Reading Article
Public date : 25, Jul 2019 (65,519 Read)
សុមនសូត្រ

|
សុមនសូត្រ
គ្រានោះ នាងសុមនារាជកុមារី មានរថ ៥០០ និង រាជកុមារី ៥០០ អង្គ ហែហមចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយប្រថាប់ ក្នុងទីសមគួរហើយ បានទូលសួរព្រះដ៏មានព្រះភាគ ក្នុងសាសនា នេះ មានសទ្ធាស្មើគ្នា មានសីលស្មើគ្នា មានបញ្ញាស្មើគ្នា ប៉ុន្តែមួយអង្គជាទាយក មួយអង្គមិនមែនជាទាយក សាវ័កទាំងនោះដល់បែកធ្លាយរាងកាយស្លាប់ទៅ ក៏ទៅកើតក្នុងសគតិសួគ៌ទេវលោក បពិត្រព្រះអង្គដ៏ចម្រើន សាវ័កទាំងពីរដែលកើតជាទេវតានោះ តើមានសេចក្តីវិសេស មានហេតុផ្សេងគ្នាដែរឬទេ ។ ព្រះដ៏មានព្រះភាគត្រាស់ថាម្នាលនាងសុមនា មានដែរ ម្នាលនាងសុមនា សាវ័កគ្របសង្កត់ទេវតាឯណោះ ដែលមិនមែនជាទាយក ដោយហេតុ៥យ៉ាងគឺ អាយុទិព្វ ១ សម្បុរទិព្វ១ សុខទិព្វ១ យសទិព្វ១ អាធិបតេយ្យទិព្វ ១ ។ ម្នាលនាងសុមនាសាវ័កគ្របសង្កត់ទេវតាឯណោះដែលមិនមែនជាទាយកដោយហេតុ៥ យ៉ាងនេះ ។ បពិត្រព្រះអង្គដ៏ចម្រើន ចុះបើទេវតាទាំងពីរនោះ ច្យុតអំពីទេវលោកនោះ មកកើតក្នុងមនុស្សលោកនេះ បពិត្រព្រះអង្គដ៏ចម្រើន បុគ្គលទាំងពីរនោះ ដែលកើតជាមនុស្សដែរឬទេ ។ ព្រះដ៏មានព្រះភាគត្រាស់ថាម្នាលនាងសុមនា មានដែរ ម្នាលនាងសុមនាបុគ្គលណា ជាទាយក បុគ្គលនោះ ដល់កើតជាមនុស្សរមែងគ្របសង្កត់បុគ្គលឯណោះ ដែលមិនមែនជាទាយក ដោយហេតុ៥ យ៉ាងគឺអាយុជារបស់មនុស្ស ១ សម្បុរ ជារបស់មនុស្ស ១ សុខជារបស់មនុស្ស១ យសជារបស់មនុស្ស១ អាធិបតេយ្យជារបស់មនុស្ស ១ ។ ម្នាលនាងសុមនា បុគ្គលណា ជាទាយក បុគ្គលនោះ ដល់មកកើតជាមនុស្ស រមែង គ្របសង្កត់បុគ្គល ឯណោះ ដែលមិនមែនជាទាយក ដោយហេតុ ៥ យ៉ាងនេ ។ បពិត្រ ព្រះអង្គដ៏ចម្រើន ចុះបើអ្នកទាំងពីរនោះ ចេញចាកផ្ទះបួស បពិត្រព្រះអង្គដ៏ចម្រើន បព្វជិតឯណោះដែលមិនមែនជាទាយក ដោយហេតុ៥ យ៉ាងគឺបើគេអង្វរ ១ បើគេអង្វរ រមែងបរិភោគបិណ្ឌបាតច្រើន បើគេមិនអង្វរ ក៏បរិភោគ បិណ្ឌបាតតិច ១ បើគេអង្វរ រមែងប្រើប្រាស់សេនាសនៈច្រើន បើគេមិនអង្វរ ក៏ប្រើប្រាស់សេនាសនៈតិច ១ បើគេអង្វរ រមែងប្រើប្រាស់គិលានប្បច្ចយភេសជ្ជបរិក្ខារច្រើន បើគេមិនអង្វរ ក៏ប្រើប្រាស់គិលានប្បច្ចយភេសជ្ជបរិក្ខារតិច ១ ប្រសិនបើរនៅជាមួយពួកសព្រហ្មចារីនា ពួកសព្រហ្មចារីនោះ រមែងរាប់អានភិក្ខុនោះ ដោយកាយកម្ម ជាទីគាប់ចិត្តច្រើន មិនជាទីគាប់ចិត្តតិច រាប់អានដោយវចីកម្ម ជាទីគាប់ចិត្តច្រើនមិនគាប់ចិត្តតិច រាប់អានដោយមនោកម្ម ជាទីគាប់ចិត្តច្រើន មិនគាប់ចិត្តតិច ១ ។ ម្នាលនាងសុមនា បុគ្គលណាជាទាយក បុគ្គលនដល់បានបួសហើយ រមែងគ្របសង្កត់បព្វជិតឯណោះ ដែលមិនមែនជាទាយក ដោយហេតុ៥ យ៉ាងនេះ ។ បពិត្រព្រះអង្គដ៏ចម្រើន ចុះបើបព្វជិតទាំងពីររូបនោះ បានសម្រេចព្រះអរហត្ត បពិត្រព្រះអង្គដ៏ចម្រើន បណ្តាបព្វជិតទាំងពីររូប ដែលបានសម្រេចព្រះអរហត្តហើយនោះ តើមានសេចក្តីវិសេស មានហេតុផ្សេងគ្នាដែរឬទេ ។ ម្នាលនាងសុមនា ត្រង់រឿងនោះ តថាគត មិនសម្តែងហេតុផ្សេងគ្នាត្រង់ចិត្តដែលរួចស្រឡះ ដោយវិមុត្តិនេះទេ ។ បពិត្រព្រះអង្គដ៏ចម្រើន អស្ចារ្យណាស់ បពិត្រព្រះអង្គដ៏ចម្រើន ចម្លែកណាស់ បពិត្រព្រះអង្គដ៏ចម្រើន បុគ្គលគួរឲ្យទានទាំងឡាយមែន គួរធ្វើបុណ្យទាំងឡាយមែន ព្រោះថា បុណ្យទាំងឡាយ ជាឧបការៈដល់អ្នកដែលកើតជាមនុស្សផង បុណ្យទាំងឡាយ ជាឧបការៈដល់អ្នកបួសផង ។ ម្នាលនាងសុមនា ហេតុនោះយ៉ាងនេះហើយ ម្នាលនាងសុមនា ហេតុនោះយ៉ាងនេះហើយ ម្នាលនាងសុមនាបុគ្គលគួរឲ្យទានទាំងឡាយ ជា ឧបការៈដល់អ្នកបួសផង ។ ព្រះដ៏មានព្រះភាគ បានត្រាស់ពាក្យនេះ លុះព្រហសុគតបានត្រាស់ពាក្យនេះហើយ ព្រះសាស្តាបានត្រាស់ពាក្យជាគាថា នេះតទៅទៀតថា យថបី ចន្ទោ វិមលោ គច្ឆំ អាកាសធាតុយា សព្វេ តារគណេ លោកេ អាតាយ អតិរោចតិ តថេវ សីលសម្បន្មោ សទ្ធោ បរិសបុគ្គលោ សព្វេ មច្ឆរិនោ លោកេ ចាគេន អតិរោចតិ ។ ព្រះចន្ទមិនមានមន្ទិល កាលចរទៅតាមអាកាសរមែងរុងរឿងលើសជាងពួកផ្កាយទាំងឡាយ ព្ធដ៏អាកាសដោយពន្លឺ (របស់ខ្លួន) យ៉ាងណាមិញ បុរសបុគ្គលមានសទ្ធាបរិបូណ៌ដោយសីល រមែងរុងរឿងជាងពួកបុគ្គលកំណាញ់ទាំងអស់ក្នុងលោកដោយចាគៈក៏យ៉ាងនោះដែរ ។ យថាបិ មេឃោ ថនយំ វិជ្ជុមាលី សតក្កកុ ថលម និន្មញ្ច បរេតិ អតីវស្សម រសុន្ធរម ឯរំ ទស្សនសម្បន្មោ សម្មាសម្ពុទ្ធស្សាវកោ មច្ឆរី អធិគ្គណ្ឌាតិ បញ្ចដ្ឋានេហិ បណ្ឌិតោ
