Reading Article
Public date : 19, Jan 2020 (13,166 Read)
រឿងព្រះអសោកនឹងអគ្គមហេសី

|
រឿងព្រះអសោកនឹងអគ្គមហេសី
(ចាក គ. ម.) (អានិសង្សនៃការប្រគេនទឹកឃ្មុំនឹងចង្អុលបង្ហាញផ្លូវ) កាលកន្លងទៅហើយ ក្នុងក្រុងពារាណសី មានឈ្មួញទឹកឃ្មុំម្នាក់អង្គុយលក់រានផ្សារ ។ គ្រានោះមានព្រះបច្ចេកពុទ្ធមួយកើតរោគដំបៅ មានព្រះបច្ចេកពុទ្ធនោះ ទើបចុះពីភ្នំគន្ធមាទន៍មកកាន់ក្រុងពារាណសី ។ ពេលនោះមានកុម្តទាសីម្នាក់ ដើរកាន់ក្អមសំដៅទៅស្ទឹង បានជួបនឹងព្រះបច្ចេកពុទ្ធអង្គនោះ ក៏ទូលសួរតាមដំណើរ លុះបានជ្រាបសេចក្តីនោះសព្វគ្រប់ហើយ ក៏លាដៃលើកឡើងចង្អុលបង្ហាញរានផ្សារលក់ទឹកឃ្មុំនិយាយថា លោកម្ចាស់ អ្នកលក់ទឹកឃ្មុំគេលក់ឯណោះ សូមលោកម្ចាស់និមន្តទៅចុះ ទើបនាងគិតថា បើអ្នកលក់គេមិនប្រគេនដល់លោកម្ចាស់ទេ អញនឹងទៅក្នុងទីនោះនិយាយខ្ចីទឹកឃ្មុំគេប្រគេនលោកជាម្ចាស់ឲ្យបានសឹមស្វែងរកប្រាក់សងគេជាក្រោយ ហើយទៅឈរចាំក្នុងទីនោះ ។ នាយឈ្មួញបានឃើញ ព្រះបច្ចេកពុទ្ធនិមន្តមកហើយ ក៏មានសេចក្តីត្រេកអរជាខ្លាំង បានប្រគេនទឹកឃ្មុំលុះត្រាតែពេញបាត្រនឹងហូរហៀរកំពប់ពីមាត់បាត្រធ្លាក់មកផែនដី តាំងសេចក្តីប្រាថា្នថាបពិត្រលោកម្ចាស់ ដោយអំណាចនៃបុញ្ញកម្មនេះ ខ្ញុំសូមឲ្យបានជាស្តេចឯករាជ្យក្នុងជម្ពូទ្វីបម្យ៉ាងទៀត សូមឲ្យមានអំណាចផ្សាយនៅលើអាកាស១យោជន៍ ចុះទៅក្នុងផែនដី១យោជន៍ដូចគ្នា ។ ព្រះបច្ចេកពុទ្ធពោលថា ម្នាលឧបាសក សេចក្តីប្រាថ្នារបស់អ្នកចូរសម្រេចយ៉ាងនេះចុះទើបនិមន្តឆ្ពោះទៅភ្នំគន្ធមាទន៍វិញ ។ ថ្លែងពីនាងកុម្ភទាសី បានឃើញព្រះបច្ចេកពុទ្ធ និមន្តត្រឡប់មកវិញក៏ទូលសួរថា លោកម្ចាស់បានទឹកឃ្មុំឬទេ? អើនាងអាត្មាបានហើយនាយឈ្មួញនោះគេប្រគេន នឹងតាំងសេចក្តីប្រាថ្នា ជាសេ្តចឯករាជ្យក្នុងជម្ពូវទ្វីប។ នាងកុម្ភទាសីឮពាក្យនោះហើយ ក៏តាំងសេចក្តីប្រាថ្នាជាអគ្គមហេសីនៃស្តេចអង្គនោះ ។ ការអន្ទោលវិលវល់ក្នុងវដ្តសង្សាររបស់ជនទាំងពីរនោះជាច្រើនជាតិទើបនាយឈ្មួញ បានមកចាប់កំណើតក្នុងផ្ទៃ ព្រះនាងធម្មាទេវីជាអគ្គមហេសីព្រះបាទពិន្ទុសារះ ព្រះចៅបាតលីបុត្រ ពេលអំណើពីព្រះវររាជបិតាទៅ ក៏បានទទួលរាជ្យសម្បត្តិគ្រប់គ្រងអាណាប្រជានុរាស្ត្រស្នងអង្គព្រះវរបិតា ។ ព្រះបាទអសោកអង្គនេះ ទ្រង់មានព្រះទ័យឃោរឃៅកាចជាមហិមា