ដោយស្នូរ រន្ទះបាញ់ឆាំងឆា កណ្តាប់ភ្នំចក្រវាឡ ក៏លាន់កក្រើកបញ្ចេញសំឡេងស្ងើចសរសើរជាមហិមា ។ ពេលនោះឯងព្រះបរមសម្ពុទ្ធ ទ្រង់ប្រថាប់ក្នុងគន្ធកុដិនាវត្តវេឡុវ័ន ទ្រង់ព្រះសណ្តាប់ស្នូរគគ្រឹកគគ្រេងនៃអាកាសនភាល័យ ផែនដី ភ្នំចក្រវាឡដូច្នោះទ្រង់រំពឹងមើលសព្វគ្រប់ស្តេចក៏ជ្រាបរឿងរ៉ាវហើយ ទ្រង់ប្រដាប់បាត្រនឹងចីវរចេញទៅទទួលអស់ផ្លូវចម្ងាយ៣គាវុត តែ១ព្រះអង្គឯង ស្តេចប្រថាប់ក្រោមម្លប់ជ្រៃមានកូនច្រើន ជាចន្លោះក្រុងរាជគ្រឹះ នឹងនាឡន្នគ្រាម ។ ឯបិបួលិឃើញព្រះសាស្តាក៏ចូលទៅថ្វាយបង្គំ ហើយអង្គុយក្នុងទីដ៏សមគួរ ។ ព្រះអង្គស្តេចប្រទានព្រះឱវាទ៣យ៉ាង ដល់បិបួលិនាម្លប់ជ្រៃនោះ ។ លុះចប់ ព្រះឱវាទហើយ បិបួលិក៏សុំបព្វជ្ជាឧបសម្បទា ជាភក្ខុភាវៈក្នុងសាសនមណ្ឌល នៅជាបុថុជ្ជន៧ថ្ងៃ ក៏បានសម្រេចព្រះអរហត្ត ក្នុងថ្ងៃទី៨ដោយអំណាច នៃការទទួលយកពុទ្ធោវាទនោះឯង ។ ឯនាងភទ្ទាក៏ទៅកាន់សំណាក់ភិក្ខុនីសង្ឃ សូមឧបម្បទាជាភិក្ខុនី បានសម្រេចអរហត្ត ក្នុងកាលជាខាងក្រោយ ។
អត្តបទដកស្រង់ចេញពីសៀវភៅៈ ប្រជុំជាតក វាយអត្តបទដោយៈ កញ្ញា ជា ម៉ានិត ដោយ៥០០០ឆ្នាំ
|