អាយុន យសសា ចេវ វណ្ណេន ច សុខេន ច ស វេ ភោគបរិព្យឡ្ហោ បេច្ច សគ្គេ បមោទតីតិ ។ កាលមេឃប្រកបដោយផ្លេកបន្ទោរដ៏ឆ្វៀលឆ្វាត់បរិបូណ៌ដោយភ្នំទឹក ភ្លៀងក៏បង្អុរចុះមកបំពេញផែនដីដែលខ្ពស់ទាបឲ្យដពោរពេញ យ៉ាងណាមិញ សាវ័ករបស់ព្រហសម្មាសម្ពុទ្ធដែលបរិបូណ៌ដោយទស្សនៈ ជាបណ្ឌិតរមែងគ្របសង្កត់បុគ្គល អ្នកមានសេចក្តីកំណាញ់ដោយហេតុ៥ យ៉ាងគឺ អាយុ យស សម្បុរ សុខនិងអធិបតីបណ្ឌិតនោះឯង បរិបូណ៌ដោយភោគៈ ដល់ទៅលោកខាងមុខរមែងរីករាយ ក្នុងឋានសួគ៌ក៏យ៉ាងនោះដែរ ។ អដ្ឋកថាសុមនសូត្រ
បទថា សុមនា រាជកុមារី គឺជាព្រះរាជធីតានៃព្រះបាទបសេនទីកោសល មានព្រះនាមថា សុមនា ។ ដែលបានព្រះនាមដូច្នោះ ព្រោះព្រះរាជធីតាទ្រង់បានធ្វើនូវមហាសក្ការៈហើយ ទ្រង់តាំងសេចក្តីប្រាថ្នា ទុកមក ។
សេចក្តីពិស្តារ មានតាំងអំពីសាសនា នៃព្រះសម្មសម្ពុទ្ធវិបស្សី គឺ ពួកយើងគប្បីថ្វាយទានដល់សង្ឃ មានព្រះពុទ្ធជាព្រះសាស្តារបស់យើងជាប្រមុខ ។ ដោយអ្នកនគរអាស្រ័យសេនាបតីហើយធ្វើបុណ្យតាមលំដាប់ ដូច្នេះក្នុងថ្ងៃមុនដំបូងជាវារៈរបស់សេនាបតី ។ ក្នុងថ្ងៃនោះសេនាបតីត្រៀមមហាទាន ដាក់មនុស្សយាមការពារជុំវិញដោយបញ្ជាថា ថ្ងៃនេះអ្នកចូរយាមដោយប្រុងប្រយ័ត្ន គឺកុំឲ្យអ្នកណាៗ មកថ្វាយភិក្ខាឡើយ ។ ក្នុងថ្ងៃនោះ មានភរិយាលោកសេដ្ឋីម្នាក់អង្គុយយំផង និយាយទៅរកធីតារបស់ខ្លួនផងថាកូនស្រីម្តាយអើយប្រសិនបើបិតារបស់កូននៅរស់រានមានជីវិតនោះ គឺក្នុងថ្ងៃនេះ ម្តាយនឹងនិមន្តព្រះទសពលឆាន់ជាគ្រាដំបូង ។ កូនស្រីនិយាយនឹងមាតាថាបពិត្រអ្នកម៉ែ សូមអ្នកម៉ែកុំភ័យព្រួយអ្វីឡើយ កូននឹងធ្វើដោយឧបាយវិធី ដែលអាចឲ្យព្រះសង្ឃមានព្រះពុទ្ធបរមគ្រូជាប្រមុខ ឆាន់នូវភិក្ខារបស់យើងជាគ្រាដំបូង ។ ភ្លាមៗ នោះ ធីតានៃលោកសេដ្ឋី បានចាត់ចែងចង្ហាន់ដែលមិនមានទឹក គឺនិរុទកបាយាស ដាក់ចុះនៅក្នុងថាសមាស ដែលថាសមាសនោះមានតម្លៃ១ សែនរហូតពេញថាស ហើយទើបដាក់ទឹកដោះគោទឹកឃ្មុំ និង ស្ករក្រួសជាដើមលាយចូល ទើបយកថាសមួយទៀតមកគ្រប រួចហើយយកភួងផ្កាម្លិះមករៀបចំដាក់គ្របពីលើភាជនៈនោះ ឲ្យដូចជាភាជនៈផ្កាម្លិះដូច្នោះឯង ។ លុះដល់ភត្តកាល ព្រះដ៏មានព្រះភាគសេ្តចយាងព្រមដោយព្រះភិក្ខុសង្ឃ ចូលទៅកាន់ភូមិ សំដៅទៅផ្ទះសេនាបតី ។ សេដ្ឋីធីតា នាងនាំយកភាជនៈមាសដាក់ភិក្ខាគ្របដោយផ្កាម្លិះមានពួកនាងទាសីហែហមចេញអំពីផ្ទះស្កាត់ផ្លូវព្រះដ៏មានព្រះភាគ ។ នៅក្នុងរវាងផ្លូវ ពួកអ្នកយាមរបស់សេនាបតីពោលថា នែនាង ! កុំទៅផ្លូវនេះ ។ ធម្មតាអ្នកមានបុណ្យច្រើន រមែងមានពាក្យសម្តីត្រូវចិត្តអ្នកស្តាប់ នាងពោលទៅរកអ្នកយាមទាំងឡាយ ដែលចេះតែហាមហើយហាមទៀតថា លោកបង លោកពូលោកអ៊ំ ព្រោះហេតុអ្វីបានជាមិនឲ្យពួកនាងខ្ញុំចូលទៅ ? ពួកអ្នកយាមរក្សាការណ៍ ដោយបង្គាប់ថា កុំឲ្យអ្នកណាៗ នាំយកអាហារភោជនចូលមកជាដាច់ខាត ។ នាងពោលថា ក៏ពួកលោកឃើញអាហារភោជនក្នុងដៃរបស់ខ្ញុំឬ? ពួកអ្នកយាមពោលថា ឃើញតែភួងផ្កា ។ នាងសួរថា លោកសេនាបតី មិនឲ្យធ្វើសូម្បីតែការបូជាដោយភួងផ្កាឬ ? ពួកអ្នកយាមពោលថា លោកសេនាបតីអត់ហាមទេ ។ នាងពោលថា បើអីចឹង សូមលោកបើកផ្លូវទៅ ។ បានឱកាសហើយ នាងក៏ចូលទៅគាល់ព្រះដ៏មានព្រះភាគ ហើយក្រាបទូលថា បពិត្រព្រះអង្គចម្រើនសូមព្រះអង្គទ្រង់ទទួលនូវភួងផ្កាម្លិះនេះ ព្រអង្គ ។ ព្រះដ៏មានព្រភាគ ទ្រង់ទតព្រះនេត្រទៅរកអ្នកបម្រើសេនាបតីម្នាក់ ហើយត្រាស់ឲ្យទទួលភួងផ្កាម្លិះទុកតាមព្រះអង្គទៅ ។ នាងថ្វាយបង្គំព្រហបរមសាស្តាហើយ នាងតាំងសេចក្តីប្រាថ្នាថា កាលដែលខ្ញុំម្ចាស់កើតក្នុងភពតូចភពធំតទៅ សូមកុំឲ្យម្ចាស់ មានជីវិតរស់នៅដោយសេចក្តីតក់ស្លុត ឡើយ សូមឲ្យបានជាទីស្រឡាញ់ដូចភួងផ្កាម្លិះនេះនិង សូមឲ្យមានឈ្មោះថា សមនា រហូត ។ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ថា នាងចូរមានសេចក្តីសុខចុះ ។ សេដ្ឋីធីតា ថ្វាយបង្គំហើយធ្វើប្រទក្សិណព្រះដ៏មានព្រះភាគ ក្រាបទូលលាត្រឡប់ទៅផ្ទះវិញ ។ ព្រះដ៏មានព្រះភាគ ស្តេចយាងដល់ផ្ទះសេនាបតីទ្រង់គង់ប្រថាប់លើអាសនៈដែលគេក្រាលថ្វាយ សេនាបតីកាន់យកបបរយាគូបង្អោនចូលទៅថ្វាយ ព្រះបរមសាស្តា ទ្រង់យកព្រះហស្តបិទបាត្រ ។ សេនាបតីក្រាបទូលថា បពិត្រព្រះអង្គដ៏ចម្រើន ភិក្ខុទាំងឡាយ គង់រៀបរយហើយ ព្រះអង្គ ។ ព្រះដ៏មានព្រះភាគត្រាស់ថា តថាគតបានបិណ្ឌបាតក្នុងរវាងផ្លូវហើយ ។ សេនាបតីលើកភួងផ្កាម្លិះចេញបានឃើញបិណ្ឌបាត មធុបាយាសគ្រប់ល្មមដល់ភិក្ខុទាំងឡាយ ដួសថ្វាយតាំងពីព្រះដ៏មានព្រះភាគទៅ រីឯសេនាបតីបានថ្វាយនូវទេយ្យធម៌របស់ខ្លួន ។ ព្រះបរសាស្តាសោយស្រេចហើយ ទ្រង់ត្រាស់សម្តែងនូវមង្គលលកថា រួចស្តេចយាងត្រឡប់ ។ សេនាបតីសួរថា ស្រីដែលថ្វាយបិណ្ឌបាតជាអ្នកណា? កូនស្រីលោកសេដ្ឋីទានប្រោស ។ សេនាបតីគិតថា ស្រ្តីដែលមានបញ្ញាកាលដែលមកនៅក្នុងផ្ទះរបស់យើងគឺថា សគ្គសម្បត្តិរបស់បុរសមិនមែនរកបានដោយក្រទេ គិតហើយ ទើបចាត់នាំនាងបានមកតាំងទុកក្នុងតំណែងជាប្រមុខ ។ សេដ្ឋីធីតា បានមកនៅផ្ទះសេនាបតីហើយក៏ចាប់ ផ្តើមចំណាយទ្រព្យក្នុងផ្ទះរបស់មាតានិង ក្នុងផ្ទះរបស់សេនាបតី ថ្វាយទានដល់ព្រះសម្មាសម្ពុទ្ធ បំពេញបុណ្យរហូតអស់អាយុ ។ កាលដែលនាងចុតិអំពីមនុស្សបាននៅបដិសន្ធិក្នុងទេវលោកកាមាវចរសួគ៌ ។ ក្នុងខណៈដែលនាងកើតនោះឯង មានភ្លៀងផ្កាម្លិះទូទៅពេញទេវលោកត្រឹមក្បាលជង្គង់ ។ ពួកទេវតាទាំងឡាយគិតគ្នាថា ទេពធីតានេះ កាន់យកឈ្មោះរបស់ខ្លួនដោយខ្លួនឯងមក ទើបតាំងនាមទេពធីតាថា សុមនា ។ សុមនាទេពធីតា ចុតិបដិសន្ធិក្នុងទេវលោក និង មនុស្សលោករហូត៨៩ កប្បក្នុងទីដែលនាងកើតហើយនោះៗ ភ្លៀងផ្កាម្លិះក៏ធ្លាក់មកជានិច្ច ទើបមានឈ្មោះថា សុមនា ដូចដើម ។ កាលដែលនាងមកបដិសន្ធិ ក្នុងព្រះគភ៌ របស់ព្រះអគ្គហេសីនៃព្រះបាទកោសល ក្នុងថ្ងៃនោះឯង កុមារិកា ៥០០ នាក់ក៏បដិសន្ធិក្នុងត្រកូលនោះៗ ហើយប្រសូតចាកគភ៌ក្នុងថ្ងៃតែមួយជាមួយគ្នាទាំងអស់ ។ ក្នុងខណៈព្រះរាជធីតាប្រសូតនោះឯង ភ្លៀងផ្កាម្លិះចុះប្រមាណត្រឹមជង្គង់ ។ ព្រះរាជា ទតព្រះនេត្រឃើញព្រះធីតា ទ្រង់សប្បាយព្រះហឬទ័យក្រៃលែង ដោយព្រះរាជាទ្រង់ជ្រាបថា ព្រះរាជធីតានេះ ជាអ្នកមានបុណ្យបានសាងទុកមកហើយ ធីតារបស់យើងកាន់យកឈ្មោះរបស់ខ្លួនមកដោយខ្លួនឯង