Reading Article
Public date : 25, Jul 2019 (19,926 Read)
រឿងពាណិជលង់ទឹកសមុទ្រ

|
រឿងពាណិជ្ជលង់ទឹកសមុទ្រ
(ចាក អ. ទេ.) (សីលជាស្ពានរបស់សត្វ) សេចក្តីថាៈ មានឈ្មួញជាច្រើននាក់ នាំគ្នាទៅជួយដោយសំពៅនៅក្នុងសមុទ្រ បានបើកសំពៅយ៉ាងលឿនរហ័ស ប្រៀបដូចជាគេបាញ់កូនសរបាន៧ថ្ងៃក៏កើតឧក្បាទវ៍ ដោយខ្យល់ព្យុះព្យោមកបក់បោកជាខ្លាំង រលកធំៗក៏បោកផ្ទប់លើសំពៅនោះ បណ្តាលឲ្យទឹកចូលពេញ។ កាលសំពៅហៀបនឹងលិច មហាជនបាននាំគ្នានឹករលឹកដល់ទព្តារៀងៗខ្លួនមានធ្វើកិច្ចបន់ស្រន់ជាដើម ដើម្បីឲ្យទេព្តាជួយអាយុជីវិត ហើយនាំគ្នាយំពេញតែសំពៅ ។ ប្លែកតែបុរសម្នាក់ បាននឹករលឹកពិចារណាខុសគេថា អាត្មាមានអ្វីជាទីពឹងនៅគ្រាមានអាសន្នដូច្នេះ ក៏នឹកឃើញដល់សរណគមន៍នឹងសីលដ៏បរិសុទ្ធរបស់ខ្លួនទើបអង្គុយពែនភ្នែន ក្នុងចំណោមមហាជនទាំងនោះ ប្រៀបដូចព្រះយោគីអង្គុយចំរើនកម្មដ្ឋាន ។ មហាជនសួរបុរសនោះថា ហេតុអ្វីបានជាអ្នកមិនខ្លាចសេចក្តីស្លាប់? ម្នាលអ្នកទាំងឡាយ ថ្ងៃដែលយើងឡើងជិះសំពៅមក យើងបានឲ្យទានដល់ភក្ខុសង្ឃ បានសមាទានសរណគមន៍ នឹងសីលរួចជាស្រេចព្រោះហេតុនោះបានជាយើងមិនខ្លាច ។ មហាជនសួរថា អ្នកជាម្ចាស់ អ្នកអាចឲ្យដល់អ្នកដទៃបានឬទេ? បាន។ បើដូច្នោះ សូមអ្នកឲ្យដល់យើងរាល់គ្នាផង ។ បុរសនោះ ក៏រំលែកមហាជនជា៧ចំណែក មួយចំណែកមាន១០០រូបទើបឲ្យនិចចសីលដល់មហាជនទាំងអស់គ្នា ។ បណ្តាជនទាំង៧ក្រុមនោះ ក្រុមទី១ សមាទានសីលក្នុងវេលាទឹកត្រឹមកជើង ក្រុមទី២ ក្នុងវេលាទឹកត្រឹមជង្គង់ ក្រុមទី៣ ទឹកត្រឹមចង្កេះក្រុមទី៤ ទឹកត្រឹមផ្ទឹត ក្រុមទី៥ ទឹកត្រឹមដោះ កុ្រមទី៦ ត្រឹមក ក្រុមទី៧ សមាទានសីលក្នុងវេលាទឹកប្រៃចូលមាត់។ លុះឲ្យសីលដល់មនុស្សទាំងអស់រួចហើយ បុរសនោះស្រែកប្រកាសថា អ្នករាល់គ្នាអ្វីទីពឹងក្រៅពីសីលរបស់ខ្លួនទេ ចូរពិចារណាសីលតែម្យ៉ាងបានហើយ ។ ពួកជនទាំង៧០០ ក៏ធ្វើមរណកាលកណ្តាលសមុទ្រនោះ បានទៅកើត នាឋានត្រៃត្រឹង្សទេវលោកទាំងអស់គ្នា ព្រោះអាស្រ័យសីល ដែលខ្លួនបានសមាទានក្នុងពេលជិតស្លាប់ ។ វិមានទាំងឡាយក៏កើតដល់ទេវបុត្រទាំងនោះជាពួកជាបន ។ វិមានមាសកំពស់១០០យោជន៍ កើតឡើងដល់ទេវបុត្រជាអាចារ្យ ចំកណ្តាលវិមានទាំងអស់ ។ វិមានយ៉ាងទាបបំផុត ត្រឹម១២យោជន៍ ។ ទេវបុត្រទាំងនោះ ពិចារណាមើលបុញ្ញកម្មក្នុងខណះដែលខ្លួនទៅកើតរួចហើយ ក៏ដឹងច្បាស់ថា សម្បត្តិដែលខ្លួនបាននេះ ព្រោះអាស្រ័យទេវបុត្រជាអាចារ្យ ទើបនាំគ្នាហោះមកសរសើរគុណអាចារ្យ ក្នុងសំណាក់ព្រះសាស្តាដោយបការៈផ្សេងៗពីគ្នា ។ អត្ថបទនេះដកស្រង់ចេញពីសៀវភៅៈ ប្រជុំជាតក វាយអត្តបទដោយៈ កញ្ញា ជា ម៉ានិត
ដោយ៥០០០ឆ្នាំ
|