បើទ្រង់មិនគាប់ព្រះទ័យនឹងអ្នកណា ក៏ឲ្យគេសម្លាប់ចោលមួយរំពេចសម្បីពួកព្រះអង្គម្ចាស់៩៩អង្គ ដែលជាប្អូនបង្កើត គ្រាន់តែមានព្រះមាតាផ្សេងៗ គ្នាប៉ុណ្ណោះ ក៏ទ្រង់សម្លាប់ចោលអស់ទុកតែតិស្សកុមារមួយអង្គ ដែលរួមព្រះឳទរ ព្រះវរមាតាជាមួយទ្រង់ ។ ព្រះអង្គគ្រប់គ្រងរាជសម្បត្តិ ដោយពុំទាន់បានអភិសេកអស់៤ឆ្នាំ ទើបបានរាជាភិសេកជាស្តេច ឯករាជ្យក្នុងជម្ពូរទ្វីបនាសតវត្សទី៣(២១៨) នៃពុទ្ធសករាជ។ ឬទ្ធិអំណាចទាំងឡាយ ក៏កើតមានដល់ព្រះអង្គក្នុងពេលអភិសេកនោះគឺអំណាចជ្រែកចុះទៅក្នុងផែនដី១យោជន៍លើអាកាស១យោជន៍ ពួកទេព្តាតែងនាំយកទឹក១៦ក្អមពីស្រះអនោតត្តនាំយកឈើស្ទន់ជាវិការះនៃវល្លិ៍ម្លូព្រៃដែលទន់ភ្លន់មានរសល្អ ផ្លែសម៉ ផ្លែកន្ទួតព្រៃជាថ្នាំនឹងផ្លែស្វាយទុំមានសម្បុលដូចមាស(ស្វាយទិព្វ) បរិបូរដោយក្លិននឹងរស អំពីព្រៃហេមពាន្ត មកថ្វាយរាល់ៗថ្ងៃ ។ មានទេព្តាមួយក្រុមទៀត នាំសំពត់សម្រាប់ស្លៀកដណ្តប់មានពណ៌៥សំពត់ពណ៌លឿង សំពត់សម្រាប់ជូតដៃនឹងទឹកទិព្វអំពីវិមានទេវតា ដែលតាំងនៅទៀបឆទ្ទន្តស្រះមកថ្វាយរាល់ៗថ្ងៃ។ ពួកនាគរាជនាំយកគ្រឿងក្រអូបសម្រាប់ងូត លាបនឹងសម្ពត់ផ្កាម្លិះ ដែលគេមិនត្បាញដោយសូត្រឬអម្បោះ ដើម្បីជាសំពត់ដណ្តប់ ព្រមទាំងថ្នាំសម្រាប់លាបភ្នែកមានថ្លៃច្រើនពីពិភពនាគមកថ្វាយរាល់ៗថ្ងៃ ។ ពួកសត្វសេកនាំយកស្រូវសាលីកើតឯងក្នុងឆទ្ទន្តស្រះចំនួន៩ពាន់រទេះ មកថ្វាយរាល់ថ្ងៃ។ ពួកកណ្តុរនាំគ្នាមកបកស្រូវសាលីទាំងនោះ ធ្វើជាអង្ករមិនឲ្យមាន អង្កាមនឹងកន្ទួតសោះ ទាំងមិនឲ្យបាក់សូម្បី១គ្រាប់ឡើយ ។ ពួកមេឃ្មុំនាំគ្នាមកធ្វើទឹកឃ្មុំក្នុងទីជិតបង្កើយ ។ពួកសត្វរវិកនាំគ្នាមកថ្ងួតហួចយំលាន់ឮទ្រហឹង វិស័យដូចតូរ្យតន្ត្រី ថ្វាយព្រះរាជាតាមប្រក្រតី។ អសោកមហារាជប្រកបដោយឬទិ្ធទាំងនេះ ដោយបុញ្ញកម្មដែលខ្លួនកើតជានាយឈ្មួញលក់ទឹកឃ្មុំ ហើយបានប្រគេនទឹកឃ្មុំដល់ព្រះបច្ចេកពុទ្ធនោះទ្រង់ព្រះនាមថា អស្ឋិមិត្តា បានជាព្រះនាមដូច្នេះ ព្រោះសន្លាក់ដៃជើងស្មើររលីងស្អាតវៀរលែងតែព្រះនាងបត់ចូល ទើបមើលទៅឃើញថាមានសន្លាក់កើតដោយអនិសង្សនៃការខ្វល់ខ្វាយ ចង្អុលបង្ហាញផ្លូវទៅរានផ្សារលក់ទឹកឃ្មុំដល់ព្រះបច្ចេកពុទ្ធអង្គនោះដែរ។ អត្ថបទនេះដកស្រង់ចេញពីសៀវភៅៈ ប្រជុំជាតក វាយអត្ថបទដោយៈ កញ្ញា ជា ម៉ានិត ដោយ៥០០០ឆ្នាំ |