ទើបទ្រង់ព្រះរាជទានព្រះនាមថាសុមនា ដល់ព្រះរាជធីតារបស់ព្រះអង្គ ។ ព្រះរាជាទ្រង់ព្រះតម្រិះថា ធីតារបស់យើងប្រាកដជាមិនកើតមកម្នាក់ឯងនោះឡើយ ទ្រង់ឲ្យស្វែងរកឃើញមានទារិកា ៥០០ នាក់កើតក្នុងព្រះនគរ ទើបទ្រង់ត្រាស់ឲ្យចិញ្ចឹមទុកទាំងអស់ហើយត្រូវនាំមកបង្ហាញដល់ធីតា មាននូវព្រះជន្មវស្សា បាន៧ ខួប លោកសេដ្ឋីអនាថបិណ្ឌិត បានសាងព្រះជេតពនមហាវិហារហើយស្រេច ។ កាលដែលបានបញ្ជូនទូតទៅក្រាបទូលដល់ព្រះបរមសាស្តាហើយ ព្រះលោកនាថជាព្រះសុគតសាស្តា មានព្រះភិក្ខុសង្ឃជាបរិវារស្តេចយាងចូលកាន់ក្រុងសាវត្ថី ។ អនាថបិណ្ឌិតសេដ្ឋី បានចូលទៅក្រាបទូលដល់ព្រះរាជាថា បពិត្រព្រះមហារាជដ៏ចម្រើន ព្រះពុទ្ធដំណើរស្តេចយាងមកកាន់ទីនេះ ជាមង្គលទាំងដល់ខ្ញុំព្រះអង្គ ទាំងដល់ព្រះអង្គជាព្រះរាជា សូមព្រះអង្គទ្រង់ប្រោសឲ្យព្រះនាងសុមនារាជកុមារី ព្រមដោយកុមារីដទៃជាបរិវារ ៥០០ នាក់ កាន់ក្អមទឹកនិងផ្កាកម្រងគ្រឿងក្រអូបជាដើម ទទួលដំណើរព្រះទសពល ព្រះអង្គ ។ ព្រះរាជាទ្រង់ត្រាស់ថា ល្អហើយលោកសេដ្ឋី ហើយព្រះអង្គក៏ទ្រង់ចាត់ចែងដូច្នោះ ។ ព្រះរាជធីតា ក៏បានចូលគាល់ព្រះបរមសាស្តាសម្មាសម្ពុទ្ធ តាមពាក្យដែលព្រះបិតាទ្រង់ណែនាំ បានបូជាដោយផ្កាកម្រងនិងគ្រឿងក្រអូបជាដើម ហើយប្រថាប់នៅក្នុងទីដ៏សមគួរមួយ ។ ព្រះដ៏មានព្រះភាគ ទ្រង់តា្រស់សម្តែងព្រះធម៌ទេសនាញ៉ាំងព្រះធីតានិងកុមារីទាំង៥០០ នាក់ឲ្យតាំងនៅក្នុងសោតាបត្តិផល ។ ក្នុងរវាងផ្លូវថ្ងៃនោះ មានគ្រហស្ថបានសម្រេចសោតាបត្តិផល ២ ពាន់នាក់ ។ ព្រះនាងសុមនារាជកុមារី ចូលគាល់ព្រះដ៏មានព្រះភាគព្រោះហេតុអ្វី ? ព្រោះមានបំណងទូលសួរបញ្ហា ។ បានស្តាប់មកថា ក្នុងព្រះសាសនានៃព្រះសម្មាសម្ពុទ្ធកស្សបទពល មានភិក្ខុពីរអង្គជាសម្លាញ់នឹងគ្នា មួយអង្គបំពេញសារាណីយធម៌ (មានការចែកចាយនូវបច្ច័ ៤ ដែលខ្លួនបានមកដល់បុគ្គលដែលគួរឲ្យជាដើម ) ចំណែកមួយអង្គទៀតលោកបំពេញនូវភត្តគ្គវត្ត ( បំពេញវត្តក្នុងរោងភត្តដោយមិនបានឲ្យទាន ) ។ ភិក្ខុដែលបំពេញនូវសារាណីយធម៌ ពោលរំលឹកភិក្ខុជាសម្លាញ់ថា អ្នកដ៏មានអាយុ ឈ្មោះថាទានដែលមិនឲ្យផល រមែងមិនមានឡើយ កាលឲ្យរបស់ខ្លួនដល់អ្នកដទៃហើយសឹមបរិភោគទើបគួរ ។ ភិក្ខុដែលបំពេញនូវភត្តគ្គវត្ត តបថា អ្នកដ៏មានអាយុ អ្នកមិនដឹងទេឬ បុគ្គលដែលកាន់យកត្រឹមតែអាហារញ៉ាំងជីវិតរបស់ខ្លួនឲ្យប្រព្រឹត្តទៅបានប៉ុណ្ណោះទើបគួរ ។ ទាំងពីរអង្គ មិនអាចញ៉ាំងគ្នាឲ្យនៅក្នុងឱវាទរបស់ខ្លួនបាន ក៏បំពេញវត្តតែរៀងខ្លួនរហូតដល់ចុតិចាកភពនោះ បដិសន្ធិក្នុងទេវលោក ។ ភិក្ខុដែលបំពេញនូវសារាណីយធម៌គ្របសង្កត់នូវភិក្ខុដែលមិនបានឲ្យទានដោយធម៌ ៥ យ៉ាងក្នុងទេវលោក វិលវល់ក្នុងទេវតានិងមនុស្សអស់មួយចន្លោះព្រះពុទ្ធ ទើបកើតក្នុងក្រុងសាវត្ថី ។ អង្គដែលបំពេញនូវសារាណីយធម៌បដិសន្ធិក្នុងគភ៌ព្រះអគ្គមហេសីនៃព្រះបាទកោសល មួយអង្គទៀតបដិសន្ធិក្នុងផ្ទៃនៃស្រីបម្រើរបស់ព្រះអគ្គមហេសីនោះ ហើយប្រសូតក្នុងថ្ងៃជាមួយគ្នា ។ ក្នុងថ្ងៃដាក់ឈ្មោះ ពោលគឺថ្វាយព្រះនាមដល់ព្រះរាជបុត្រ ព្រះមាតាស្រង់ទឹកឲ្យបុត្រហើយ ដាក់បុត្រឲ្យផ្ទំក្នុងបន្ទប់ប្រកបដោយសិរី ជាមួយនឹងបុត្ររបស់ស្ត្រីអ្នកបម្រើព្រះអគ្គមហេសីនោះឯង ។ ដោយរវល់នាំគ្នាចាត់ចែងកិច្ចការខាងក្រៅបន្ទប់ ព្រះរាជបុត្របើព្រះនេត្រឡើង បានឃើញស្វេតច្ឆត្រដ៏ធំផងទីកន្លែងផ្ទំប្រកបដោយសិរីដេលគេចាត់ចែងយ៉ាងល្អផង ព្រមទាំងព្រះរាជនិវេសន៍ប្រដាប់ដោយគ្រឿងអលង្ការផង ទើបដឹងខ្លួនព្រះអង្គថា យើងកើតក្នុងព្រះរាជត្រកូល ។ ព្រះរាជបុត្រនឹកថា យើងធ្វើកម្មអ្វីហ្ន៎ ទើបកើតនៅក្នុងទីនេះដូច្នេះក៏រលឹកបាន ដោយផលនៃការបំពេញនូវសារាយធម៌ ។ ព្រះរាជបុត្រគិតទៀតថា សម្លាញ់របស់យើងកើតក្នុងទីណាហ្ន៎ ក៏បានឃើញនៅក្នុងទីដែលទាបជាងខ្លួននោះឯង ទាំងដែលបានជ្រាបថា នេះព្រោះមកអំពីមិនជឿពាក្យរបស់យើង ទើបពោលថា សម្លាញ់អ្នកមិនជឿពាក្យរបស់យើង ។ ពេលនោះ ទារកជាសម្លាញ់ក៏តបមកវិញភ្លាមថា បើអ៊ីចឹង តើវាយ៉ាងម៉េច ? ព្រះរាជបុត្រក៏បានឆ្លើយបញ្ជាក់ប្រាប់ទៅថា អ្នកមើលសម្បត្តិរបស់យើងមើល៍ យើងដេកនៅលើទីដ៏មានសិរីនៅក្រោមស្វេតច្ឆត្រ ចំណែកអ្នកវិញដេកនៅនឹងគ្រែទាបលលើកម្រាលរឹងៗ ។ ទារកជាសម្លាញ់ពោលថា អ្នកឯង កើតមាននូវមានៈ ព្រោះអាស្រ័យរបស់ហ្នឹងឬ របស់ហ្នឹង គឺគេយកសំពត់មករុំព័ទ្ធនឹងបន្ទះឬស្សី គ្រាន់តែជាបឋវីធាតុប៉ុណ្ណោះ មិនមែនទេ ឬ ។ ព្រះរាជធីតាសុមនា បានស្តាប់ពាក្យរបស់អ្នកទាំងពីរនោះហើយ ទើបគិតថា នៅជិតៗ ប្អូនប្រុសទាំងពីររបស់យើង មិនមានអ្នកណាឡើយ ក៏បានដើរចូលទៅអែបនឹងមាត់ទ្វារ បានឬពាក្យថា ធាតុដូច្នេះក៏គិតថាពាក្យថាធាតុនេះ មិនមាននៅខាងក្រៅអំពីព្រះពុទ្ធសាសនាឡើយប្អូនប្រុសរបស់យើងប្រាកដជាសមណទេវបុត្រ ។ ព្រះរាជធីតាបានគិតទៅទៀតថាបើយើងនឹងក្រាបទូលដល់ព្រះមាតាបិតាថា ទារកទាំងពីរនិយាយគ្នាយ៉ាងនេះ ព្រះបិតាជាដើមមុខតែនឹងឲ្យគេនាំយកទៅចោល ឬយ៉ាងម៉េចៗ មិនខាន ដោយយល់ថា អ្នកទាំងពីរគឺជាអមនុស្សដូច្នេះ យើងមិនប្រាប់ហេតុការណ៍នេះដល់អ្នកណាឡើយយើងនឹងទូលសួរចំពោះព្រះទសពល ដែលទ្រង់ជាព្រះបិតាវិវដ្តៈរបស់យើង ព្រះអង្គនឹងត្រាស់ប្រាប់សេចក្តីនេះឲ្យយើងបានដឹងច្បាស់ ។ សោយព្រះក្រយាពេលព្រឹកស្រេចហើយព្រះរាជធីតាក៏ចូលទៅគាល់ព្រះរាជា ជាព្រះបិតា ហើយទូលសូមការអនុញ្ញាត ដើម្បីទៅគាល់ព្រះដ៏មានព្រះភាគ ។ ព្រះរាជាត្រាស់បង្គាប់ឲ្យចាត់រថ៥០០ គ្រឿង ។ សូមបញ្ជាក់ថា នៅក្នុងជម្ពូទ្វីនេះ មានតែកុមារីបីនាក់ប៉ុណ្ណោះដែលបានរថ ៥០០ គ្រឿង អំពីសម្នាក់បិតារបស់ខ្លួន គឺព្រះនាងចុន្ទី ជាព្រះរាជធីតារបស់ព្រះបាទពិម្ពិសារ ១ នាងវិសាខា ជាធីតារបស់ធនញ្ជ័យសេដ្ឋី ១ និង ព្រះនាងសុមនារាជធីតានេះឯង ១ ។ ព្រះនាងសុមនាកាន់យកគ្រឿងក្រអូបនិងផ្កាឈើហើយ បានឈរនៅក្នុងរថរបស់ខ្លួន ដែលមានរថ ៥០០ ទៀតជាបរិវារ ធ្វើដំណើរចូលគាល់ព្រះបរមសាស្តា ដោយគិតថា យើងនឹងទូលសួរព្រះអង្គនូវបញ្ហានេហ។ (សេចក្តីតទៅ មាននៅក្នុងព្រះសូត្រខាងដើមស្រាប់ហើយ ចំពោះពាក្យថា ទស្សនសម្បន្មោ នៅក្នុងព្រះគាថាខាងចុង ព្រះអដ្ឋកថាប្រាប់ថា គឺព្រះសោតាបន្ន) ។ អត្តបទនេះដកស្រង់ចេញពីសៀវភៅៈ ទានកថា រៀបរៀងដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស វាយអត្តបទដោយៈ កញ្ញា ជា ម៉ានិត ដោយ៥០០០ឆ្នាំ |